ជាតិ
បោះឆ្នោត
ជប៉ុន ជំរុញ​ឲ្យ​បក្ស​កាន់អំណាច និង​បក្សប្រឆាំង ចាប់ដៃគ្នា ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​
10, Jul 2018 , 7:27 pm        
រូបភាព
រូបពីគេហទំព័រ www.samdechhunsen.gov.kh
រូបពីគេហទំព័រ www.samdechhunsen.gov.kh
​ជប៉ុន មិន​ចង់ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈ្លោះ​គ្នា​តទៅទៀត​ទេ ខណៈ​ការបោះឆ្នោត កាន់តែ​ខិតជិត​មកដល់​។ ជប៉ុន ដែលជា​ប្រទេសមួយ​ប្រកាន់​ជំហរ​រឹង​ពឹង​ក្នុង​ការគាំទ្រ​ និង​ការ​ផ្តល់ជំនួយ​ឲ្យ​កម្ពុជា ទទូច​ឲ្យ​បក្ស​ធំៗ​ទាំងពីរ​នេះ រកមធ្យោ​បាយ ដើម្បី​ផ្សះផ្សារ​គ្នា​ឲ្យ​បាន​ឆាប់រហ័ស​។



លោកស្រី Mitsuko Shino
តំណាង​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​មន្ទីរ​អង្គការសហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ជា​អ្នក​ចេញមុខ​ជំរុញ​ឲ្យ​គណបក្ស​ទាំងពីរ ស្វះ​ស្វែងរក​ដំណោះស្រាយ នៅពេល​លោកស្រី ចូលរួម​ប្រជុំ​លើក​ទី​៣៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជា​តិ កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​តំណាង​ប្រទេស​នានា​លើ​ពិភពលោក​ចូលរួម​។ 

​បើ​ស្តាប់​ការអាន​សេចក្តីថ្លែងការណ៍​របស់​លោកស្រី ជប៉ុន​ពិតជា​បារម្ភ ចំពោះ​ការរំលាយ​គណបក្សប្រឆាំង និង​ការជះឥទ្ធិពល​អវិជ្ជមាន​ទៅលើ​សកម្ម​នយោបាយ រួមទាំង​សង្គម​ស៊ីវិល ហើយក៏​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ សម្រាប់​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ តំណាង​ជប៉ុន​រូបនេះ បញ្ជាក់ថា វា សំខាន់​ខ្លាំងណាស់ ដែល​គ្រប់ភាគី​ត្រូវ​ចាប់ផ្តើម​ចរចា​រវាង​ប្រជាជន​កម្ពុជា​ខ្លួនឯង ទើប​អាច​ដោះស្រាយ​បញ្ហា និង​កែប្រែ​ស្ថានការណ៍​ឲ្យ​ល្អ​ឡើងវិញ​បាន​។

លោកស្រី សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​មិនមាន​ពេលវេលា​ច្រើន​ទៀត​នោះទេ ព្រោះ​ការបោះឆ្នោត​កាន់តែ​ជិត​មកដល់​មែនទែន​ហើយ​។ យើង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ ធានា​ឲ្យ​បាន​ថា ការបោះឆ្នោត នឹង​ប្រព្រឹត្ត​ទៅដោយ​ត្រឹមត្រូវ និង​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»​។ 

យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​យល់ថា ការលើកឡើង​របស់​តំណាង​ជប៉ុន មិនមែនជា​បញ្ហា​ធំដុំ ដែល​គួរ​ឲ្យ​បារម្ភ​នោះទេ​។ លោក អះអាងថា ជប៉ុន គ្រាន់តែ​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា​ប៉ុណ្ណោះ ដោយ​មិនបាន​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​ឡើយ​។  

​អ្នក​នាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ សរសេរ​សារ​ទៅកាន់​ក្រុមអ្នកកាសែត ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម យ៉ាង​ដូច្នេះ​ថា​៖«​ការ​មាន​ជំហរ​បែបនេះ​របស់​ជប៉ុន គឺជា​រឿង​ធម្មតា​ក្នុងប្រទេស​ប្រជាធិបតេយ្យ​មួយ​នេះ ហើយ​អាច​ចាត់​ទុកថា​ជាការ​សម្តែង​មតិ​បែប​ប្រជាធិបតេយ្យ​»​។​
 
​កន្លងមក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បង្ហើប​ពី​បំណង​ចរចា​។ ប៉ុន្តែ សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​យល់ព្រម​។ ប្រធាន​គណបក្សកាន់អំណាច ចាត់ទុក​ក្រុមប្រឆាំង​ថា​ជា​ជនល្មើស​ច្បាប់ ដូច្នេះ​គ្មានអ្វី​ត្រូវ​ចរចា​ជាមួយ​នោះទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មេដឹកនាំ​កម្ពុជា​រូបនេះ ប្រកាស​មិន​អត់ឱន​ឲ្យ​ក្រុមប្រឆាំង​ថែមទៀត​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន គណបក្ស​ទាំង​២០ កំពុង​នាំគ្នា​ធ្វើ​យុទ្ធនា​ការរក​សំឡេងឆ្នោត​។ ការឃោសនា​នេះ នឹងត្រូវ​បញ្ចប់​នៅត្រឹម​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨៕ 
 
 

Tag:
 បោះឆ្នោត
  ជប៉ុន
  ហ៊ុន សែន
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com