កីឡាអន្តរជាតិ
អន្តរជាតិ
Pogba៖ ជ័យជម្នះបារាំង ជាកាដូសម្រាប់កុមារថៃដែលរួចផុតជីវិតពីរូងភ្នំ
× ម្ចាស់ជើងឯកឆ្នាំ១៩៩៨ បារាំង បានយកឈ្នះបែលហ្ស៊ិក ១-០ នៅកីឡដ្ឋាន Saint Petersburg ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup 2018។ Paul Pogba ដែលជាសមាជិកដ៏សំខាន់ម្នាក់របស់បារាំង បានឧទ្ទិសជ័យជម្នះនេះទៅកាន់ក្មេងប្រុសទាំង១២នាក់ដែលនៅមានជីវិតក្រោយអ្នកសង្គ្រោះយកពួកគេចេញពីរូងភ្នំបន្ទាប់ពីជាប់ក្នុងនោះជាច្រើនថ្ងៃ។
សមាជិកក្រុមកីឡាបាល់ទាត់យុវជនទាំង១២នាក់ ដែលមានអាយុចន្លោះពី១១ ទៅ១៦ឆ្នាំ ព្រមទាំងគ្រូបង្វឹករបស់ពួកគេម្នាក់វ័យ២៥ឆ្នាំ បានចាកចេញពីក្នុងរូងភ្នំ Tham Luang ដែលមានទឹកជនលិចដោយសុវត្ថិភាពទាំងអស់គ្នាហើយកាលពីថ្ងៃទី១០ ខែកក្កដា បន្ទាប់ពីក្រុមអ្នករុករកបានចំណាយពេល១៨ថ្ងៃក្នុងបេសកកម្មជួយសង្គ្រោះនោះ។
រឿងរ៉ាវបាត់ខ្លួនយ៉ាងអាថ៌កំបាំងនេះ បានធ្វើឲ្យពិភពលោករួមទាំងអ្នកកីឡាបាល់ទាត់ភាគច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ក្រោយជ័យជម្នះរបស់ក្រុមមាន់គក Pogba ខ្សែបម្រើ Manchester United បានបង្ហោះសារនៅលើបណ្តាញសង្គម twitter ផ្ទាល់របស់គេថា៖«ជ័យជម្នះនៅថ្ងៃនេះជារបស់ក្មេងៗទាំងអស់។ សូមសំណាងល្អ! អ្នកទាំងអស់គ្នាពិតជាខ្លាំងណាស់»។
កាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ក៏បានអញ្ជើញអ្នកជាប់ក្នុងរូងភ្នំទាំង១៣នាក់ទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2018 នៅរុស្ស៊ីដែរប្រសិនបើពួកគេអាចចេញពីរូងភ្នំទាន់ពេល។
យ៉ាងណា បើទោះពួគគេចេញពីរូងភ្នំទាំងអស់ហើយក្តី ប៉ុន្តែក្រុមគ្រូពេទ្យដែលបានពិនិត្យពីស្ថានភាពជំងឺរបស់ក្មេងៗនៃក្រុមបាល់ទាត់ Wild Boars របស់ថៃទាំងនោះ បាននិយាយថាពួកគេមិនអាចធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ តាមការអញ្ជើញរបស់ប្រធាន FIFA បានទេ ព្រោះបញ្ហាសុខភាព៕
Tag:
បាល់ទាត់
ក្មេងប្រុសបាត់ខ្លួននៅថៃ
FIFA World Cup
Paul Pogba
បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com