ជាតិ
បោះឆ្នោត
គ.ជ.ប ហាមបក្សនយោបាយបំពងសំឡេងឃោសនា នៅក្បែរមន្ទីរពេទ្យ និងសាលារៀន
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរំឭកជាថ្មី ដល់គណបក្សនយោបាយ ពីបម្រាមឃោសនា ក្នុងការបំពងសំឡេងខ្លាំងៗ នៅក្បែរមន្ទីរពេទ្យ និងសាលារៀន ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកជំងឺ និងការសិក្សារបស់សិស្ស និងនិស្សិត។ គ.ជ.ប ស្នើឲ្យគ្រប់គណបក្សនយោបាយអនុវត្តបម្រាមនេះ ឲ្យបានត្រឹមត្រូវ។
គិតត្រឹមថ្ងៃនេះ ការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ហើយគ្មានបញ្ហាវិវាទកើតឡើងនោះទេ។ នេះជាការបញ្ជាក់របស់លោក ហង្ស ពុទ្ធា ដែលបានបន្ថែមថា គ្រប់គណបក្សនយោបាយនីមួយៗ ហាក់មានភាពចាស់ទុំ និងចេះយោគយល់អធ្យាស្រ័យគ្នាច្រើន ក្នុងការឃោសនាបោះឆ្នោតនេះ។ បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប មិនទាន់ទទួលបានបណ្ដឹងណាមួយ ពីភាគីនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឡើយទេ។
ដ្បិតការឃោសនាបោះឆ្នោត៣ថ្ងៃនេះ ដំណើរការល្អក្តី ប៉ុន្តែការអនុវត្តតាមបម្រាមរបស់គ.ជ.ប មិនទាន់បានពេញលេញឡើយ។ នោះក៏ព្រោះតែពួកគេ នៅតែធ្វើសកម្មភាពឃោសនា ដោយប្រើឧគ្ឃោសនាសព្ទ បើកសំឡេងខ្លាំងនៅក្បែរមន្ទីរពេទ្យ និងសាលារៀន ឬគ្រឹះស្ថានសិក្សា ព្រោះវាប៉ះពាល់ដល់អារម្មណ៍អ្នកជំងឺ និងការសិក្សារបស់សិស្ស និងនិស្សិតដែលកំពុងសិក្សាជាដើម។ នេះបើតាមលោក ហង្ស ពុទ្ធា ដែលស្នើឲ្យគ្រប់គណបក្សនយោបាយអនុវត្តបម្រាមនេះឲ្យបានត្រឹមត្រូវ។
គណបក្សនយោបាយទាំងអស់ប្រកាន់យកជំហរចាស់ទុំ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយមិនត្រូវប្រើប្រាស់ពាក្យសម្ដីអសុរោះ ទៅលើគណបក្សនយោបាយដទៃឡើយ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា។ នេះជាការបញ្ជាក់របស់គ.ជ.ប។
គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៧ ដល់២៧ កក្កដា ខាងមុខ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នឹងរៀបចំឡើងនៅថ្ងៃទី២៩ កក្កដា ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែងគ្នា៕
Tag:
ហង្ស ពុទ្ធា
គ.ជ.ប
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com