អន្តរជាតិ
លោក គីម រវល់​ទៅ​មើល​ចម្ការ​ដំឡូង​រហូត​គ្មាន​ពេល​ជួប​ប្រមុខ​ការទូត​អាមេរិក​?
10, Jul 2018 , 8:59 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ពេលចុះត្រួតពិនិត្យចម្ការដំឡូង (រូបភាព KCNA)
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ពេលចុះត្រួតពិនិត្យចម្ការដំឡូង (រូបភាព KCNA)
​ទៅ​រដ្ឋធានី​ព្យុងយ៉ាង​នាពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ មិនបាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ឡើយ​។ ភ្លាមៗ គេ​មិនអាច​រកឃើញ​មូលហេតុ​ដែល​នាំ​ឲ្យ​គ្មាន​ជំនួប​នេះ​ទេ ខណៈ​វត្តមាន​លោក ប៉ុ​ម​ប៉េ​អូ លើក​នេះ​មាន​គោលដៅ​ចរចា​រឿង​រំសាយ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១០ ខែកក្កដា ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​បាន​ផ្សាយ​ពី​សកម្មភាព​របស់លោក គីម ទៅ​មើល​ចម្ការ​ដំឡូង អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាម​រិ​ក​។



​ខុសប្លែក​ពី​ដំណើរ​ទស្សនកិច្ច​ពីរលើក​មុន ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ មិនបាន​ជួប​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ឡើយ​។ គេ​ឆ្ងល់​ហេតុអ្វី​ថា បានជា​គ្មាន​ជំនួប​បែបនេះ​ទៅវិញ ហើយ​ក្រោយ​លោក ប៉ុ​ម​ប៉េ​អូ ចាកចេញ​ផុតពី​ទឹកដី​កូរ៉េខាងជើង ក្រសួងការបរទេស​កូរ៉េខាងជើង​ក៏បាន​រិះគន់​អាមេរិក​មិន​សំចៃមាត់​ទៅទៀត​។

​មិន​ត្រឹមតែ​គ្មាន​ជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​អាមេរិក​ឡើយ សូម្បីតែ​សកម្មភាព​ប្រចាំថ្ងៃ​របស់​មេដឹកនាំ​រូបនេះ​ក៏​មិនមាន​ឃើញ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​ដែរ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១០ ខែកក្កដា ប្រព័ន្ធ​ឃោសនា​កូរ៉េខាងជើង​ក៏បាន​ផ្សាយ​ពី​សកម្មភាព​របស់លោក គីម ឡើងវិញ ដោយ​លោក​បាន​ចុះទៅ​កាន់​ចម្ការ និង​រោងចក្រ​កែច្នៃ​ដំឡូង​។ ដោយសារ​រវល់​បែបនេះហើយ ទើប​លោក គីម គ្មាន​ពេល​ជួប​លោក ប៉ុ​ម​ប៉េ​អូ ដែល​ខំ​ធ្វើដំណើរ​ពី​ចម្ងាយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក គីម បាន​ចុះទៅ​កាន់​ស្រុក Samjiyon ក្បែរ​ព្រំដែន​ជាមួយ​ចិន ហើយ​ខុសពី​សព្វមួយដង ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​យ៉ាង​លម្អិត​ទាក់ទង​សកម្មភាព​លើក​នេះ​។ មេដឹកនាំ​វ័យក្មេង​រូបនេះ​បាន​ណែនាំ​ឲ្យ​មន្ត្រី​ដាំ​ពូជ​ដែល​ផ្ដល់​ទិន្នផល​បាន​ច្រើន ដាំដំឡូង​ពូជ​ផ្សេង​សំដៅ​បង្កើន​ផលិតកម្ម​ដំឡូង និង​ឈានដល់​ការបង្កើន​គុណភាព​ផលិតផល​ច្នៃ​ពី​ដំឡូង​ផង​។

​យ៉ាងណាមិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង មិនបាន​រាយ​ករ​ណ៍​ថា ដំណើរ​ចុះ​ត្រួតពិនិត្យ​របស់លោក គីម ធ្វើឡើង​នៅពេលណា​ឲ្យ​ច្បាស់​ឡើយ​។ លោក គីម យ៉ុង​ឈុ​ល ដែលជា​ដៃស្ដាំ​របស់លោក គីម និង​ជា​អ្នកទទួល​ចរចា​ជាមួយ​អាមេរិក​បាន​ប្រាប់​មន្ត្រី​កូរ៉េខាងត្បូង​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង ថា លោក គីម ជុង​អ៊ុន រវល់​ចុះ​មូលដ្ឋាន​។​

​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ប៉ុ​ម​ប៉េ​អូ លើក​នេះ ហាក់​ទទួលបាន​លទ្ធផល​តិចតួចស្ដួចស្ដើង​ណាស់​។ មិនយូរ​ក្រោយ​ចាក​ចេញពី​កូរ៉េខាងជើង ប្រមុខ​ការទូត​អាមេរិក​បានបង្ហាញ​ជំហរ​ជឿជាក់​លើ​ជំនួប​ជាមួយ​លោក គីម យ៉ុង​ឈុ​ល ប៉ុន្តែ​កូរ៉េខាងជើង​គ្មាន​ជំហរ​ដូច​លោក​ឡើយ​។ ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​វាយប្រហារ​អាមេរិក ដែល​ប្រកាន់​ជំហរ​បងធំ និង​បន្ត​ទាមទារ​ដោយ​ឯក​ភាគី​លើ​ការរំសាយ​នុយក្លេអ៊ែរ​ក្នុងពេល​ចរចា​ដដែល​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  គីម ជុង​អ៊ុន​
  Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com