ជាតិ
សម្ដេច ហ៊ុន សែន ផ្ញើសាររំលែកទុក្ខដល់ជប៉ុន ដែលរងគ្រោះទឹកជំនន់ មានអ្នកស្លាប់ជិត២០០នាក់
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខទៅរដ្ឋាភិបាលជប៉ុន ដែលកំពុងជួបបញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ បណ្ដាលឲ្យមានអ្នកស្លាប់ជិត២០០នាក់ ក្នុងរយៈពេលមួយសប្ដាហ៍មកនេះ។
ក្នុងលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលផ្ញើទៅនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានបញ្ជាក់ដូច្នេះថា ៖«ខ្ញុំមានអារម្មណ៍សោកសៅជាពន់ពេក នៅពេលបានទទួលពត៌មានអំពីការបាត់បង់ជីវិត មនុស្សជាច្រើនក្នុងគ្រោះទឹកជំនន់ និងបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរនៅប៉ែកខាងត្បូង និងខាងលិច ប្រទេសជប៉ុន តាំងពីចុងសប្តាហ៍មុន។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះឯកឧត្តម និងប្រជាជនជប៉ុន ពិសេសគ្រួសារនៃសព ក្នុងគ្រាទុក្ខសោកដោយការ បាត់បង់ដ៏ធំធេងនេះ»។
គិតដល់ព្រឹកថ្ងៃពុធនេះ ជំនន់ទឹកភ្លៀង និងការបាក់ដីនៅជប៉ុន បានបណ្តាលឲ្យចំនួនអ្នកស្លាប់កើនដល់១៧៩នាក់ហើយ ខណៈមានអ្នកបាត់ខ្លួនជាច្រើននាក់។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលដែលត្រូវបានដកស្រង់សំដីដោយ AFP៕
Tag:
ហ៊ុន សែន
ជប៉ុន
គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com