រថយន្ត
អន្តរជាតិ
ទីផ្សារ​រថយន្ត​នៅ​រុស្ស៊ី មាន​កំណើន​យឺត ដោយ​អតិថិជន​ភាគច្រើន​ផ្តោតលើ World Cup
09, Jul 2018 , 8:19 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ធីតា
​ការលក់​រថយន្ត​នៅ​រុស្ស៊ី បាន​ធ្លាក់ចុះ ខណៈ​ប្រទេសមួយ​នេះ​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ពិភពលោក (FIFA World Cup 2018)​។ បើតាម​ការបញ្ជា​ក់រប​ស់​សមាគម​ពាណិជ្ជកម្ម​អឺរ៉ុប (AEB) ការលក់​មាន​កំណើន​យ៉ាង​យឺត ពោលគឺ​ត្រឹម​១០.៨​ភាគរយ​នៅ​ខែមិថុនា ខណៈ​ខែឧសភា មាន​១៨​ភាគរយ​។​



FIFA World Cup 2018 ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៤ ខែមិថុនា ដល់​ថ្ងៃទី​១៥ ខែកក្កដា នៅ​ក្រុង​សំខាន់​ចំនួន​១១ ក្នុងនោះ​មាន​មូ​ស្គូ សូ​ជី និង Saint Petersburg ជាដើម​។ «​ការបញ្ជាទិញ​នា​អំឡុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នេះ មានការ​ថយចុះ ដោយសារ​អតិថិជន​ដ៏​មាន​សក្តានុពល​ភាគច្រើន​ផ្តោតអារម្មណ៍​ទៅលើ​បាល់ទាត់​ជាង​»​។ លោក Sergey Udalov នាយក​ប្រតិបត្តិ​ភ្នាក់ងារ​ប្រឹក្សា​ផ្នែក​យានយន្ត Autostat បាន​អះអាង​យ៉ាង​ដូច្នេះ​។​

​របាយការណ៍​របស់​ស​មា​គម​ពាណិជ្ជកម្ម​អឺរ៉ុប (AEB) ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​បង្ហាញថា រថយន្ត​ថ្មី​ប្រមាណ​១៥៦ ៣៥១​គ្រឿង ត្រូវបាន​លក់ដាច់​នៅក្នុង​ប្រទេស​រុស្ស៊ី នា​អំឡុង​ខែមិថុនា​។ លោក Joerg Schreiber មន្ត្រីជាន់ខ្ពស់​ម្នាក់​រប​ស់ AEB បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​៖ «​ទោះបី​កំណើន​យឺត ប៉ុន្តែ​វា​នៅតែមាន​ការកើនឡើង​១១​ភាគរយ ដែលជា​លទ្ធផល​អា​ចទ​ទួល​យកបាន​»​។​

​លោក​បាន​បន្ថែមថា​៖ «​ជារួម ពាក់កណ្តាល​ឆ្នាំ​២០១៨ ទីផ្សារ​យានយន្ត​នៅ​រុស្ស៊ី ដំណើរការ​ដោយ​ជោគជ័យ ពីព្រោះ​ហេតុផល​នៃ​ការកើនឡើង​យឺត​យើង​អាច​ទទួលយកបាន ហើយ​រំពឹងថា ផល​វិជ្ជមាន​នឹង​បន្ត​កើតឡើង​នា​ខែ​ខាង​មុខជា​បន្តបន្ទាប់​»​។​

​បើតាម AEB ការលក់​ចេញ​នៅ​ពាក់កណ្តាល​ឆ្នាំមាន​ការកើនឡើង​ជាម​ធ្យ​ម​១៨.២​ភាគរយ ដែលមាន​រថយន្ត​ចំនួន​៨៤៩ ២២១​គ្រឿង​។ ក្រោយ​ព្រឹត្តិការណ៍ World Cup អ្នកជំនាញ​ជឿថា ទីផ្សារ​យានយន្ត​នៅ​រុស្ស៊ី នឹង​រើប​ឡើងវិញ បើទោះបីជា​មានការ​តម្លើង​ពន្ធ​ខ្ពស់​ក៏ដោយ​៕


Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com