ជាតិ
បោះឆ្នោត
នយោបាយជាតិ
មុនបោះឆ្នោតនៅកម្ពុជា៖ អាមេរិក អឺរ៉ុប ដាក់សម្ពាធ, ជប៉ុន ចង់ឲ្យចរចា, ឯចិន គាំទ្រ ពីឆ្វេងទៅស្តាំ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិទីពីរ កំពុងជាប់ឃុំ, លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិទីមួយ កំពុងនិរទេស, សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កំពុងគ្រប់គ្រងអំណាច
× ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ហើយលោក កឹម សុខា ដែលជាប្រធានគណបក្សនេះ ត្រូវជាប់ឃុំ បរទេសជាច្រើន បានបង្ហាញឥរិយាបថផ្សេងៗពីគ្នា មកលើរដ្ឋាភិបាលកម្ពុជា ដោយមានទាំងការរិះគន់ និងមានទាំងការគាំទ្រ។ ជាពិសេស ខណៈការបោះឆ្នោតកាន់តែជិតមកដល់ ពួកគេកាន់តែបញ្ចេញទស្សនៈចំពោះកម្ពុជា។
ដោយទើសចិត្តនឹងចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា សហរដ្ឋអាមេរិក បានចេញមុខមុនគេក្នុងការផ្តាច់ជំនួយលើការបោះឆ្នោត។ លើសពីនេះ ប្រទេសមហាអំណាចមួយនេះ ក៏បានដាក់សម្ពាធថែមទៀត ដូចជា រឹតបន្តឹងការផ្តល់ទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីកម្ពុជា ជាដើម។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេអង្គរក្សរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមនុស្សទីមួយ ដែលសហរដ្ឋអាមេរិកសម្រេចបង្កកទ្រព្យសម្បត្តិ បន្ទាប់ពីព្រមានរួច។ សហរដ្ឋអាមេរិក បានលើកហេតុផលក្នុងសេចក្តីថ្លែងការណ៍ កាលពីខែមិថុនា ឆ្នាំ២០១៨ ថា ការបង្កកទ្រព្យសម្បត្តិនេះ គឺដោយសារតែលោក ហ៊ីង ប៊ុនហៀង ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
សហភាពអឺរ៉ុប ជិតស្និទ្ធ និងស៊ីចង្វាក់ជាមួយនឹងសហរដ្ឋមេរិកមែនទែន។ បន្ទាប់ពីសហរដ្ឋអាមេរិក គឺសហភាពអឺរ៉ុបហ្នឹងឯង ដែលផ្តាច់ជំនួយលើការបោះឆ្នោត។ តាមរយៈសេចក្តីថ្លែងការណ៍ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ មូលហេតុចម្បង ដែលនាំឲ្យសហភាពអឺរ៉ុប ផ្តាច់ជំនួយនេះ គឺដោយសារតែគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ។ ក្រៅពីនេះ សហភាពអឺរ៉ុប ក៏ព្រមានផ្អាកការអនុគ្រោះពន្ធ ផងដែរ។ ប៉ុន្តែ វិធានការនេះ មិនទាន់កើតឡើងនោះទេ។
ទាំងសហរដ្ឋអាមេរិក ទាំងសហភាពអឺរ៉ុប សុទ្ធតែមិនឲ្យតម្លៃលើការបោះឆ្នោតនៅកម្ពុជា ប្រសិនបើ គណបក្សប្រឆាំងធំជាងគេ ពិតជាមិនបានចូលរួម។ ប្រទេសធំៗទាំងពីរនេះ ចាត់ទុកការបោះឆ្នោត ដែលគ្មានគណបក្សសង្គ្រោះជាតិ ថាប្រាសចាកពីគន្លងប្រជាធិបតេយ្យ។
ចំណែក ជប៉ុន មិនសូវធ្វើជាអ្នកចេះដឹងពីបញ្ហានយោបាយ ឬផ្ទៃក្នុងកម្ពុជាប៉ុន្មានទេ នាពេលកន្លងមក។ ប៉ុន្តែ ពេលនេះ ជប៉ុន ដែលជាប្រទេសមួយរក្សាជំហររឹងមាំក្នុងការផ្តល់ជំនួយឲ្យកម្ពុជា ស្រាប់តែចេញមុខមកឈឺឆ្អាល ខណៈការបោះឆ្នោតជិតឈានមកដល់។
លោកស្រី Mitsuko Shino តំណាងប្រទេសជប៉ុនប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអានសុន្ទរកថា ក្នុងកិច្ចប្រជុំលើកទី៣៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ថា រដ្ឋាភិបាលជប៉ុន បារម្ភយ៉ាងខ្លាំង ពីស្ថានការណ៍នៅកម្ពុជា។ តំណាងជប៉ុនរូបនេះ ជំរុញឲ្យគណបក្សកាន់អំណាចនៅកម្ពុជា និងអតីតគណបក្សប្រឆាំងចរចាឲ្យបានមុនការបោះឆ្នោត។
តាមរយៈការអានសុន្ទរកថា លោកស្រីបានលើកឡើងថា មានតែការពិភាក្សារវាងខ្មែរនិងខ្មែរគ្នាឯងប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហា និងកែប្រែស្ថានការណ៍បាន។ លើសពីនេះ លោកស្រីក៏ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ធានាឲ្យបានថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយត្រឹមត្រូវ និងឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា នៅតែមានចិន និងប្រទេសខ្លះទៀតបន្តគាំទ្រ។ ចិនប្រកាសថា រាល់វិធានការ ឬការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា គឺជារឿងផ្ទៃក្នុង។ ដូច្នេះចិនមិនលូកដៃចូលឡើយ។
ផ្ទុយមកវិញ ចិនមានតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយមិនបានដាក់លក្ខខណ្ឌ ឬទាមទារអ្វី ដូចបណ្តាប្រទេសខាងលើនោះទេ។ ម្យ៉ាងទៀត ចិន ក៏គាំទ្រការបោះឆ្នោតរបស់កម្ពុជាដែរ។
ការបង្ហាញជំហរបែបវិជ្ជមានរបស់ចិន ចំពោះកម្ពុជា គឺធ្វើឡើងតាមរយៈ លោក Hu Zhengyue តំណាងរដ្ឋាភិបាលចិន ដែលបានជួបលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅដើមខែកក្កដា ឆ្នាំ២០១៨។
ក្រៅពីប្រទេសធំៗនិងសំខាន់ខាងលើ នៅមានប្រទេសផ្សេងទៀត រួមទាំងអង្គការអន្តរជាតិមួយចំនួន ដែលបានប្រតិកម្មនឹងរដ្ឋាភិបាលកម្ពុជា។ ប្រទេសនូវែលសេឡង់ ដែលតំណាងឲ្យប្រទេស៣៤ផ្សេងទៀត បានធ្វើសេចក្តីថ្លែងការណ៍រួមមួយស្តីពីបញ្ហាកម្ពុជា យកទៅថ្លែងក្នុងកិច្ចប្រជុំលើទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍ ប្រទេសទាំងនោះ បានស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាថា ធ្វើឲ្យប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយ ធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេលចុងក្រោយនេះ។ ពួកគេ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យគណបក្សរបស់លោក ធ្វើសកម្មភាពឡើងវិញ។
ទោះជាមានបរទេសទិតៀន ច្រើនជាងបរទេស ដែលគាំទ្រក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា មិនបារម្ភដែរ។ រដ្ឋាភិបាលកម្ពុជា តែងលើកឡើងពីឯករាជ្យ និងអធិបតេយ្យ ទៅកាន់បណ្តាប្រទេស ដែលជ្រៀតជ្រែក មកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ រដ្ឋាភិបាលកម្ពុជា ប្រកាសថា មិនធ្វើតាមការបង្គាប់បញ្ជារបស់បរទេសណាឡើយ៕
Tag:
បោះឆ្នោត
កម្ពុជា
អាមេរិក
ចិន
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com