ជាតិ
បោះឆ្នោត
នយោបាយជាតិ
ប្រធានបក្ស RDP៖បើស្រឡាញ់ម៉ែ បោះឆ្នោតឲ្យម៉ែ តែបើស្រឡាញ់លុយ២ម៉ឺន អង្ករ១បង្វេច ទៅតាមគេ
× លោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (RDP) បានចេញឃ្លីបវីដេអូរយៈពេល២នាទី ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន នាអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី៦ ។
លោកស្រី បានលើកឡើងថា គណបក្សលោកស្រីត្រៀមខ្លួននាំប្រជាពលរដ្ឋងើបតស៊ូប្រឆាំងក្រុមមនុស្សដែលធ្វើបាបពលរដ្ឋខ្មែរ។ លោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ដែលចូលចិត្តឲ្យគេហៅគាត់ថា «ម៉ែ» នោះ អះអាងថា លោកស្រីមិនដែលចុះចាញ់ក្នុងសមរភូមិសង្គ្រាមឡើយ។
«សុខចិត្តឲ្យគេធ្វើបាបដល់ណាទៀត [...] បើពលរដ្ឋទាំងអស់ស្រឡាញ់ អាលុយពីរម៉ឹនអង្ករមួយបង្វេច ទៅតាមគេ តែបើស្រឡាញ់ម៉ែ មកតាមម៉ែ បោះឆ្នោតឲ្យម៉ែ ចាំមើលបើគិតមិនឲ្យយើងធ្វើឲ្យមើល។ យើងហ៊ាននិយាយយើងហ៊ានធ្វើហើយ»។
សូមស្តាប់ការរៀបរាប់គោលនយោបាយរបស់លោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ដូចខាងក្រោម៖
សម្រាប់អណត្តិនេះ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ (RDP) ដាក់បញ្ជីឈ្មោះបេក្ខភាពនៅ១៦មណ្ឌល ប៉ុន្តែលោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា មិនបានឈរឈ្មោះប្រចាំមណ្ឌលណាមួយនោះឡើយ បើទោះបីជាគាត់បានបញ្ជាក់ថា គាត់ជាបេក្ខជននាយករដ្ឋមន្ត្រីក៏ដោយ។
តាមពិតទៅ RDP មិនមែនជាគណបក្សថ្មីក្នុងសង្វៀននយោបាយកម្ពុជានោះឡើយ កាលពីឆ្នាំ២០១៣ គណបក្សនេះទទួលបានសំឡេងសរុបចំនួន១៩ ១៥២សំឡេង ដែលស្មើ ០.២៩ភាគរយ ហើយកាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ RDP ទទួលបានសំឡេងតែ៨១៨សំឡេង ពោលគឺ០.០១ភាគរយប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com