រដ្ឋាករទឹក​ស្វយ័ត​នឹង​ផ្ដាច់​ទឹក ៨​ម៉ោង ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ជាតិ
សង្គមជាតិ
រដ្ឋាករទឹក​ស្វយ័ត​នឹង​ផ្ដាច់​ទឹក ៨​ម៉ោង ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​
11, Jul 2018 , 6:59 am         517
រូបភាព
​ភ្នំពេញ​៖ រដ្ឋាករទឹក​ស្វយ័​ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ផ្គត់ផ្គង់​ទឹក រយៈពេល ៨​ម៉ោង នៅក្នុង​សង្កាត់​កា​កាប​ទី​១ និង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការជូនដំណឹង​នៃ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​។​



​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ការផ្អាក​ផ្គត់ផ្គង់​ទឹក ស្ថិតនៅក្នុង​រយៈពេល​ខ្លី​នេះ ដោយសារ​ត្រូវ​កាត់​បំពង់​មេ​ចេញចូល​អាង​តម្កល់​ទឹក​ក្បាលដំរី ដើម្បី​ពង្វាង​គេច​បណ្តាញ​លូ​ប្រអប់​នៅ​ផ្លូវ​លេខ 105K ឬ​ផ្លូវ​តាំង​កសាង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ថែមថា បណ្តាញ​លូ​ប្រអប់​ដែលមាន​ទំហំ ២​ម៉ែត្រ​គុណ​នឹង​២​ម៉ែត្រ បានដាក់​នៅក្នុង​សាច់​ផ្លូវ​រួចរាល់​ហើយ ដោយ​ត​ភ្ជាប់​ពី​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ដល់​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង​តាំង​កសាង ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច នៅ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី មុខ​ព្រលានយន្តហោះ​។​

​ការផ្អាក​ទឹក​នេះ គឺ​ចាប់​ម៉ោង​៨​យប់ ថ្ងៃទី​១១ ដល់​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១២ កក្កដា ដែលមាន​ទីតាំងនៅ​ភូមិសាស្ត្រ តំបន់​ខាងជើង -​ខាងលិច និង​ខាងក្នុង​ព្រលានយន្តហោះ ដែល​នឹង​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ១០,២៧០​គ្រួសារ នៅក្នុង​សង្កាត់​កា​កាប​ទី​១ និង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នានេះ រដ្ឋាករទឹក​ស្វយ័​ត​ក្រុងភ្នំពេញ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទីតាំង​ខាងលើ យោគយល់​ចំពោះ​ការផ្អាក​ផ្គត់ផ្គង់​ទឹក​ក្នុង​រយៈពេល​ខ្លី​នេះ​។ រដ្ឋាករទឹក បាន​បន្តថា ការ​កាត់​ភ្ជាប់​បំពង់​មេ​នាំ​ទឹក​ថ្មី ទំហំ ៤០០​ម​ម នៅលើ​ផ្លូវ​លេខ ១០៥K ទល់មុខ​អាង​តម្កល់​ទឹក​ក្បាលដំរី ស្ថិតនៅក្នុង​សង្កាត់​កកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បើតាម​រដ្ឋាករទឹក​ស្វយ័ត ក្រោយពី​ត​ភ្ជាប់​បំពង់​ថ្មី​រួចរាល់ ទឹក​អាច​នឹងធ្វើ​មាន​គុណភាព​ល្អក់កករ​ក្នុង​រយៈពេល​ខ្លី​។

​រដ្ឋាករទឹក​ស្វ័យ​ត ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ ម្ចាស់​ស្ថាប័ន រោងចក្រ និង​សហគ្រាស ដែលមាន​ទីតាំងនៅ​ភូមិសាស្ត្រ​ខាងលើ ត្រូវ​ត្រៀម​បម្រុង​ទឹក​សម្រាប់​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់ ក្នុង​រយៈពេល​ខ្វះ​ទឹក​ប្រើប្រាស់​រយៈពេល​ខ្លី​នេះ​៕




Tag:
 ​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next