ប្រធាន​បក្ស RDP៖​បើ​ស្រឡាញ់​ម៉ែ បោះឆ្នោត​ឲ្យ​ម៉ែ តែបើ​ស្រឡាញ់​លុយ​២ម៉ឺន អង្ករ​១​បង្វេច ទៅតាម​គេ​

ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​បក្ស RDP៖​បើ​ស្រឡាញ់​ម៉ែ បោះឆ្នោត​ឲ្យ​ម៉ែ តែបើ​ស្រឡាញ់​លុយ​២ម៉ឺន អង្ករ​១​បង្វេច ទៅតាម​គេ​
10, Jul 2018 , 4:53 pm         6533
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ (RDP) បានចេញ​ឃ្លី​ប​វីដេអូ​រយៈពេល​២​នាទី ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​របស់ខ្លួន នា​អំឡុង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អាណត្តិ​ទី​៦ ។​



​លោកស្រី បាន​លើកឡើងថា គណបក្ស​លោកស្រី​ត្រៀមខ្លួន​នាំ​ប្រជាពលរដ្ឋ​ងើប​តស៊ូ​ប្រឆាំង​ក្រុមមនុស្ស​ដែល​ធ្វើបាប​ពលរដ្ឋ​ខ្មែរ​។ លោកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា ដែល​ចូលចិត្ត​ឲ្យ​គេ​ហៅ​គាត់​ថា «​ម៉ែ​» នោះ អះអាងថា លោកស្រី​មិនដែល​ចុះចាញ់​ក្នុង​សមរភូមិ​សង្គ្រាម​ឡើយ​។

«​សុខចិត្ត​ឲ្យ​គេ​ធ្វើបាប​ដល់​ណា​ទៀត [...] បើ​ពលរដ្ឋ​ទាំងអស់​ស្រឡាញ់ អា​លុយ​ពីរ​ម៉ឹ​ន​អង្ករ​មួយ​បង្វេច ទៅតាម​គេ តែបើ​ស្រឡាញ់​ម៉ែ មក​តាម​ម៉ែ បោះឆ្នោត​ឲ្យ​ម៉ែ  ចាំមើល​បើ​គិត​មិន​ឲ្យ​យើង​ធ្វើ​ឲ្យ​មើល​។ យើង​ហ៊ាន​និយាយ​យើង​ហ៊ាន​ធ្វើ​ហើយ​»​។

​សូម​ស្តាប់​ការរៀបរាប់​គោលនយោបាយ​របស់លោក​ស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា ដូចខាងក្រោម​៖




​សម្រាប់​អណ​ត្តិ​នេះ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ (RDP) ដាក់​បញ្ជី​ឈ្មោះ​បេក្ខភាព​នៅ​១៦​មណ្ឌល ប៉ុន្តែ​លោកស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា មិនបាន​ឈរឈ្មោះ​ប្រចាំ​មណ្ឌល​ណាមួយ​នោះឡើយ បើទោះបីជា​គាត់​បាន​បញ្ជាក់ថា គាត់​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក៏ដោយ​។​

​តាមពិតទៅ RDP មិនមែនជា​គណបក្ស​ថ្មី​ក្នុង​សង្វៀន​នយោបាយ​កម្ពុជា​នោះឡើយ កាលពី​ឆ្នាំ​២០១៣ គណបក្ស​នេះ​ទទួលបាន​សំឡេង​សរុប​ចំនួន​១៩ ១៥២​សំឡេង ដែល​ស្មើ ០.២៩​ភាគរយ ហើយ​កាលពី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ RDP ទទួលបាន​សំឡេង​តែ​៨១៨​សំឡេង ពោលគឺ​០.០១​ភាគរយ​ប៉ុណ្ណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com