ជាតិ
បោះឆ្នោត
រដ្ឋាភិបាល និង​រដ្ឋសភា​នីតិកាល​ទី​៥ ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃនេះ ដោយ​អនុម័ត​ច្បាប់​បាន​ជាង​១០០
09, Jul 2018 , 9:59 pm        
រូបភាព
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា
ដោយ:
​ភ្នំពេញ​៖ គិត​មកដល់​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ រដ្ឋសភា​កម្ពុជា បានបញ្ចប់​នីតិកាល​របស់ខ្លួន​ហើយ​។ រយៈពេល​៥​ឆ្នាំ​នៃ​នីតិកាល​របស់​រដ្ឋសភា បានអនុម័ត​សេចក្ដីព្រាងច្បាប់ និង​សេចក្ដីស្នើច្បាប់​ចំនួន​១០៩​។ នីតិកាល​ទី​៦​របស់​រដ្ឋសភា នឹង​ចូល​មកដល់ បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ត្រូវបាន​បញ្ចប់​។​



​រដ្ឋសភា​នីតិកាល​៥ ត្រូវបាន​បញ្ចប់​ហើយ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​។ ចំណែក រដ្ឋាភិបាល​អាណត្តិ​ទី​៥ ក៏ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​នេះដែរ​។

​ទោះជា​នីតិកាល ត្រូវបាន​បញ្ចប់​ក្តី ប៉ុន្តែ​រាល់​ការងារ​ប្រចាំថ្ងៃ នៅ​ដំណើរការ​ដដែល រហូត​ទាល់តែ​បង្កើត​រដ្ឋសភា​ថ្មី​សម្រាប់​នីតិកាល​ទី​៦​រួច  ទើប​រដ្ឋសភា​ចាស់ អស់​តួនាទី​។ បើតាម​ការបញ្ជាក់​ពី​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា នៅក្នុង​អំឡុងពេល​អស់​នីតិកាល ឬ​ដំណាក់កាល​ចាំផ្ទះ​នេះ រដ្ឋសភា និង​រដ្ឋាភិបាល មិន​អាចមាន​កិច្ចប្រជុំ ស្នើ ឬ​សម្រេច​សេចក្ដីព្រាងច្បាប់​ណាមួយ​ឡើយ​។​

​លោក ឡេង ប៉េងឡុង បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋសភា ចប់​នីតិកាល ប៉ុន្តែ​មិនទាន់​ចប់​ភារកិច្ច​ទេ ព្រោះថា សភា​ចាស់​ចប់​ភារកិច្ច លុះត្រាតែ​សភា​ថ្មី​កាន់តំណែង រដ្ឋាភិបាល​ក៏​ដូចគ្នា​។ ឥឡូវ ប្រជុំ​មិនបាន​ទេ តែ​អាចធ្វើ​កិច្ចការងារ​រដ្ឋបាល​ប្រចាំថ្ងៃ ឯ​រដ្ឋាភិបាល​ក៏​ដូច្នេះ​ដែរ​»​។​

​នៅក្នុង​នីតិកាល​នៃ​ការគ្រប់គ្រង​រដ្ឋសភា អ្នកនាំពាក្យ​ខាងលើ បាន​ឲ្យ​ដឹងថា រដ្ឋសភា និង​រដ្ឋាភិបាល មិនមាន​ឧបសគ្គ​អ្វី​ឡើយ ដោយ​ដំណើរការបាន​រលូត ទៅតាម​លទ្ធិប្រជាធិបតេយ្យ​។ ជាការ​កត់សម្គាល់ រយៈពេល​៥​ឆ្នាំ​នៃ​នីតិកាល​ទី​៥ រដ្ឋសភា​បាន អនុម័ត​បាន​សេចក្ដីព្រាងច្បាប់ និង​សេចក្ដីស្នើច្បាប់​ចំនួន​១០៩​។​

​សូមបញ្ជាក់ថា រដ្ឋសភា ដែល​ផុត​នីតិកាល​ទី​៥​នេះ បាន​បើក​កិច្ចប្រជុំ​ដំបូង​ក្រោម​ព្រះរាជ​វត្តមាន​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣​។ ចំណែក​ក្រុមតំណាងរាស្ត្រ ក៏បាន​ចូលធ្វើ​សច្ចាប្រណិធាន នៅ​ព្រះបរមរាជវាំង ដើម្បី​ចូលកាន់​តំណែង​នៅ​ថ្ងៃ​តែមួយ​នេះដែរ​៕



Tag:
 រដ្ឋសភា​
 ​អាណត្តិ​ទី​៥
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com