ជាតិ
បាក់​ឌុប​៖ លោក រ៉ុង ឈុន រិះគន់ថា ការ​រឹតបន្តឹង​ការប្រឡង​គ្មាន​ប្រសិទ្ធភាព ព្រោះ​វិញ្ញាសា​ប្រឡង​ធូរ​
11, Jul 2018 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ អំឡុងពេល​នៃ​ការប្រឡង​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) ខិតជិត​មកដល់ ការរិះគន់​លើ​គុណភាព​អប់រំ​ក៏​កើតឡើង​។ ពាក្យរិះគន់​នេះ ចេញពី​មាត់​លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគមន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​និយាយថា ការ​រឹតបន្តឹង​ការប្រឡង​គ្មាន​ប្រសិទ្ធភាព​ឡើយ ដរាបណា​វិញ្ញាសា​ប្រឡង​មាន​ភាព​ធូររលុង​។​



​រយៈពេល​៤​ឆ្នាំ​ហើយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុវត្ត​វិធានការ​ពង្រឹងគុណភាព​អប់រំ ក្រោម​ពាក្យស្លោក «​អ្នកចេះ គឺជា​ប់​»​។ ដើម្បី​សម្រេច​គោលបំណង​នេះ ក្រសួង​អប់រំ បាន​រឹតបន្ដឹង​លើ​ការត្រួតពិនិត្យ​រាល់​សកម្មភាព​នានា របស់​បេក្ខជន​ប្រឡង តាមរយៈ​ដាក់​អ្នក​អង្កេត​ការណ៍​រាប់ពាន់នាក់ ដើម្បី​ចាប់យក​ឯកសារ ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​។ ជាពិសេស​ការដាក់ពិន័យ​លើ​សិស្ស ដែល​ប្រព្រឹត្ត​ខុស​លក្ខន្តិក​ប្រ​ឡងជា​ដើម​។ ការពង្រឹង​គុណភាព​អប់រំ​៤​ឆ្នាំនេះ បានចេញ​លទ្ធផល​ល្អប្រសើរ​គួរកត់សម្គាល់ ប៉ុន្តែ​ការរិះគន់​នៅ​កើតមាន ។

​លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគមន៍​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​និយាយថា ការ​រឹតបន្តឹង​ការប្រឡង​គ្មាន​ប្រសិទ្ធភាព​ឡើយ ដរាបណា​វិញ្ញាសារ​ប្រឡង​មាន​ភាព​ធូររលុង​។ លោក រ៉ុង ឈុន បាន​ឲ្យ​និយមន័យ​ពាក្យ «​ប្រឡង​» ថា ជាការ​ប្រកួតប្រជែង​ចេញ​សមត្ថភាព​ផ្ទាល់ខ្លួន ដោយ​មិនមាន​ការលួចចម្លង​គេ ឬ​លួច​មើល​ឯកសារ​ជំនួយ​ផ្សេងៗ​ក្នុងពេល​ប្រឡង ដែលជា​គោលការណ៍​ប្រឡង​របស់​ពិភពលោក​។ ត្រង់​ន័យ​នេះ​លោក រ៉ុង ឈុន ចង់​បញ្ជាក់ថា សកម្មភាព​រឹតបន្តឹង​ការប្រឡង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ក្រសួង​គ្រាន់តែ​ចង់​លុបចោល​នៅ​វប្បធម៌​លួច​ចម្លង​គ្នា ឬ​យក​ឯកសារ​កំណែ​ចូល​ប្រឡង​ប៉ុណ្ណោះ​។ សម្រាប់​លោក រ៉ុង ឈុន ការ​រឹតបន្ដឹង​លើ​ការប្រឡង តាមរយៈ​ការចេញ​វិញ្ញាសារ​តឹងរឹង​សម្រាប់​បេក្ខជន​នោះ ទើប​ជាការ​ពង្រឹងគុណភាព​អប់រំ​ពិតប្រាកដ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក រ៉ុង ឈុន បានបញ្ជាក់​ដូច្នេះ​ថា ៖«​ឆ្នាំ​២០១៤ ដែលជា​ឆ្នាំ​ដំបូង ដែល​ក្រសួង​បាន​ចាប់​វិធានការ​រឹតបន្តឹង​ការប្រឡង​របស់​បេក្ខជន​។ ក្រោយ​ការប្រឡង​ចប់​ឃើញ​មាន​អត្រា​សិស្ស​ប្រឡង​ជាប់​មិន​ដល់​៥០​ភាគ​ផង រហូតដល់​ឆ្នាំ​បន្ទាប់ៗ​ឃើញ​មាន​សិស្ស​ប្រឡង​ជាប់​កើនឡើង​ជាង​៦០​ភាគរយ​ក្នុង​ឆ្នាំ​២០១៧​។ នេះ​បញ្ជាក់ថា ការអនុវត្តន៍​វិន័យ​ក្នុងពេល​ប្រឡង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ការ​រឹតបន្តឹង​ពិតប្រាកដ​លើ​វិញ្ញ​សារ​ប្រឡង គឺ​មិនទាន់​កើតឡើង​ឡើយ​»​។​

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ ដើម្បី​សុំ​ការអត្ថាធិប្បាយ​តប​នឹង​ការលើកឡើង​នេះឡើយ​។​

​តែ​យ៉ាងណា​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន ធ្លាប់បាន​បញ្ជាក់ថា តួលេខ​បេក្ខជន​ប្រឡង​ជាប់ កើនឡើង​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំនេះ មិនមែន​មកពី​ក្រសួង​រឹតបន្តឹង​ការប្រឡង ហើយ​ចេញ​វិញ្ញាសារ​ធូររលុង​នោះទេ ប៉ុន្តែ​មកពី​សិស្ស​ទាំងនោះ ប្រឹង​ខិតខំ​រៀន​ដោយ​ខ្លួនឯង ដើម្បី​ឆ្លង​ផុត​ថ្នាក់​ទី​១២​នេះ​។​

​នៅសល់​ពេល​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ បេក្ខជន​ប្រឡង​បាក់​ឌុប នឹងត្រូវ​បញ្ចេញ​សមត្ថភាព​ខ្លួន ដែល​បាន​សិក្សា​អស់​រយៈពេល​១២​ឆ្នាំ​មកនេះ​។ បេក្ខជន​មានឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា មាន​ចំនួន ១១៧ ,០៦១ នាក់ ក្នុងសម័យ​ប្រឡង ថ្ងៃទី ២០-២១ សីហា ឆ្នាំ ២០១៨ នេះ ។ មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ចែកចេញជា​៤,៧១៦​បន្ទប់ នៅ​រាជធានី​ខេត្ត ទាំង​២៥ ទូទាំងប្រទេស​។​

​សូមបញ្ជាក់ថា ការប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន ៦៣ ៦៦៨​នាក់ ត្រូវជា ៦៣,៨៤​ភាគរយ ក្នុងចំណោម​បេក្ខជន​វត្តមាន​ប្រឡង​ចំនួន​៩៩ ៧២៨​នាក់ មាន​សិស្ស​ជាប់​និទ្ទេស A ចំនួន ៤២៤​នាក់​។ កាលពី​ឆ្នាំ​២០១៦ មាន​បេក្ខជន​ប្រឡង​ជាប់ ចំនួន ៥៥ ៧៥៣​នាក់ ត្រូវជា ៦២,១៨% នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៩ ៦៦១​នាក់ ក្នុងនោះ​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A​មាន​ចំនួន​៤០៥​នាក់​។

​រីឯ​លទ្ធផល​បាក់​ឌុប​ឆ្នាំ ២០១៥ មាន​បេក្ខជន​ប្រឡង​ជាប់ ចំនួន ៤៦ ៥៦០ នាក់​ស្មើនឹង ៥៥,៨៨ ភាគរយ ក្នុងចំណោម​បេក្ខជន​មាន​វត្តមាន​ក្នុងការ​ប្រឡង​សរុប ៨៣ ៣២៥ នាក់ ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស A មាន ១០៨ នាក់ ។ ចំណែក​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​បាក់​ឌុប​ទូទាំងប្រទេស មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់ ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ជាង ៧​ម៉ឺន​នាក់ ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស​មាន A ចំនួន ១១ នាក់​ប៉ុណ្ណោះ​៕


Tag:
 អប់រំ​
  បាក់​ឌុប​
  រ៉ុង ឈុន​
© រក្សាសិទ្ធិដោយ thmeythmey.com