ជាតិ
បោះឆ្នោត
គ​.​ជ​.​ប ហាម​បក្សនយោបាយ​បំពង​សំឡេង​ឃោសនា នៅក្បែរ​មន្ទីរ​ពេទ្យ និង​សាលារៀន​
09, Jul 2018 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​រំឭក​ជាថ្មី ដល់​គណបក្សនយោបាយ ពី​បម្រាម​ឃោសនា ក្នុងការ​បំពង​សំឡេង​ខ្លាំងៗ នៅក្បែរ​មន្ទី​រពេទ្យ និង​សាលារៀន ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកជំងឺ និង​ការសិក្សា​របស់​សិស្ស និង​និស្សិត​។ គ​.​ជ​.​ប ស្នើ​ឲ្យ​គ្រប់​គណបក្សនយោបាយ​អ​នុ​វត្ត​បម្រាម​នេះ ឲ្យ​បាន​ត្រឹមត្រូវ​។​



​គិត​ត្រឹម​ថ្ងៃនេះ ការឃោសនាបោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​គ្មាន​បញ្ហា​វិវាទ​កើតឡើង​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា ដែល​បាន​បន្ថែមថា គ្រប់​គណបក្សនយោបាយ​នីមួយៗ ហាក់​មាន​ភាពចាស់ទុំ និង​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នាច្រើន ក្នុងការ​ឃោសនាបោះឆ្នោត​នេះ​។ បើតាម​លោក ហង្ស ពុទ្ធា គ​.​ជ​.​ប មិនទាន់​ទទួលបាន​បណ្ដឹង​ណាមួយ ពី​ភាគី​នយោបាយ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នៅឡើយ​ទេ​។​

​ដ្បិត​ការឃោសនាបោះឆ្នោត​៣​ថ្ងៃនេះ ដំណើរ​ការល្អ​ក្តី ប៉ុន្តែ​ការអនុវត្ត​តាម​បម្រាម​របស់​គ​.​ជ​.​ប មិនទាន់បាន​ពេញលេញ​ឡើយ​។ នោះ​ក៏​ព្រោះតែ​ពួកគេ នៅតែ​ធ្វើ​សកម្មភាព​ឃោសនា ដោយ​ប្រើ​ឧគ្ឃោសនាសព្ទ បើក​សំឡេង​ខ្លាំង​នៅក្បែរ​មន្ទីរ​ពេទ្យ និង​សាលារៀន ឬ​គ្រឹះស្ថានសិក្សា ព្រោះ​វា​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកជំងឺ និង​ការសិក្សា​របស់​សិស្ស និង​និស្សិត​ដែល​កំពុង​សិក្សា​ជាដើម​។ នេះ​បើតាម​លោក ហង្ស ពុទ្ធា ដែល​ស្នើ​ឲ្យ​គ្រប់​គណបក្សនយោបាយ​អ​នុ​វត្ត​បម្រាម​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​។​

អត្ថបទទាក់ទង


​គណបក្សនយោបាយ​ទាំងអស់​ប្រកាន់យក​ជំហរ​ចាស់ទុំ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដោយ​មិនត្រូវ​ប្រើប្រាស់​ពាក្យសម្ដី​អសុរោះ ទៅលើ​គណបក្សនយោបាយ​ដទៃ​ឡើយ ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​គ្នា​។​ នេះជាការបញ្ជាក់របស់គ.ជ.ប។

​គួរ​បញ្ជាក់ថា ការឃោសនាបោះឆ្នោត នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​៧ ដល់​២៧ កក្កដា ខាងមុខ​។ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២៩ កក្កដា ដោយមាន​គណបក្សនយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​គ្នា​៕


Tag:
 ហង្ស ពុទ្ធា​
  គ​.​ជ​.​ប​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com