Pogba៖ ជ័យជម្នះ​បារាំង ជា​កាដូ​សម្រាប់​កុមារ​ថៃ​ដែល​រួចផុតជីវិត​ពី​រូងភ្នំ​

កីឡាអន្តរជាតិ
អន្តរជាតិ
Pogba៖ ជ័យជម្នះ​បារាំង ជា​កាដូ​សម្រាប់​កុមារ​ថៃ​ដែល​រួចផុតជីវិត​ពី​រូងភ្នំ​
11, Jul 2018 , 11:03 am         946
រូបភាព
​ម្ចាស់​ជើងឯក​ឆ្នាំ​១៩៩៨ បារាំង បាន​យកឈ្នះ​បែលហ្ស៊ិក ១-០ នៅ​កីឡដ្ឋាន Saint Petersburg ដើម្បី​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ FIFA World Cup 2018​។ Paul Pogba ដែលជា​សមាជិក​ដ៏​សំខាន់​ម្នាក់​របស់​បារាំង បាន​ឧទ្ទិស​ជ័យជម្នះ​នេះ​ទៅកាន់​ក្មេងប្រុស​ទាំង​១២​នាក់​ដែល​នៅមាន​ជីវិត​ក្រោយ​អ្នក​សង្គ្រោះ​យក​ពួកគេ​ចេញពី​រូងភ្នំ​បន្ទាប់ពី​ជាប់​ក្នុងនោះ​ជាច្រើន​ថ្ងៃ​។



​សមាជិក​ក្រុមកីឡា​បាល់ទាត់​យុវជន​ទាំង​១២​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​១១ ទៅ​១៦​ឆ្នាំ ព្រមទាំង​គ្រូបង្វឹក​របស់​ពួកគេ​ម្នា​ក់វ័យ​២៥​ឆ្នាំ បាន​ចាក​ចេញពី​ក្នុង​រូងភ្នំ Tham Luang ដែលមាន​ទឹក​ជន​លិច​ដោយ​សុវត្ថិភាព​ទាំងអស់គ្នា​ហើយ​កាលពី​ថ្ងៃទី​១០ ខែកក្កដា បន្ទាប់ពី​ក្រុម​អ្នករុករក​បាន​ចំណាយពេល​១៨​ថ្ងៃ​ក្នុង​បេសកកម្ម​ជួយសង្គ្រោះ​នោះ​។​

​រឿងរ៉ាវ​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​នេះ បានធ្វើ​ឲ្យ​ពិភពលោក​រួមទាំង​អ្នកកីឡា​បាល់ទាត់​ភាគច្រើន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

​ក្រោយ​ជ័យជម្នះ​របស់​ក្រុម​មាន់គក Pogba ខ្សែបម្រើ Manchester United បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម twitter ផ្ទាល់​របស់គេ​ថា​៖«​ជ័យជម្នះ​នៅថ្ងៃនេះ​ជា​របស់​ក្មេងៗ​ទាំងអស់​។ សូម​សំណាងល្អ​! អ្នក​ទាំងអស់គ្នា​ពិតជា​ខ្លាំងណាស់​»​។​


​កាលពី​ថ្ងៃទី​៦ ខែកក្កដា​កន្លងទៅ​លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA  ក៏បាន​អញ្ជើញ​អ្នក​ជាប់​ក្នុង​រូងភ្នំ​ទាំង​១៣​នាក់​ទៅ​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FIFA World Cup 2018 នៅ​រុស្ស៊ី​ដែរ​ប្រសិនបើ​ពួកគេ​អាច​ចេញពី​រូងភ្នំ​ទាន់ពេល​។​

​យ៉ាងណា បើ​ទោះ​ពួគគេ​ចេញពី​រូងភ្នំ​ទាំងអស់​ហើយ​ក្តី ប៉ុន្តែ​ក្រុមគ្រូពេទ្យ​ដែល​បាន​ពិនិត្យ​ពី​ស្ថានភាព​ជំងឺ​របស់​ក្មេងៗ​នៃ​ក្រុមបាល់ទាត់ Wild Boars របស់​ថៃ​ទាំងនោះ បាន​និយាយថា​ពួកគេ​មិនអាច​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​មូ​ស្គូ តាម​ការអញ្ជើញ​របស់​ប្រធាន FIFA បានទេ ព្រោះ​បញ្ហា​សុខភាព​៕

អត្ថបទទាក់ទង




Tag:
 បាល់ទាត់​
  ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  FIFA World Cup
  Paul Pogba
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1213next