អន្តរជាតិ
អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​យក​គំរូ​តាម​វៀតណាម​
09, Jul 2018 , 2:45 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo ចាប់ដៃនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo ចាប់ដៃនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc (រូបភាព AFP)
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​៨ ខែកក្កដា នៅតែ​អះអាងថា កូរ៉េខាងជើង​នឹងមាន​អនាគត​ភ្លឺស្វាង បើ​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​។ លោក ប៉ុ​ម​ប៉េ​អូ បាន​ប្រាប់​ឲ្យ​កូរ៉េខាងជើង​យក​គំរូ​តាម​វៀតណាម ដែល​ធ្លាប់ជា​អតីត​សត្រូវ​អាមេរិក តែ​ក្រោយមក​ក៏​ក្លាយជា​មិត្ត​របស់​អាមេរិក​វិញ ហើយ​ថែមទាំង​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​។ ការលើកឡើង​របស់លោក ប៉ុ​ម​ប៉េ​អូ នៅឯ​រដ្ឋធានី​ហាណូយ ធ្វើឡើង​ក្រោយ​ការចរចា​នៅ​ព្យុងយ៉ាង​ទទួលបាន​លទ្ធផល​ស្ដួចស្ដើង​បំផុត​។​



​នៅ​ថ្ងៃទី​៨ ខែកក្កដា ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ទៅដល់​វៀតណាម ជា​គោលដៅ​ចុងក្រោយ​នៃ​ទស្សនកិច្ច​តំបន់​អាស៊ី​។ ពី​រដ្ឋធានី​ហាណូយ លោក ប៉ុ​ម​ប៉េ​អូ ក៏បាន​ឆ្លៀត​ផ្ញើ​សារ​មួយ​ទៅកាន់​កូរ៉េខាងជើង ដោយ​លោក​បាន​ប្រាប់​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង​ជ្រើសរើស​ផ្លូវ​ដូចដែល​វៀតណាម​ធ្លាប់​ដើរ​កន្លងមក តាំងពី​ក្រីក្រ​មានឈ្មោះ​ជា​រដ្ឋ​កុម្មុយនីស្ត​រហូត​ក្លាយជា​ប្រទេសមួយ​មានការ​អភិវឌ្ឍ​ខ្លាំងក្លា​ក្នុ​តំបន់​។

​ដូច​ដឹង​ស្រាប់ អាមេរិក និង​វៀតណាម គឺជា​អតីត​សត្រូវ​ស្រួចស្រាល់​មួយ និង​ធ្លាប់ធ្វើ​សង្គ្រាម​នឹង​គ្នា​នាពេល​អតីតកាល​ផង​។ ក្រោយមក ប្រទេស​ទាំងពីរ​ក៏​ក្លាយជា​មិត្តភក្តិ​គ្នា មាន​ទំនាក់ទំនង​ល្អ​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​ពាណិជ្ជកម្ម​ទ្វេភាគី​តែម្ដង​។ ក្នុងន័យនេះ លោក ប៉ុ​ម​ប៉េ​អូ សង្ឃឹមថា ទំនាក់ទំនង​អាមេរិក​-​វៀតណាម នឹង​ក្លាយជា​គំរូ​សម្រាប់​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងជើង ដែល​អាច​កើតឡើង​នាពេលខាងមុខ​ផងដែរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ប៉ុ​ម​ប៉េ​អូ បាន​និយាយ​ចំពោះមុខ​ធុរជន​វៀតណាម ថា​៖«​ជាមួយនឹង​ភាពជា​ដៃគូ និង​វិបុលភាព​ដែល​អាមេរិក​មាន​ជាមួយ​វៀតណាម​សព្វថ្ងៃ ខ្ញុំ​មាន​សារ​មួយ​សម្រាប់​លោក​ប្រធាន គីម ជុង​អ៊ុន​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជឿថា ប្រទេស​របស់លោក​អាច​ចម្លង​វិធីសាស្ត្រ​នេះ​បាន​»​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បន្តថា អព្ភូតហេតុ​បែបនេះ​នឹង​កើតឡើង​នៅ​កូរ៉េខាងជើង​ដូចគ្នា​ដែរ​។​

​ពេលកន្លងមក អាមេរិក បាន​សន្យា​ផ្ដល់ជំនួយ​សេដ្ឋកិច្ច និង​ផ្អាក​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​មួយ គឺ​កូរ៉េខាងជើង​ត្រូវ​បោះបង់​នុយក្លេអ៊ែរ​ទាំងស្រុង​សិន​។ ក្នុងករណី​ក្រុង​ព្យុងយ៉ាង​ធ្វើតាម​ការទាមទារ​រប​ស់​អាមេរិក​បាន​មែន របប​កុម្មុយនីស្ត​មួយ​នេះ​នឹង​ក្លាយជា​មានបាន​ដូច​របប​ដឹកនាំ​ក្រុង​ហាណូយ​ដែល​ប្រកាន់​របប​ឯក​បក្ស​ដែរ​។ លោក ប៉ុ​ម​ប៉េ​អូ បាន​រំឭក​ដែរ​ថា ជម្រើស​ស្ថិតក្នុង​ដៃ​កូរ៉េខាងជើង និង​ប្រជាជន​កូរ៉េខាងជើង​ផ្ទាល់​។​

អត្ថបទទាក់ទង


​យ៉ាងណាមិញ ក្ដី​រំពឹង​ដែល​ឈានដល់​ការរំសាយ​នុយក្លេអ៊ែរ ហើយ​កូរ៉េខាងជើង​ទទួលបាន​លើកលែង​ទណ្ឌកម្ម​ជា​ថ្នូរ​នឹង​ការ​មានបាន ហាក់​នៅ​ឆ្ងាយ​នៅឡើយ ស្របពេល​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​បាន​ដើរ​លើផ្លូវ​ដ៏​លំបាក​ទៅហើយ​។ មុន​ទៅដល់​វៀតណាម លោក ប៉ុ​ម​ប៉េ​អូ បាន​ទៅ​ក្រុង​ព្យុងយ៉ាង​ដើម្បី​ជជែក​ពី​ជំហាន​បន្ត​ក្នុងការ​អនុវត្តតាម​ជំនួប​មេដឹកនាំ​នៅ​សិង្ហ​បុរី​។ ប៉ុន្តែ​ក្រោយ​កិច្ចប្រជុំ ភាគី​ទាំងពីរ​បែរជា​បង្ហាញ​ជំហរ​ខុសគ្នា​ស្រឡះ ហើយ​កូរ៉េខាងជើង​ថែមទាំង​រិះគន់​អាមេរិក​ខ្លាំង​ទៀតផង​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  វៀតណាម​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ
© រក្សាសិទ្ធិដោយ thmeythmey.com