ជាតិ
បាក់ឌុប៖ លោក រ៉ុង ឈុន រិះគន់ថា ការរឹតបន្តឹងការប្រឡងគ្មានប្រសិទ្ធភាព ព្រោះវិញ្ញាសាប្រឡងធូរ
× ភ្នំពេញ៖ អំឡុងពេលនៃការប្រឡងសញ្ញាបត្រទុតិយសភូមិ (បាក់ឌុប) ខិតជិតមកដល់ ការរិះគន់លើគុណភាពអប់រំក៏កើតឡើង។ ពាក្យរិះគន់នេះ ចេញពីមាត់លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបាននិយាយថា ការរឹតបន្តឹងការប្រឡងគ្មានប្រសិទ្ធភាពឡើយ ដរាបណាវិញ្ញាសាប្រឡងមានភាពធូររលុង។
រយៈពេល៤ឆ្នាំហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តវិធានការពង្រឹងគុណភាពអប់រំ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់»។ ដើម្បីសម្រេចគោលបំណងនេះ ក្រសួងអប់រំ បានរឹតបន្ដឹងលើការត្រួតពិនិត្យរាល់សកម្មភាពនានា របស់បេក្ខជនប្រឡង តាមរយៈដាក់អ្នកអង្កេតការណ៍រាប់ពាន់នាក់ ដើម្បីចាប់យកឯកសារ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗ។ ជាពិសេសការដាក់ពិន័យលើសិស្ស ដែលប្រព្រឹត្តខុសលក្ខន្តិកប្រឡងជាដើម។ ការពង្រឹងគុណភាពអប់រំ៤ឆ្នាំនេះ បានចេញលទ្ធផលល្អប្រសើរគួរកត់សម្គាល់ ប៉ុន្តែការរិះគន់នៅកើតមាន ។
លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ បាននិយាយថា ការរឹតបន្តឹងការប្រឡងគ្មានប្រសិទ្ធភាពឡើយ ដរាបណាវិញ្ញាសារប្រឡងមានភាពធូររលុង។ លោក រ៉ុង ឈុន បានឲ្យនិយមន័យពាក្យ «ប្រឡង» ថា ជាការប្រកួតប្រជែងចេញសមត្ថភាពផ្ទាល់ខ្លួន ដោយមិនមានការលួចចម្លងគេ ឬលួចមើលឯកសារជំនួយផ្សេងៗក្នុងពេលប្រឡង ដែលជាគោលការណ៍ប្រឡងរបស់ពិភពលោក។ ត្រង់ន័យនេះលោក រ៉ុង ឈុន ចង់បញ្ជាក់ថា សកម្មភាពរឹតបន្តឹងការប្រឡងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺក្រសួងគ្រាន់តែចង់លុបចោលនៅវប្បធម៌លួចចម្លងគ្នា ឬយកឯកសារកំណែចូលប្រឡងប៉ុណ្ណោះ។ សម្រាប់លោក រ៉ុង ឈុន ការរឹតបន្ដឹងលើការប្រឡង តាមរយៈការចេញវិញ្ញាសារតឹងរឹងសម្រាប់បេក្ខជននោះ ទើបជាការពង្រឹងគុណភាពអប់រំពិតប្រាកដ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក រ៉ុង ឈុន បានបញ្ជាក់ដូច្នេះថា ៖«ឆ្នាំ២០១៤ ដែលជាឆ្នាំដំបូង ដែលក្រសួងបានចាប់វិធានការរឹតបន្តឹងការប្រឡងរបស់បេក្ខជន។ ក្រោយការប្រឡងចប់ឃើញមានអត្រាសិស្សប្រឡងជាប់មិនដល់៥០ភាគផង រហូតដល់ឆ្នាំបន្ទាប់ៗឃើញមានសិស្សប្រឡងជាប់កើនឡើងជាង៦០ភាគរយក្នុងឆ្នាំ២០១៧។ នេះបញ្ជាក់ថា ការអនុវត្តន៍វិន័យក្នុងពេលប្រឡងមានប្រសិទ្ធភាព ប៉ុន្តែការរឹតបន្តឹងពិតប្រាកដលើវិញ្ញសារប្រឡង គឺមិនទាន់កើតឡើងឡើយ»។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ ដើម្បីសុំការអត្ថាធិប្បាយតបនឹងការលើកឡើងនេះឡើយ។
តែយ៉ាងណារដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ធ្លាប់បានបញ្ជាក់ថា តួលេខបេក្ខជនប្រឡងជាប់ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនេះ មិនមែនមកពីក្រសួងរឹតបន្តឹងការប្រឡង ហើយចេញវិញ្ញាសារធូររលុងនោះទេ ប៉ុន្តែមកពីសិស្សទាំងនោះ ប្រឹងខិតខំរៀនដោយខ្លួនឯង ដើម្បីឆ្លងផុតថ្នាក់ទី១២នេះ។
នៅសល់ពេលជាង១ខែទៀតប៉ុណ្ណោះ បេក្ខជនប្រឡងបាក់ឌុប នឹងត្រូវបញ្ចេញសមត្ថភាពខ្លួន ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំមកនេះ។ បេក្ខជនមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា មានចំនួន ១១៧ ,០៦១ នាក់ ក្នុងសម័យប្រឡង ថ្ងៃទី ២០-២១ សីហា ឆ្នាំ ២០១៨ នេះ ។ មណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា៤,៧១៦បន្ទប់ នៅរាជធានីខេត្ត ទាំង២៥ ទូទាំងប្រទេស។
សូមបញ្ជាក់ថា ការប្រឡងជាប់សញ្ញាបត្រទុតិយសភូមិ (បាក់ឌុប) កាលពីឆ្នាំ២០១៧ មានចំនួន ៦៣ ៦៦៨នាក់ ត្រូវជា ៦៣,៨៤ភាគរយ ក្នុងចំណោមបេក្ខជនវត្តមានប្រឡងចំនួន៩៩ ៧២៨នាក់ មានសិស្សជាប់និទ្ទេស A ចំនួន ៤២៤នាក់។ កាលពីឆ្នាំ២០១៦ មានបេក្ខជនប្រឡងជាប់ ចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១នាក់ ក្នុងនោះសិស្សប្រឡងជាប់និទ្ទេសAមានចំនួន៤០៥នាក់។
រីឯលទ្ធផលបាក់ឌុបឆ្នាំ ២០១៥ មានបេក្ខជនប្រឡងជាប់ ចំនួន ៤៦ ៥៦០ នាក់ស្មើនឹង ៥៥,៨៨ ភាគរយ ក្នុងចំណោមបេក្ខជនមានវត្តមានក្នុងការប្រឡងសរុប ៨៣ ៣២៥ នាក់ ក្នុងនោះ បេក្ខជនជាប់និទ្ទេស A មាន ១០៨ នាក់ ។ ចំណែកឆ្នាំ២០១៤ បេក្ខជនជាប់បាក់ឌុបទូទាំងប្រទេស មានចំនួនជាង ៣ម៉ឺននាក់ ក្នុងចំណោមបេក្ខជនប្រឡងសរុបជាង ៧ម៉ឺននាក់ ក្នុងនោះ បេក្ខជនជាប់និទ្ទេសមាន A ចំនួន ១១ នាក់ប៉ុណ្ណោះ៕
Tag:
អប់រំ
បាក់ឌុប
រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com