កីឡាជាតិ
ជាតិ
២៤​គ្រាប់​កាលពី​ចុង​សប្តាហ៍ មានតែ​កីឡាករ​ខ្មែរ​៤​រូប​ប៉ុណ្ណោះ​ដែល​រកបាន​គ្រាប់​បាល់
10, Jul 2018 , 12:23 pm        
រូបភាព
ប្រាក់ មុន្នីឧត្តម ទិត្យ ឌីណា កែវ សុខផេង និងណុប តុលា។ រូបថតកាត់តពី CNCC
ប្រាក់ មុន្នីឧត្តម ទិត្យ ឌីណា កែវ សុខផេង និងណុប តុលា។ រូបថតកាត់តពី CNCC
ដោយ:
​សម្រាប់​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​កាលពី​ចុង​សប្តាហ៍​មុន គឺមាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ចំនួន​២៤​គ្រាប់​លើ​ការប្រកួត​៦​គូ​។ ក្នុងចំណោម​គ្រាប់​ទាំងនេះ មានការ​រួមចំណែក​តែ​៧​គ្រាប់​ប៉ុណ្ណោះ​ពី​កីឡាករ​កម្ពុជា​។ កីឡាករ​ទាំងនោះ​រួមមាន កែវ សុខ​ផេង​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ទិ​ត្យ ឌី​ណា និង ណុប តុលា​។ ប៉ុន្តែ​ក្នុងចំណោម​សមាសភាព​ប្រកួតប្រជែង​ក្នុង​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ ភាគច្រើន​ជា​កីឡាករ​បរទេស​។

 
​ក្នុងចំណោម​គ្រាប់​បាល់​ទាំង​២៤​គ្រាប់ ដែល​ក្រុម​នីមួយៗ​បាន​ស៊ុត​បញ្ចូល​គ្នា​ទៅវិញទៅមក នា​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ កាលពី​ចុង​សប្តាហ៍​មុន ភាគច្រើន​ជា​គ្រាប់​បាល់​របស់​កីឡាករ​បរទេស ដែល​រកបាន​រហូត​១៧​គ្រាប់​។ មានតែ​កីឡាករ​កម្ពុជា​៤​រូប​ប៉ុណ្ណោះ ដែល​បានរួម​ចំណែក​ក្នុង​គ្រាប់​បាល់​ទាំងនេះ រួមមាន​ខ្សែប្រយុទ្ធ កែវ សុខ​ផេង​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ទិ​ត្យ ឌី​ណា និង ណុប តុលា​។​
 
​ក្នុងនោះ​ខ្សែប្រយុទ្ធ កែវ សុខ​ផេង និង​ខ្សែបម្រើ ទិ​ត្យ ឌី​ណា ដែល​ទើប​ចូលរួម​ជាមួយ​ក្រុម​ចំណូល​ថ្មី​វិសាខា សម្រេចបាន​ម្នាក់​ពីរ​គ្រាប់​ក្នុង​ជ័យជម្នះ ៤-១ របស់​វិសាខា​លើ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​វិសាខា​បន្ត​ឈរ​លេខ​រៀង​ទី​៣​មាន​២៩​ពិន្ទុ​។ ចំណែក​កីឡាករ ណុប តុលា ដែល​ទើប​រួច​ពី​ពិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានរួម​ចំណែក​ពីរ​គ្រាប់ និង​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ១​គ្រាប់​ក្នុង​ជ័យជម្នះ ៤-០ របស់​ព្រះខ័ន​រាជ​ស្វាយរៀង​លើ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​។​
 
​ទោះបី​យ៉ាងនេះ​ក្តី បច្ចុប្បន្ន​យើង​សង្កេតឃើញថា ក្នុងចំណោម​សមាសភាព​ប្រកួតប្រជែង​ក្នុង​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ភាគច្រើន​ជា​កីឡាករ​បរទេស​។ ក្នុងនោះ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Privat របស់​អាស៊ី​អឺរ៉ុប និង​ខ្សែប្រយុទ្ធ Bisan George របស់​ណាហ្គា​វើ​ល​រក​គ្រាប់​១៦​គ្រាប់​ស្មើគ្នា រីឯ Maycon, Oiboh Julius របស់​បឹងកេត និង​ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Cheo Myong-ho រកបាន​១៣​គ្រាប់​, ១២​គ្រាប់ និង​១១​គ្រាប់​ជា​បន្តបន្ទាប់​។ 
 
​បី​សប្តាហ៍​មកនេះ​មិនមាន​ការប្រែប្រួល​លេខ​រៀង​ពី​លេខ​១​ទៅ​លេខ​៤​នោះទេ ខណៈ​សូល​ទី​ឡូ​អង្គរ​រំកិល​បាន​១​កម្រិត​
 
​ក្នុង​រយៈពេល​៣​សប្តាហ៍​កន្លងមកនេះ កៅអី​ក្នុង​តំបន់ Top 4 នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ គ្មាន​ការផ្លាស់ប្តូរ​សមាសភាព​ថ្មី​នោះទេ ដោយ​បឹងកេត​បន្ត​ឈរ​កំពូល​តារាង​, ណាហ្គា​វើ​ល​, វិសាខា និង​ក្រសួងការពារជាតិ​ឈរ​លេខ​រៀង​ជា​បន្តបន្ទាប់​។ ការ​ឈរ​កំពូល​តារាង​របស់​បឹងកេត បន្ទាប់ពី​ក្រុម​នេះ យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៥-១ នា​ការប្រកួត​សប្តាហ៍​ទី​១៣​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ហើយ​ជ័យជម្នះ​នេះ ជួយ​ឲ្យ​បឹងកេត​អាច​រក្សា​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​ទៀតផង​។ ក្នុងចំណោម​១៣​ប្រកួត​កន្លងមក បឹងកេត​ឈ្នះ​១០ និង​ស្មើ​៣​។​
 
​គ្រាប់​បាល់​ជ័យជម្នះ​របស់​បឹងកេត រួមចំណែក​ម្នាក់​ពីរ​គ្រាប់​ពី​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Oiboh Julius និង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Silva Calijuri Maycon និង​មួយ​គ្រាប់​ពី Esoh Paul Omogba ខណៈ​១​គ្រាប់​របស់​វេ​ស្ទើ​ន​ភ្នំពេញ រកបាន​ដោយ​កីឡាករ Faisal Rizal Samberbori នៅ​នាទី​បន្ថែ​មតង់​ទី​២​។ 
 
​នា​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ កាលពី​ថ្ងៃ​សៅរ៍​នោះដែរ ក្រុម​ណាហ្គា​វើ​ល​បាន​យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ២-០ ដើម្បី​បន្ត​ក្តោ​ម​ក្តាប់​លេខ​រៀង​ទី​២ ដោយមាន​៣១​ពិន្ទុ​។ ការរួមចំណែក​ម្នាក់​១​គ្រាប់​ពី​ខ្សែប្រយុទ្ធ Bisan George និង Matthew Osa ជួយ​ឲ្យ​ណាហ្គា​វើ​ល​រក្សា​គម្លាត​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​កំពូល​តារាង​បឹងកេត​។ 
 
​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ឯណេះ​វិញ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ៤-០ ទាំង​កីឡាករ​របស់ខ្លួន​មួយចំនួន​កំពុង​ជាប់​ពិន័យ​។ កីឡាករ ណុប តុលា ដែល​ទើប​រួច​ពី​ពិន័យ​កាលពីពេល​ថ្មីៗ សម្រេចបាន​ពីរ​គ្រាប់​ម្នាក់ឯង​នៅ​នាទី​៤៧ និង​៧៥ ខណៈ​ខ្សែបម្រើ​ឆ្នើម ប្រាក់ មុន្នី​ឧ​ត្ត​ម ដែល​ទើប​បង្ហាញខ្លួន​បាន​ពីរលើក សម្រេចបាន​១​គ្រាប់​នៅ​នាទី​៨៥ និង​មួយ​គ្រាប់​រកបាន​ដោយ​កីឡាករ Harley Willard​។ 
 
​នា​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែកក្កដា វិសាខា​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន តាមរយៈ​ការយក​ឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ៤-១ ដើម្បី​បន្ត​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​២៩​ពិន្ទុ​។ ខ្សែបម្រើ ទិ​ត្យ ឌី​ណា ដែល​ទើប​ចូលរួម​ជាមួយ​វិសាខា ក្រោយ​ចាក​ចេញពី​អគ្គស្នងការ​នគរបាល​ជាតិ បានបង្ហាញ​ភាព​លេខ​ធ្លោ តាមរយៈ​សម្រេចបាន​ពីរ​គ្រាប់​ឲ្យ​វិ​ខា​សា នៅ​នាទី​ទី​៤ និង​៤៤​។ 
 
​ខ្សែប្រយុទ្ធ កែវ សុខ​ផេង មិន​ចាញ់​កីឡាករ ទិ​ត្យ ឌី​ណា នោះទេ ដោយ​រូបគេ​សម្រេចបាន​ពីរ​គ្រាប់​ផងដែរ សម្រាប់​ការបង្ហាញ​ខ្លួន​លើក​ទី​២​ជាមួយ​វិសាខា​។ គ្រាប់​បាល់​របស់ សុខ​ផេង កើតឡើង​នៅ​នាទី​២៩ និង​៨២​។ នា​ការ​បង្ហាញខ្លួន​លើកដំបូង​ក្នុងជំនួប​ជាមួយ​អគ្គិសនី​កម្ពុជា អតីត​ខ្សែប្រយុទ្ធ​ភ្នំពេញ​ក្រោ​ន​រូបនេះ សម្រេចបាន​១​គ្រាប់​ផងដែរ ក្នុង​ជ័យជម្នះ ៤-០ របស់​វិ​ខា​សា​។ 
 
​នា​ការប្រកួត​នៅ​កីឡដ្ឋាន R.S.N នៅ​ថ្ងៃអាទិត្យ នោះដែរ ក្រុម​ភ្ញៀវ​ក្រសួងការពារជាតិ​បានផ្តល់​ការខកចិត្ត​ដល់​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ជាមួយ​លទ្ធផល ៥-១​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ក្រសួងការពារជាតិ​បន្ត​គ្រប់គ្រង​លេខ​រៀង​ទី​៤ ដោយមាន​២៧​ពិន្ទុ​។ ហើយ ក៏​ជួយ​ឲ្យ​ក្រសួង​ការ​ជាតិ​សង​សឹង​ភ្នំពេញ​ក្រោ​ន ដែល​ខ្លួន​បាន​ចាញ់ ២-០ ក្នុង​ជើង​ទី​១​ផងដែរ​។ ជ័យជម្នះ​នេះ សម្រេចបាន​ម្នាក់​ពីរ​គ្រាប់​ពី Yudai Ogawa និង Na Hyosung និង Yoo Jae ho ខណៈ​១​គ្រាប់​ម្ចាស់ផ្ទះ​រកបាន​ដោយ Valci Junior​។ 
 
​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប ក្រុម​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប ក្នុង​លទ្ធផល ១-០​។ ១​គ្រាប់​របស់ Debiro Dzarma Bata នៅ​នាទី​ទី​៤៣ មិន​ត្រឹមតែ​ជួយ​ឲ្យ​ក្រុម​ចំណូល​ថ្មី​មួយ​នេះ អាច​រំកិល​ចំណាត់ថ្នាក់​ពី​លេខ​១០​ទៅ​លេខ​រៀង​ទី​៩​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​ក្រុម​នេះ​អាច​សងសឹក​អាស៊ី​អឺរ៉ុប ដែល​ខ្លួន​បាន​ចាញ់ ២-១ ក្នុង​ជើង​ទី​១​ទៀតផង​៕  

Tag:
 Cambodian League 2018
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
  ទិ​ត្យ ឌី​ណា​
  កែវ សុខ​ផេង​
  ណុប តុលា
© រក្សាសិទ្ធិដោយ thmeythmey.com