អន្តរជាតិ
នាយករដ្ឋមន្ត្រី អា​បេ លុបចោល​ទស្សនកិច្ច​នៅ​បរទេស​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ក្នុងស្រុក​
09, Jul 2018 , 6:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ បាន​លុបចោល​ទស្សនកិច្ច​នៅ​បរទេស ដើម្បី​តាមដាន​ស្ថានការណ៍​ទឹកជំនន់​ទឹកភ្លៀង​ដែល​កំពុង​វាយប្រហារ​ផ្នែក​ជាច្រើន​នៃ​តំបន់​ភាគ​កណ្តាល និង​ខាងលិច​ប្រទេស​ជប៉ុន​។ មកទល់​ថ្ងៃទី​៩ ខែកក្កដា មនុស្ស​ច្រើនជាង​១០០​នាក់​បាន​បាត់​បង់ជីវិត ឬ​បាត់​ខ្លួន​ក្នុង​គ្រោះធម្មជាតិ​ដ៏​ខ្លាំង​មួយ​នេះ​។ ក្រោយ​សម្រេចចិត្ត​មិន​ទៅ​បរទេស លោក អា​បេ នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​រងគ្រោះ​ខ្លាំង​ផងដែរ​។​



​ក្រុម​ជួយសង្គ្រោះ និង​កងកម្លាំង​ទាហាន​ជប៉ុន​កំពុង​បន្ត​ឈ្មុសឈ្មុល​ដើម្បី​ឆ្លង​កាត់ទឹក និង​ភក់​ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​ដែល​ប្រឈម​គ្រោះថ្នាក់ និង​កំពុង​បាត់​ខ្លួន​។ ខណៈ​ស្ថាន​ភាពមិន​អំណោយផល ក្រុម​ជួយសង្គ្រោះ​ទាំងអស់​ត្រឹម​អាច​ប្រើប្រាស់​ទូក និង​ឧទ្ធម្ភាគចក្រ​ប៉ុណ្ណោះ​ដើម្បី​ជួយ​រំដោះប្រជាជន​ដែល​រងគ្រោះ​។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ក៏បាន​សម្រេចចិត្ត​លុបចោល​ដំណើរ​ទៅកាន់​ប្រទេស​ចំនួន​៤ ផង​។​

​តាម​គម្រោង លោក អា​បេ នឹង​ចាក​ចេញពី​ជប៉ុន​នៅ​ថ្ងៃទី​១១ ខែកក្កដា ដើម្បី​ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​បែលហ្ស៊ិក បារាំង អា​រា​ប៊ី​សា​អូឌីត និង​អេ​ហ្ស៊ី​ប​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo លោក អា​បេ បាន​ប្រាប់​មន្ត្រីជាន់ខ្ពស់​បក្សរ​បស់​លោក​ថា លោក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការលុបចោល​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​ឡើយ ខណៈ​ស្ថានភាព​ក្នុងប្រទេស​នៅតែ​ធ្ងន់ធ្ងរ​ដដែល​។

​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ ក្រុម​សង្គ្រោះ ប៉ូលិស និង​ទាហាន​សរុប​ទាំងអស់ ៧៥០០០​នាក់ ក៏ដូចជា​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង ត្រូវបាន​គេ​ពង្រាយ​ទៅកាន់​តំបន់​រងគ្រោះ​ដើម្បី​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​នេះ​។ ការវាយតម្លៃ​ពី​ការខូចខាត និង​ការបាត់​បង់ជីវិត​មនុស្ស​បានក្លាយ​ជា​រឿង​ដ៏​លំបាក ព្រោះ​ទឹកជំនន់​បាន​រីក​រាលដាល​ទៅកាន់​ជាច្រើន ហើយ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ដដែល​។ ហ៊ី​រ៉ូ​ស៊ី​ម៉ា ជា​តំបន់​រងគ្រោះ​ខ្លាំងជាងគេ​បំផុត​។​

​តាមពិតទៅ ចំនួន​ប្រជាជន​ដែល​បាត់បង់​ជីវិត​បន្ត​កើនឡើង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុងក្រោយ​នេះ​។ ប្រជាជន​ជប៉ុន​ប្រហែល ១,៥ លាន​នាក់​ត្រូវ​ជម្លៀស​ចេញពី​លំនៅដ្ឋាន ខណៈ ៣​លាន​នាក់​ផ្សេងទៀត​ត្រូវ​អាជ្ញាធរ​ណែនាំ​ឲ្យ​ត្រៀមខ្លួន​ចាកចេញ​ដូចគ្នា​ដែរ​។ ស្ថានភាព​កាន់តែ​ដុនដាប​ខ្លាំង​ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​ឡើងទៅ​លើដំបូល​ផ្ទះ​ដើម្បី​គេច​ផុតពី​ការកើនឡើង​នៃ​កម្រិត​ទឹកជំនន់ និង​រង់ចាំ​ការជួយ​សង្គ្រោះ​ផងដែរ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ខ្លះទៀត​បាន​ផ្សាយ​ថា លោក អា​បេ គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​បែលហ្ស៊ិក​នៅក្នុង​សប្ដាហ៍ ជាទី​ដែល​លោក​គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែលមាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​លោក​នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​តំបន់​រងគ្រោះ​វិញ​សំដៅ​តាមដាន​ឲ្យ​ច្បាស់លាស់​ពី​ស្ថានការណ៍​ទឹ​ជំនន់​ដ៏​ធំ​មួយ​នេះ​៕


Tag:
 ជប៉ុន​
  ស៊ីន​ហ្សូ អា​បេ​
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com