កីឡាអន្តរជាតិ
អន្តរជាតិ
ទោះ​បាន​ចេញពី​រូងភ្នំ តែ​​គ្រូពេទ្យ​ថា ក្មេងៗ​ទាំងអស់​មិនអាច​ទៅ​មើល World Cup បានឡើយ​
10, Jul 2018 , 7:33 pm        
រូបភាព
​មកទល់នឹង​ពេលនេះ កុមារ​ទាំង១២​នាក់​ និងគ្រូបង្វឹក​​បានចេញ​ផុតពី​រូងភ្នំ Tham Luang ដែល​កំពុងមាន​ទឹក​ជ​ន​លិច។ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​ដែល​បាន​ពិនិត្យ​ពី​ស្ថានភាព​ជំងឺ​របស់​ក្មេងៗ​នៃក្រុមបាល់ទាត់ Wild Boars របស់ថៃទាំងនោះ បាន​និយាយថា​ពួកគេ​ទំនង​មិនអាច​ទៅ​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup នៅ​ទីក្រុង​មូ​ស្គូ តាម​ការអញ្ជើញ​របស់​ប្រធាន FIFA បានទេ​។​



កាលពី​ថ្ងៃទី​៦ ខែកក្កដា​កន្លងទៅ​លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA  បាន​សរសេរ​សារ​មួយ​ផ្ញើ​ទៅកាន់​សមាគម​កីឡាបាល់ទាត់​ថៃ​ដើម្បី​អញ្ជើញ​ក្មេងប្រុស​១២​នាក់ រួមទាំង​គ្រូបង្វឹក​របស់​ពួកគេ​ម្នាក់​ទៅ​ទស្សនា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FIFA World Cup 2018 នៅ​រុស្ស៊ី ប្រសិនបើ​ពួកគេ​អាច​ចេញពី​រូងភ្នំ​ទាន់ពេល​។ 

​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៥ ខែកក្កដា ពោលគឺ​នៅសល់​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុម​វេជ្ជបណ្ឌិត​ដែល​តាមដាន​សុខភាព​របស់​ក្មេងៗ​ទាំងនោះ​និយាយថា ដោយសារ​ពួកគេ​ស្ថិតនៅ​តំបន់​ទឹក​ត្រជាក់​យូរថ្ងៃ​ពេក ដូច្នេះ​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​យ៉ាងហោចណាស់​ក៏​រយៈពេល​១​សប្តាហ៍​ដែរ​។ ក្នុងចំណោម​៤​នាក់​ដែល​ក្រុម​អ្នករុករក​សង្គ្រោះ​ចេញមកក្រៅ​រូងភ្នំ​មុនគេ ត្រូវបាន​គ្រូពេទ្យ​ពិនិត្យឃើញថា​មាន​បញ្ហា​សួត​ធ្ងន់ធ្ងរ​ចំនួន​២​នាក់​។ ដូច្នេះ​សមាជិក​ក្រុមបាល់ទាត់​កុមារ​ដែលមាន​ឈ្មោះថា​ជ្រូកព្រៃ មិនអាច​ទៅ​ចូលរួម​តាម​ការអញ្ជើញ​របស់ FIFA បានឡើយ​។​

​លោក Thongchai Lertwilairatanapong ប្រធាន​ក្រសួងសុខាភិបាល​សាធារណៈ​ថៃ​ក៏បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃទី​១០ ខែកក្កដា​នេះ ថា​ក្មេង​មិនអាច​ទៅ​ទស្សនា World Cup ផ្តាច់ព្រ័ត្រ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែកក្កដា​បានទេ ព្រោះ​ពួកគេ​ត្រូវការ​សម្រាក​នៅ​មន្ទីរពេទ្យ​បន្តទៀត​។ ក្មេងៗ​អាច​ទស្សនា​បាន​ត្រឹម​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ​៕
 

Tag:
 ​ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Luang
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com