អន្តរជាតិ
ចិន​ប្រឹង​ចែ​ចូ​វ​បណ្តា​កោះ​ប៉ាស៊ីហ្វិក ឯ​នូ​វែ​ល​សេ​ឡង់​ព្រមាន​ថា ចិន​អាច​ដណ្តើម​ឥទ្ធិពល​របស់ខ្លួន​
11, Jul 2018 , 10:02 am        
រូបភាព
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ជាមួយនាយករដ្ឋមន្ត្រីប៉ាពូ អាស៊ីនូវែលហ្គីណេលោក Peter O
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ជាមួយនាយករដ្ឋមន្ត្រីប៉ាពូ អាស៊ីនូវែលហ្គីណេលោក Peter O'Neil
​មុន​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ប្រទេស​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ (Papua New Guinea) ក្នុង​ខែវិច្ឆិកា​ខាងមុខ មហា​យក្ស​ចិន​មាន​គម្រោង​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​បណ្តា​មេដឹកនាំ​ប្រទេស​តូចៗ​ជា​កោះ​នៅ​ប៉ាស៊ីហ្វិក​ដែរ​។ នូ​វែ​ល​សេ​ឡង់​ដែលជា​មហាអំណាច​គីឡូ​មធ្យម​នោះបាន​ព្រមាន​ថា ចិន​អាច​នឹង​ដណ្តើម​ឥទ្ធិពល​របស់ខ្លួន និង​អាច​គ្រប់គ្រង​តំបន់​ជុំវិញ​ផង​នា​ថ្ងៃ​អនាគត​។



​គម្រោង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​នេះ​ត្រូវបាន​ទម្លាយ​ដោយ​នាយករដ្ឋមន្ត្រី​ប៉ា​ពូ អាស៊ី​នូ​វែ​ល​ហ្គី​ណេ​លោក Peter O'Neill ពេល​លោក​ផ្តល់​សុន្ទរកថា​ទៅកាន់​សមាជិកសភា​ហ្វី​ជី​នៅ​ថ្ងៃ​ចន្ទ​ទី ៩​ខែកក្កដា​។​

​នា​រដ្ឋធានី​ស៊ូ​វ៉ា នៃ​ប្រទេស​ហ្វី​ជី លោក O’Neil បាន​និយាយ​បែបនេះ​៖«​ខ្ញុំ​សូម​អញ្ជើញ​អ្នក​ទៅ​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​ប៉ាស៊ីហ្វិក​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង ក្នុងពេល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ប៉ា​ពូ អាស៊ី​នូ​វែ​ល​ហ្គី​ណេ ប៉ុន្មាន​ថ្ងៃមុន​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ប៉ាស៊ីហ្វិក (APEC)»​។ 

​យ៉ាងណាក៏ដោយ មេដឹកនាំ​រដ្ឋ ប៉ា​ពូ អាស៊ី​នូ​វែ​ល​ហ្គី​ណេ រូបនេះ​មិនបាន​បង្ហើប​ឲ្យ​ដឹង​ច្បាស់​ឡើយ​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​។ ប៉ុន្តែ​បំណង​អង្គុយ​ប្រជុំ​ជាមួយ​មេដឹកនាំ​ប៉ាស៊ីហ្វិក​ដែល​មិន​ធ្លាប់មាន​ពីមុន​នោះ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា និង​ក្រុង​វែ​លីង​តោន ក៏ដូចជា​មហាអំណាច​ផ្សេងទៀត​ដែរ​។​

​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​បាន​កត់សម្គាល់ថា ភូមិសាស្ត្រ​នយោបាយ​តានតឹង​ខ្លាំង​នៅ​តំបន់​ប៉ាស៊ីហ្វិក ហើយ​រដ្ឋាភិបាល​នេះ​ទទួលស្គាល់ថា ការ​ព​ង្រើ​យ​កន្តើយ​របស់ខ្លួន ក៏ដូចជា​អូស្ត្រាលី​អាច​ផ្តល់ឱកាស​ឲ្យ​អ្នកផ្សេង​ពង្រីក​ឥទ្ធិពល​ដល់​របង​ផ្ទះ​ខ្លួន​ទៅវិញ​។  ទោះ​មិន​និយាយ​ចំ​ថា​ជា ចិន​ក៏ដោយ គេ​អាច​យល់បាន​ច្បាស់​ដែរ​។

«​ជប៉ុន​ទទួលស្គាល់ បារាំង​ក៏​ទទួលស្គាល់ សហភាព​អឺរ៉ុប អូស្ត្រាលី និង​ប្រទេស​នៅ​អាស៊ី​សុទ្ធតែ​ទទួលស្គាល់​ពី​ភាព​តានតឹង​នៅក្នុង​តំបន់​។ វា​កាន់តែច្បាស់​ថែមទៀត​នៅពេល​អ្នក​បាន​ឃើញថា យើង​រស់នៅក្នុង​ស្ថានភាព​គួរ​ឲ្យ​បារម្ភ​ដែលមាន​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ព្រោះតែ​យើង​បាត់បង់​ឥទ្ធិពល​រហូតដល់​ទុក​ឱកាស​ឲ្យ​អ្នកផ្សេង​បំពេញ​ជំនួស​យើង​ទៅវិញ​»​។ នេះ​ជាស​ម្តី​របស់លោក នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​ស្តីទី Winston Peters​។​

​តាំងពីដើម​មក​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ចាត់ទុក​កោះ​តូច​ប៉ាស៊ីហ្វិក​ស្ថិតនៅ​ផ្នែក​មួយ​ដែល​ស្ថិតក្រោម​ឥទ្ធិពល​របស់ខ្លួន​។ ប៉ុន្តែ​រយៈពេល​យូរ​ឆ្នាំ​មកនេះ ប្រទេស​ទាំងពីរ​ហាក់​ព្រងើយកន្តើយ​នឹង​ប្រទេស​តូចៗ​ទាំងនោះ​ទៅវិញ​។  ចំណែក​ចិន​ដែល​ខ្លួន​កាន់តែ​រះ​ត្រដែត​ឡើង​ទាំង​យោធា និង​សេដ្ឋកិច្ច​នោះ ប្រឹង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​នេះដែរ​ដើម្បី​ប្រជែង​មហាអំណាច​គីឡូ​មធ្យម​ទាំងពីរ​ខាងលើ​ផង​។

​គេ​ដឹង​ច្បាស់​ថា ក្រៅពី​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន ចិន​ក៏​ព្យាយាម​អូសទាញ​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​មួយចំនួន​នៅ​បន្ត​រក្សា​ចំណង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់​។ កន្លងមក ចិន​ប្រើប្រាស់​លុយ​ច្រើនសន្ធឹក​របស់ខ្លួន​ដើម្បី​ចែ​ចូ​វប្រ​ទេស​ទាំងនោះ​ឲ្យ​កាត់ផ្តាច់​ចំណង​ការទូត​ជាមួយ​តៃវ៉ាន់ ហើយ​ត្រឡប់មក​ចាប់ដៃ​ខ្លួន​វិញ​ដូចគ្នា​។   បើតាម​របាយការណ៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​អូស្ត្រាលី Lowy ចិន​បាន​ផ្តល់ជំនួយ និង​កម្ចី​ប្រមាណ ១,៧៨ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ប៉ាស៊ីហ្វិក​ចន្លោះ​ពី​ឆ្នាំ ២០០៦ ដល់ ២០១៦​។​

​យ៉ាងណាមិញ អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​បាន​ប្រឹងប្រែង​ខ្លាំង​ដែរ​ដើម្បី​បង្កើន​ការ​ផ្តល់ជំនួយ​ដល់​បណ្តា​រដ្ឋ​ប៉ាស៊ីហ្វិក​ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ប្រជែង​ឥទ្ធិពល​ជាមួយ​ចិន និង​អាច​ឈ្នះ​ចិត្ត​ ឈ្នះ​បេះដូង​មេដឹកនាំ​ប្រទេស​ទាំងនោះផង​។

​ក្រៅពី​ប្រជែង​ឥទ្ធិពល​ការទូត​ជាមួយ​ចិន ប្រទេស​ទាំងពីរ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ក៏​ចាប់ផ្តើម​ព​ន្លឿ​ន​គម្រោង​វិនិយោគ​វិស័យ​យោធា​ដែលមាន​គោលដៅ​កសាង​សមត្ថភាព​ទ័ព​របស់ខ្លួន​ដែរ​។​គម្រោង​នេះ​ផ្តោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​ចារកម្ម និង​រក្សា​សន្តិសុខ​ដែនសមុទ្រ​ផង​។ ថ្មីៗ​នេះ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​បាន​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ​វិនិយោគ​លើ​ការទិញ​យន្តហោះ​ដ្រូ​ន​ជាច្រើន​គ្រឿង​ពី​អាមេរិក​៕


Tag:
 ប៉ាស៊ីហ្វិក​
  ចិន​
  នូ​វែ​ល​សេ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com