ជាតិ
បោះឆ្នោត
ការស្លាប់លោក កែម ឡី៖ GDP រម្លឹកខួប២ឆ្នាំ ខណៈមេបក្សខ្មែរតែមួយ រៀបជាលក្ខណៈគ្រួសារ
× ភ្នំពេញ៖ ថ្ងៃនេះ ជាខួបពីរឆ្នាំនៃការស្លាប់របស់លោក កែម ឡី អ្នកស្រាវជ្រាវ និងវិភាគអ្នកនយោបាយដ៏ល្បីម្នាក់នៅកម្ពុជា។ ខួបពីរឆ្នាំរបស់លោក កែម ឡី ត្រូវបានអ្នកជិតស្និទ្ធ និងក្រុមគ្រួសាររៀបចំពិធីបង្សុកូលតាមប្រពៃណី នៅតាមទីតាំងផ្សេងៗគ្នា។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រារព្ធពិធីរម្លឹកខួបនៅទីតាំងស្លាប់ ខណៈគ្រួសារសពលោក កែម ឡី បានរៀបចំនៅទឹកដីខេត្តតាកែវ ។
ថ្ងៃនេះ ពីរឆ្នាំមុន (១០ កក្កដា ២០១៦-១០ កក្កដា ២០១៨) អ្នកវិភាគនយោបាយលោក កែម ឡី ត្រូវបានឃាតករបាញ់ពីក្រោយជាច្រើនគ្រាប់ ខណៈលោកកំពុងអង្គុយនៅក្នុងស្ដាម៉ាតមួយ នាកន្លែងស្ថានីយសាំង Caltex ក្បែរស្ដុបបូកគោ។ ឃាតករនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗផងដែរ។ ២ឆ្នាំមកនេះក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ នៅតែសោកស្ដាយលោក កែម ឡី ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលភាគច្រើនជាក្រុមបណ្ឌិត និងជាមិត្តភក្តិជិតស្និទ្ធលោក កែម ឡី នាំគ្នាហែក្បួនពីទីស្នាក់ការបក្ស ទៅប្រារព្វពិធីរម្លឹកខួបតូចមួយ នៃការស្លាប់របស់លោក កែម ឡី នៅទីតាំងដែលឃាតករបាញ់សម្លាប់ នៅក្បែរស្ដុបបូកគោ។ គោលបំណងនៃការរៀបចំពិធីនេះ គឺដើម្បីរម្លឹកដល់វីរៈភាពរបស់លោក កែម ឡី កាលនៅរស់នៅ ក្នុងការវិភាគពីបញ្ហាសង្គម និងនយោបាយ ដើម្បីផ្ដល់ជាយោបល់ក្នុងការរកដំណោះស្រាយអភិវឌ្ឍន៍ប្រទេស។
ក្រៅពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ ក្រុមគ្រួសារសពលោក កែម ឡី ក៏មានរៀបចំពិធីបង្សុកូលធំមួយ ជូនដល់វិញ្ញាណក្ខន្ធលោក កែម ឡី នៅស្រុកកំណើត ក្នុងទឹកដីខេត្តតាកែវ។ ប្អូនប្រុសលោក កែម ឡី ដែលជាប្រធានគណបក្សខ្មែរតែមួយ បាននិយាយថា គ្រួសារលោករៀបចំពិធីនេះ ក្នុងគោលបំណងឲ្យសាច់ញាតិ និងអ្នកស្រលាញ់ចូលចិត្តលោក កែម ឡី ចូលរួមរម្លឹកខួបនេះ ប៉ុន្តែមិនមែនក្នុងន័យទាញយកផលប្រយោជន៍សម្រាប់គណបក្សខ្លួនឡើយ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក កែម រិទ្ធិសិត បាននិយាយដូច្នេះថា៖«យើងរៀបចំជាលក្ខណៈគ្រួសារ ដោយឲ្យមានសាច់ញាតិក្នុងភូមិ ឬអ្នកគាំទ្រលោក កែម ឡី ពីក្នុង និងក្រៅប្រទេសចូលរួម នៅម៉ោង២រសៀលនេះ ហើយបញ្ចប់ពិធីបង្សុកូលនៅព្រឹកថ្ងៃ១១ កក្កដា។ យើងមិនធ្វើក្នុងនាមជាគណបក្សទេ ព្រោះកុំឲ្យគេថា ឬរិះគន់ (កេងចំណេញនយោបាយ) គណបក្សយើង។ ហើយគណបក្សខ្ញុំ ឲ្យសមាជិកដឹកនាំឃោសនាបោះឆ្នោតជាធម្មតានៅថ្ងៃនេះ»។
លោក កែម រិទ្ធិសិត មិនទាន់អស់ចិត្តចំពោះការស្លាប់របស់លោក កែម ឡី ឡើយ បើទោះជាឃាតករ ត្រូវបានចាប់ខ្លួនយកមកកាត់ទោសហើយក្តី។ នៅក្នុងចិត្តរបស់លោក កែម រិទ្ធិសិត បានកំណត់ថា បើគណបក្សលោកឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល លោកនឹងបើកការសង្កេតលើករណីស្លាប់របស់បងប្រុសខ្លួនឡើងវិញ ដើម្បីរកមុខអ្នកនៅពីក្រោយខ្នងឃាតកម្មនេះ។
កន្លងមកភរិយាសពលោក កែម ឡី ធ្លាប់ស្នើឲ្យគណបក្សខ្មែរតែមួយ ប្រឹងរកសំឡេងឆ្នោតតាមសមត្ថភាពល្អជាងប្រើឈ្មោះលោក កែម ឡី ទៅឃោសនារកសន្លឹកឆ្នោត ដែលនាំឲ្យប៉ះពាល់កិត្តិយសក្រុមគ្រួសារអ្នកស្រី។ លោកស្រី រចនា ស្នើឲ្យគណបក្សខ្មែរតែមួយ បញ្ឈប់សកម្មភាពឃោសនារកអ្នកគាំទ្រ ដោយប្រើឈ្មោះលោក កែម ឡី បន្តទៀត។
គិតមកដល់ពេលនេះ គឺមានរយៈពេល២ឆ្នាំហើយ ដែលលោក កែម ឡី បានទទួលមរណភាព ដោយសារឃាតករបាញសម្លាប់ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅក្នុងស្ដាម៉ាត ក្បែស្តុបបូកគោ ។ ឃាតករ ត្រូវបានគេស្គាល់ឈ្មោះថា ជួប សម្លាប់ ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស៕
© រក្សាសិទ្ធិដោយ thmeythmey.com