ជាតិ
បោះឆ្នោត
លោក ហង្ស ពុទ្ធា ស្នើឲ្យដាក់ពាក្យប្ដឹងមកគ.ជ.ប ប្រសើរជាងរិះគន់លើអ្នកប្រើប្រាស់រថយន្តរដ្ឋឃោសនាបក្ស
× ភ្នំពេញ៖ បើទោះមានការរិះគន់ខ្លាំងយ៉ាងណា មកលើអ្នកប្រើប្រាស់រថយន្តរដ្ឋ ដើម្បីបម្រើការឃោសនាបោះឆ្នោតឲ្យគណបក្សខ្លួននោះ ក៏វាគ្មានការដាក់ពិន័យដែរ ដរាបណាគ្មានពាក្យបណ្ដឹងដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការរិះគន់លើអ្នកប្រើប្រាស់រថយន្តរដ្ឋ សម្រាប់បម្រើការឃោសនាបោះឆ្នោតនោះវាគ្មានន័យទេ ប្រសិនជាគ្មានពាក្យបណ្ដឹងដល់ដៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ដែលបានបន្ថែមថា គ.ជ.ប រង់ចាំតែអនុវត្តច្បាប់លើអ្នកប្រព្រឹត្តខុសប៉ុណ្ណោះ។
ក្នុងន័យនេះលោក ហង្ស ពុទ្ធា ចង់បញ្ជាក់ថា ការសម្រេចដាក់ពិន័យរបស់គ.ជ.ប ទៅលើអ្នកប្រព្រឹត្តផ្ទុយពីបម្រាមច្បាប់បាន លុះត្រាតែមានការដាក់ពាក្យប្ដឹងមកគ.ជ.ប ។ លោក ហង្ស ពុទ្ធា លើកទឹកចិត្តឲ្យមានការដាក់ពាក្យប្ដឹងមកគ.ជ.ប លើបញ្ហានេះ ប្រសិនជារកឃើញថា មានអ្នកណាម្នាក់ប្រព្រឹត្តផ្ទុយពីច្បាប់ ដែលបានកំណត់មែន។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យគ.ជ.ប រូបនេះ បានបញ្ជាក់ដូច្នេះថា៖«គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់ ដូច្នេះយើងមិនដើរតួនាទីជំនួសព្រះរាជអាជ្ញាទេ។ អ្នកណាក៏អាចដាក់ពាក្យប្ដឹងលើបញ្ហានេះបានដែរ ហើយបើមានអ្នកដាក់ពាក្យប្ដឹងយើង ចាត់ការលើករណីនេះ តាមមាត្រាច្បាប់១៥៨ ស្តីពីច្បាប់បោះឆ្នោត ដោយហៅមកដាក់ពិន័យជាលាយលក្ខណ៍អក្សរ ។ ហើយបើនៅតែប្រព្រឹត្តខុសដដែល យើងនឹងផាកពិន័យជាទឹកប្រាក់ពី៥លានរៀល ទៅ១០លានរៀល លើករណីនេះ»។
ជាមួយគ្នានេះលោក ហង្ស ពុទ្ធា អំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ ណែនាំទៅមន្ត្រី សមាជិក និងអ្នកគាំទ្រគណបក្ស អនុវត្តតាមច្បាប់ និងបម្រាមរបស់គ.ជ.ប ឲ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយល្អ តាមគោលការណ៍សេរី និងយុត្តិធម៌។
គិតត្រឹមពេលនេះ ដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃហើយ ។ ប៉ុន្តែប្រធានបទក្តៅនៃការប្រើប្រាស់រថយន្តរដ្ឋ សម្រាប់ឃោសនាបោះឆ្នោតនេះនៅកើតមាន ។ ជាក់ស្ដែងនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ កក្កដានេះ បានចែករំលែករូបភាពតគ្នា ដែលបង្ហាញពីរថយន្តរបស់ប៉ូលិស និងយោធា បិទរូបសញ្ញាគណបក្សប្រជាជន ហើយបើកបរលើដងផ្លូវ ស្របពេលយុទ្ធនាការឃោសនាបោះឆ្នោត។ ដោយសារតែកំហុសឆ្គងនេះ ក៏បានធ្វើឲ្យតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា មិនពេញចិត្តដែរ។
លោក ស សុខា ដែលជាកូនប្រុសរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើហ្វេសប៊ុករបស់ខ្លួន ដោយបានភ្ជាប់រូបថតបីសន្លឹករបស់រថយន្តមន្ត្រីនគរបាល និងកងយោធពលខេមរភូមិន្ទ ដែលមាន Logo គណបក្សប្រជាជនកម្ពុជា។ តំណាងរាស្ត្រវ័យក្មេងរូបនេះ បានអំពាវនាវឲ្យសមត្ថកិច្ចពិចារណាលើករណីទាំងនេះ។
មាត្រា១៥៨ ស្តីពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា ៖«ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជនណាដែលប្រើប្រាស់សម្ភារ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនា ឲ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាមួយ។ ក្នុងករណីដែលមិនគោរពតាមការព្រមានខាងលើ ត្រូវផាកពិន័យជាប្រាក់ពី៥,០០០,០០០រៀល ទៅ១០,០០០,០០០រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»៕
Tag:
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com