អន្តរជាតិ
រុស្ស៊ីឌឺអង់គ្លេស ក្រោយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលាលែងពីតំណែង លោក Boris Johnson ដែលលាលែងពីតំណែងរដ្ឋមន្រ្តីការបរទេសអង់គ្លេស (ស្ដាំ) និងអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova (ឆ្វេង)
× មន្ត្រីក្រសួងការបរទេសរុស្ស៊ីបានផ្ញើសារឌឺដងមួយឲ្យអង់គ្លេស ក្រោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស បូរីស ចនសុន (Boris Johnson) បានលាលែងពីតំណែងនៅថ្ងៃទី៩ ខែកក្កដា។ ការលាលែងរបស់លោក ចនសុន ធ្វើឡើងអំឡុងពេល២៤ម៉ោងក្រោយរដ្ឋមន្ត្រីទទួលបន្ទុកការចរចាជាមួយសហភាពអឺរ៉ុប (Brexit) ដេវីដ ដេវីស និងអនុរដ្ឋមន្ត្រីម្នាក់ទៀតចុះចេញដែរ។ ការបាត់បង់មន្ត្រីជាន់ខ្ពស់នេះ ក៏បង្ខំឲ្យនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េយ៍ រុះរើសមាសភាពគណៈរដ្ឋមន្ត្រី។
បាត់បង់មន្ត្រីជាន់ខ្ពស់ដល់ទៅបីរូបក្នុងពេល២៤ម៉ោង ពិតជាធ្វើឲ្យរដ្ឋាភិបាលអង់គ្លេសរបស់នាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េយ៍ រំជើបរំជួលខ្លាំង បន្ថែមពីលើការខ្វែងយោបល់លើនយោបាយរួមដើម្បីចរចាជាមួយសហភាពអឺរ៉ុប។ រដ្ឋមន្ត្រីទទួលបន្ទុកការចរចាជាមួយសហភាពអឺរ៉ុប ដេវីដ ដេវីស និងរដ្ឋមន្ត្រីការបរទេស បូរីស ចនសុន បានសម្រេចចិត្តលាលែងជាបន្តបន្ទាប់នៅថ្ងៃទី៩ ខែកក្កដា។ នៅក្រុងមូស្គូឯណោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បែរជាបង្ហោះសារក្នុងន័យផ្លែផ្កាដាក់អង់គ្លេសទៅវិញ។
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ចាត់ទុកការលាលែងពីតំណែងរបស់លោក ចនសុន ជាល្បែងអាក្រក់ដែលបង្កើតដោយរដ្ឋាភិបាលលោកស្រី ម៉េយ៍ ផ្ទាល់ ហើយបានជះឥទ្ធិពលលើខ្លួនឯងវិញ។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកស្រី Zakharova បានសរសេរឌឺថា៖ «តើអ្នកចាំទេ? យើងធ្លាប់បានព្រមានហើយថា ល្បែងដ៏ច្រើនដំណាក់កាលហើយអាក្រក់នេះ នឹងនាំដល់ទីបញ្ចប់ដ៏យ៉ាប់យឺនសម្រាប់រដ្ឋាភិបាលលោកស្រី ម៉េយ៍?»
ដោយចង់សំដៅដល់លោក ចនសុន មន្ត្រីការបរទេសរុស្ស៊ីខាងលើបន្តថា សូម្បីតែស្តេចនយោបាយអង់គ្លេសដ៏ចម្លែកនេះ ក៏មិនចង់ស្ថិតក្នុងរន្ធគគ្រិចនេះដែរ។ លើសពីនោះ លោកស្រី Zakharova ក៏បានរៀបរាប់ពីបរាជ័យរបស់លោក ចនសុន ក្នុងពេលកាន់តំណែងជាប្រមុខការទូតអង់គ្លេសដូចជា ករណីប៉ុនប៉ងធ្វើឃាតអតីតចារកម្មរុស្ស៊ីធ្វើការឲ្យអង់គ្លេស Sergei Skripal និងការចោទប្រកាន់លើរុស្ស៊ីក្នុងសំណុំរឿងជាច្រើនទៀត។
ងាកទៅកាន់ក្រុងឡុងដ៏បន្តិច ការលាលែងតំណែងរបស់មន្ត្រីបីរូបបន្តបន្ទាប់គ្នាបែបនេះ ជាសញ្ញាបង្ហាញពីវិបត្តិនយោបាយក្នុងរដ្ឋាភិបាលលោកស្រី ម៉េយ៍ ជុំវិញការចរចាលែងលះជាមួយអឺរ៉ុប។ បញ្ហាសំខាន់ដែលនាំដល់ការលាលែងនេះ កើតចេញពីការមិនពេញចិត្តលើជំហរអង់គ្លេស ដែលទន់ខ្សោយខ្លាំងប្រឈមមុខនឹងការចរចាជាមួយក្រុងព្រុចសែល។ ជំហររបស់លោកស្រី ម៉េយ៍ ត្រូវមើលឃើញថា ធ្វើឲ្យអង់គ្លេសចាញ់ប្រៀបអឺរ៉ុប ហើយអង់គ្លេសទំនងមិនអាចលែងលះដាច់ស្រេចឡើយ។
ក្នុងសំបុត្រលាលែង លោក ចនសុន មិនបានរិះគន់នយោបាយរដ្ឋាភិបាលខ្លាំងដូចលោក ដេវីស ឡើយ។ លោក ចនសុន ចាត់ទុក Breixt ជាឱកាស ក្ដីសង្ឃឹមដើម្បីបង្កើតអ្វីដែលប្លែកខុសពីមុន ប៉ុន្តែលោកអះអាងថា សុបិន្តនេះបានស្លាប់ហើយ និងដង្ហក់ខ្យល់ដោយសារតែការសង្ស័យខ្លួនឯង។ បន្ថែមពីនោះ អង់គ្លេសនឹងនៅជំពាក់វាក់វិនជាមួយអឺរ៉ុប ព្រោះអឺរ៉ុបអាចគ្រប់គ្រងសេដ្ឋកិច្ចអង់គ្លេសដដែល ខណៈអង់គ្លេសនៅតែមិនមានអំណាចធ្វើអ្វីបាន ទោះជាចាកចេញក្ដី៕
Tag:
រុស្ស៊ី
អង់គ្លេស
Boris Johnson
Maria Zakharova
© រក្សាសិទ្ធិដោយ thmeythmey.com