ជាតិ
បោះឆ្នោត
ការស្លាប់​លោក កែម ឡី​៖ GDP រម្លឹក​ខួប​២​ឆ្នាំ ខណៈ​មេបក្ស​ខ្មែរ​តែមួយ រៀប​ជា​លក្ខណៈ​គ្រួសារ​
10, Jul 2018 , 11:37 am        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃនេះ ជា​ខួប​ពីរ​ឆ្នាំ​នៃ​ការស្លាប់​របស់លោក កែម ឡី អ្នកស្រាវជ្រាវ និង​វិភាគ​អ្នកនយោបាយ​ដ៏​ល្បី​ម្នា​ក់នៅ​កម្ពុជា​។ ខួប​ពីរ​ឆ្នាំ​របស់លោក កែម ឡី ត្រូវបាន​អ្នក​ជិតស្និទ្ធ និង​ក្រុមគ្រួសារ​រៀបចំ​ពិធី​បង្សុកូល​តាម​ប្រពៃណី នៅតាម​ទីតាំង​ផ្សេងៗ​គ្នា​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ប្រារព្ធ​ពិធី​រម្លឹក​ខួប​នៅ​ទីតាំង​ស្លាប់ ខណៈ​គ្រួសារ​សព​លោក កែម ឡី បានរៀបចំ​នៅ​ទឹកដី​ខេត្តតាកែវ ។



​ថ្ងៃនេះ ពីរ​ឆ្នាំមុន (១០ កក្កដា ២០១៦-១០ កក្កដា ២០១៨) អ្នកវិភាគ​នយោបាយ​លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់​ពីក្រោយ​ជាច្រើន​គ្រាប់ ខណៈ​លោក​កំពុង​អង្គុយ​នៅក្នុង​ស្ដា​ម៉ា​ត​មួយ នា​កន្លែង​ស្ថានីយសាំង Caltex ក្បែរ​ស្ដុ​ប​បូកគោ​។ ឃាតករ​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ​ផងដែរ​។ ២​ឆ្នាំ​មកនេះ​ក្រុមគ្រួសារ និង​មិត្តភក្តិ​ជិតស្និទ្ធ នៅតែ​សោកស្ដាយ​លោក កែម ឡី ។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ភាគច្រើន​ជា​ក្រុម​បណ្ឌិត និង​ជា​មិត្តភក្តិ​ជិតស្និទ្ធ​លោក កែម ឡី នាំគ្នា​ហែ​ក្បួន​ពី​ទី​ស្នាក់​ការបក្ស ទៅ​ប្រារព្វ​ពិធី​រម្លឹក​ខួប​តូច​មួយ នៃ​ការស្លាប់​របស់លោក កែម ឡី នៅ​ទីតាំង​ដែល​ឃាតករ​បាញ់សម្លាប់ នៅក្បែរ​ស្ដុ​ប​បូកគោ​។ គោលបំណង​នៃ​ការរៀបចំ​ពិធី​នេះ គឺ​ដើម្បី​រម្លឹក​ដល់​វីរៈភាព​របស់លោក កែម ឡី កាល​នៅ​រស់នៅ ក្នុងការ​វិភាគ​ពី​បញ្ហា​សង្គម និង​នយោបាយ ដើម្បី​ផ្ដល់​ជា​យោបល់​ក្នុង​ការរក​ដំណោះស្រាយ​អភិវឌ្ឍន៍​ប្រទេស​។​

​ក្រៅពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ ក្រុមគ្រួសារ​សព​លោក កែម ឡី ក៏មាន​រៀបចំ​ពិធី​បង្សុកូល​ធំ​មួយ ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅ​ស្រុកកំណើត ក្នុង​ទឹកដី​ខេត្តតាកែវ​។ ប្អូនប្រុស​លោក កែម ឡី ដែលជា​ប្រធាន​គណបក្ស​ខ្មែរ​តែមួយ បាន​និយាយថា គ្រួសារលោករៀបចំ​ពិធី​នេះ ក្នុង​គោលបំណង​ឲ្យ​សាច់ញាតិ និង​អ្នក​ស្រលាញ់​ចូលចិត្ត​លោក កែម ឡី ចូលរួម​រម្លឹក​ខួប​នេះ ប៉ុន្តែ​មិនមែន​ក្នុងន័យ​ទាញយក​ផលប្រយោជន៍​សម្រាប់​គណ​បក្ស​ខ្លួន​ឡើយ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក កែម រិ​ទ្ធិ​សិត បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​រៀបចំ​ជា​លក្ខណៈ​គ្រួសារ ដោយ​ឲ្យ​មាន​សាច់ញាតិ​ក្នុងភូមិ ឬ​អ្នកគាំទ្រ​លោក កែម ឡី ពី​ក្នុង និង​ក្រៅប្រទេស​ចូលរួម នៅ​ម៉ោង​២​រសៀល​នេះ ហើយ​បញ្ចប់​ពិធី​បង្សុកូល​នៅ​ព្រឹក​ថ្ងៃ​១១ កក្កដា​។ យើង​មិន​ធ្វើ​ក្នុងនាម​ជា​គណបក្ស​ទេ ព្រោះ​កុំ​ឲ្យ​គេ​ថា ឬ​រិះគន់ (​កេងចំណេញ​នយោបាយ​) គណបក្ស​យើង​។ ហើយ​គណបក្ស​ខ្ញុំ ឲ្យ​សមាជិក​ដឹកនាំ​ឃោសនាបោះឆ្នោត​ជាធម្មតានៅថ្ងៃនេះ​»​។​

​លោក កែម រិ​ទ្ធិ​សិត មិនទាន់​អស់ចិត្ត​ចំពោះ​ការស្លាប់​របស់លោក កែម ឡី ឡើយ បើទោះជា​ឃាតករ ត្រូវបាន​ចាប់ខ្លួន​យកមក​កាត់ទោស​ហើយ​ក្តី​។ នៅក្នុង​ចិត្ត​របស់លោក កែម រិ​ទ្ធិ​សិត បាន​កំណត់ថា បើ​គណបក្ស​លោក​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល លោក​នឹង​បើក​ការសង្កេត​លើ​ករណី​ស្លាប់​របស់​បងប្រុស​ខ្លួន​ឡើងវិញ ដើម្បី​រកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នងឃាតកម្មនេះ។​

អត្ថបទទាក់ទង


​កន្លងមក​ភរិយា​សព​លោក កែម ឡី ធ្លាប់​ស្នើ​ឲ្យ​គណបក្ស​ខ្មែរ​តែមួយ ប្រឹងរក​សំឡេងឆ្នោត​តាម​សមត្ថ​ភាពល្អ​ជាង​ប្រើ​ឈ្មោះ​លោក កែម ឡី ទៅ​ឃោសនា​រក​សន្លឹកឆ្នោត ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​ក្រុមគ្រួសារ​អ្នកស្រី​។ លោកស្រី រចនា ស្នើ​ឲ្យ​គណបក្ស​ខ្មែរ​តែមួយ បញ្ឈប់​សកម្មភាព​ឃោសនា​រក​អ្នកគាំទ្រ ដោយ​ប្រើ​ឈ្មោះ​លោក កែម ឡី បន្តទៀត​។​

​គិត​មកដល់ពេលនេះ គឺមាន​រយៈពេល​២​ឆ្នាំ​ហើយ ដែល​លោក កែម ឡី បានទទួល​មរណភាព ដោយសារ​ឃាតករ​បាញសម្លាប់ កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ នៅក្នុង​ស្ដា​ម៉ា​ត ក្បែ​ស្តុ​ប​បូកគោ ។ ឃាតករ ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ជួប សម្លាប់ ដែល​កំពុង​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​៕


Tag:
 កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com