ជាតិ
បោះឆ្នោត
លោក ហង្ស ពុទ្ធា ស្នើ​ឲ្យ​ដាក់ពាក្យ​ប្ដឹង​មក​គ​.​ជ​.​ប ប្រសើរ​ជាង​រិះគន់​លើ​អ្នកប្រើប្រាស់​រថយន្ត​រដ្ឋ​ឃោសនា​បក្ស​
10, Jul 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ បើ​ទោះ​មានការ​រិះគន់​ខ្លាំង​យ៉ាងណា មកលើ​អ្នកប្រើប្រាស់​រថយន្ត​រដ្ឋ ដើម្បី​បម្រើការ​ឃោសនាបោះឆ្នោត​ឲ្យ​គណបក្ស​ខ្លួន​នោះ ក៏​វា​គ្មាន​ការដាក់ពិន័យ​ដែរ ដរាបណា​គ្មាន​ពាក្យបណ្ដឹង​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។



​ការរិះគន់​លើ​អ្នកប្រើប្រាស់​រថយន្ត​រដ្ឋ សម្រាប់​បម្រើការ​ឃោសនា​បោះឆ្នោត​នោះ​វា​គ្មាន​ន័យ​ទេ ប្រសិនជា​គ្មាន​ពាក្យបណ្ដឹង​ដល់ដៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ដែល​បាន​បន្ថែមថា គ​.​ជ​.​ប រង់ចាំតែ​អនុវត្ត​ច្បាប់​លើ​អ្នកប្រព្រឹត្ត​ខុស​ប៉ុណ្ណោះ​។​
 
​ក្នុងន័យនេះ​លោក ហង្ស ពុទ្ធា ចង់​បញ្ជាក់ថា ការសម្រេច​ដាក់ពិន័យ​របស់​គ​.​ជ​.​ប ទៅលើ​អ្នកប្រព្រឹត្ត​ផ្ទុយ​ពី​បម្រាម​ច្បាប់​បាន លុះត្រាតែ​មានការ​ដាក់ពាក្យ​ប្ដឹង​មក​គ​.​ជ​.​ប ។ លោក ហង្ស ពុទ្ធា លើកទឹកចិត្ត​ឲ្យ​មានការ​ដាក់ពាក្យ​ប្ដឹង​មក​គ​.​ជ​.​ប លើ​បញ្ហា​នេះ ប្រសិនជា​រកឃើញថា មាន​អ្នកណាម្នាក់​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់ ដែល​បានកំណត់​មែន​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គ​.​ជ​.​ប ជា​ស្ថាប័ន​អនុវត្ត​ច្បាប់ ដូច្នេះ​យើង​មិន​ដើរតួនាទី​ជំនួស​ព្រះរាជអាជ្ញា​ទេ​។ អ្នកណា​ក៏​អាចដាក់​ពាក្យ​ប្ដឹង​លើ​បញ្ហា​នេះ​បានដែរ ហើយ​បើ​មាន​អ្នកដាក់ពាក្យ​ប្ដឹង​យើង ចាត់ការ​លើ​ករណីនេះ តាម​មាត្រា​ច្បាប់​១៥៨ ស្តីពី​ច្បាប់បោះឆ្នោត ដោយ​ហៅ​មក​ដាក់ពិន័យ​ជា​លាយលក្ខណ៍អក្សរ ។ ហើយ​បើ​នៅតែ​ប្រព្រឹត្ត​ខុស​ដដែល យើង​នឹង​ផាកពិន័យ​ជា​ទឹកប្រាក់​ពី​៥​លាន​រៀល ទៅ​១០​លាន​រៀល លើ​ករណីនេះ​»​។ 

​ជាមួយគ្នានេះ​លោក ហង្ស ពុទ្ធា អំពាវនាវ​ឲ្យ​គណបក្សនយោបាយ​ទាំងអស់ ណែ​នាំទៅ​មន្ត្រី សមាជិក និង​អ្នកគាំទ្រ​គណបក្ស អនុវត្ត​តាមច្បាប់ និង​បម្រាម​របស់​គ​.​ជ​.​ប ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅដោយ​ល្អ តាម​គោលការណ៍​សេរី និង​យុត្តិធម៌​។​

អត្ថបទទាក់ទង


​គិត​ត្រឹម​ពេលនេះ ដំណើរការ​បោះឆ្នោត បាន​ប្រព្រឹត្តទៅ​រយៈពេល​៤​ថ្ងៃ​ហើយ ។ ប៉ុន្តែ​ប្រធានបទ​ក្តៅ​នៃ​ការប្រើប្រាស់​រថយន្ត​រដ្ឋ សម្រាប់​ឃោសនាបោះឆ្នោត​នេះ​នៅ​កើតមាន ។ ជាក់ស្ដែង​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១១ កក្កដា​នេះ បាន​ចែករំលែក​រូបភាព​ត​គ្នា ដែល​បង្ហាញ​ពី​រថយន្ត​របស់​ប៉ូលិស និង​យោធា បិទ​រូប​សញ្ញា​គណបក្ស​ប្រជាជន ហើយ​បើកបរ​លើ​ដងផ្លូវ ស្របពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ ដោយសារតែ​កំហុសឆ្គង​នេះ ក៏បាន​ធ្វើ​ឲ្យ​តំណាងរាស្ត្រ​វ័យក្មេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ពេញចិត្ត​ដែរ​។​

​លោក ស សុខា ដែលជា​កូនប្រុស​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយបាន​ភ្ជាប់​រូបថត​បីសន្លឹក​របស់​រថយន្ត​មន្ត្រីនគរបាល និង​កងយោធពល​ខេមរភូមិន្ទ ដែលមាន Logo គណបក្ស​ប្រជាជន​កម្ពុជា​។ តំណាងរាស្ត្រ​វ័យក្មេង​រូបនេះ បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពិចារណា​លើ​ករណី​ទាំងនេះ​។

​មាត្រា​១៥៨ ស្តីពី​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​ចែងថា ៖«​ត្រូវ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំពោះ​ជន​ណា​ដែល​ប្រើប្រាស់​សម្ភារ មធ្យោបាយ​ដឹកជញ្ជូន ដែលជា​សម្បត្តិ​របស់រ​ដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនា ឲ្យ​គណបក្សនយោបាយ​ណាមួយ ឬ​បេក្ខជន​ណាមួយ​។ ក្នុងករណី​ដែល​មិន​គោរព​តាម​ការព្រមាន​ខាងលើ ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​៥,០០០,០០០​រៀល ទៅ​១០,០០០,០០០​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​»៕


Tag:
 បោះឆ្នោត​
  គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com