ជាតិ
សង្គមជាតិ
ស្ត្រីខ្មែរ១៦នាក់ ដែលរងគ្រោះនៅបរទេស ត្រូវបានជួយឲ្យមកកម្ពុជាវិញ
× ស្ថានតំណាងកម្ពុជា បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសចិន វៀតណាម ថៃ និងអារ៉ាប៊ីសាអូឌីត ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរ ១៦នាក់ ឲ្យបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ ពួកគេ បានមកដល់កម្ពុជាអស់ហើយ ដោយគិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងចំណោមស្ត្រីខ្មែរ ដែលរងគ្រោះទាំង១៦នាក់ មាន៨នាក់ ត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ នៅក្នុងប្រទេសចិន។ រីឯ ស្ត្រី៤នាក់ ត្រូវបានមេខ្យល់បោកបញ្ឆោតបម្រុងយកទៅរៀបការជាមួយបុរសជនជាតិចិន ដោយឆ្លងកាត់ប្រទេសវៀតណាម។
ចំណែក ៣នាក់ទៀត ដែលជាអនីតិជន (ក្រោមអាយុ១៨ឆ្នាំ) បានរងគ្រោះដោយការជួញដូរមនុស្ស តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទៅប្រទេសថៃ។ សម្រាប់១នាក់ទៀត បម្រើការជាមេផ្ទះ នៅប្រទេសអារ៉ាប៊ីសាអូឌីត៕
© រក្សាសិទ្ធិដោយ thmeythmey.com