កីឡាជាតិ
ជាតិ
Hun Sen Cup៖ ៧គូប្រជែងគ្នានៅថ្ងៃនេះ រីឯជំនួបរវាងយុវជនបាទី-កោះកុងលើកពេល ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ប្រកួតជាមួយក្រុមកោះកុងកាលពីពេលកន្លងទៅ
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៨ ចាប់ផ្តើមប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយហើយ ដោយនៅថ្ងៃពុធ ទី១១ ខែកក្កដានេះ មានការប្រកួតចំនួន៧គូ ដែល៤គូធ្វើឡើងម៉ោង៣:៣០នាទីរសៀល និង៣គូធ្វើឡើងម៉ោង៦:៣០នាទី។ ចំណែកជំនួបរវាងយុវជនអាយុក្រោម១៨ឆ្នាំបាទីជាមួយកោះកុង ត្រូវបានលើកពេលប្រកួត ដោយសារយុវជនបាទីទើបបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ AFF U19 Championship នៅឥណ្ឌូណេស៊ី។
ណាហ្គាវើល, បឹងកេត និងក្រសួងការពារជាតិ ត្រូវបានគេរំពឹងថា អាចមានភាគរយខ្ពស់ក្នុងការឈានទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៨ ដោយសារក្រុមទាំងនេះ ជួបក្រុម ដែលអាចវាយតម្លៃថា មានសមត្ថភាពខ្សោយជាងពួកគេ។ ក្នុងនោះណាហ្គាវើលជួបកំពត, បឹងកេតប៉ះវេស្ទើន និងក្រសួងការពារជាតិតទល់ជាមួយអាស៊ីអឺរ៉ុប។
ណាហ្គាវើល ដែលលេងក្នុងក្របខណ្ឌលីគកំពូល ប្រហែលជាមិនធ្វេសប្រហែសធ្វើឲ្យរបូតគ្រាប់បាល់ ក្រោមស្នាដៃកំពត ដែលជាក្រុមឡើងមកពីវគ្គជម្រុះតាមខេត្តនោះឡើយ ពេលពួកគេជួបគ្នាក្នុងជំនួបជើងទី១វគ្គ១៦ក្រុមចុងក្រោយ នាម៉ោង៣:៣០នាទីរសៀលថ្ងៃទី១១ ខែកក្កដានេះ នៅកីឡដ្ឋានស្តាតចាស់។ ទោះបីយ៉ាងនេះក្តី ណាហ្គាវើល ដែលជាជើងឯករងឆ្នាំចាស់ មិនអាចមើលស្រាលសមត្ថភាពកីឡាករកំពតនោះទេ ព្រោះពួកគេបានបង្ហាញទម្រង់លេងយ៉ាងល្អនាជំនួបថ្នាក់ខេត្តកន្លងមក។
មិនខុសគ្នាពីណាហ្គាវើលឡើយ បឹងកេត ក៏ប្រហែលជាមិនធ្វេសប្រហែសធ្វើឲ្យមានការបំប៉ោងសំណាញ់ទីខ្លួនដូចគ្នា ពេលពួកគេប្រជែងតទល់ជាមួយក្រុមវេស្ទើន នាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានវេស្ទើនភ្នំពេញ។ ក្រុមទាំងពីរសុទ្ធតែលេងក្នុងក្របខណ្ឌកំពូលដូចគ្នា តែបឹងកេតអាចមានភាគខ្ពស់ជាងក្នុងការយកឈ្នះក្នុងជំនួបនេះ។ ហើយបើមើលពីលទ្ធផលក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបឹងកេតក៏ទទួលបានលទ្ធផលល្អជាង វេស្ទើនភ្នំពេញដែរ។ តែយ៉ាងណា យើងមិនអាចមើលស្រាលនោះទេ ព្រោះការប្រកួតនេះ តម្រូវឲ្យក្រុមនីមួយៗប្រើប្រាស់កីឡាករខ្មែរសុទ្ធសាធ។
ជាមួយគ្នានេះ ក្រុមក្រសួងការពារជាតិ ត្រូវពើបប្រទះជាមួយក្រុមលេងក្នុងក្របខណ្ឌលីគកំពូលដូចគ្នា អាស៊ីអឺរ៉ុប នាម៉ោង៦:៣០នាទីល្ងាចនៅកីឡដ្ឋានស្តាតចាស់។ ក្រសួងការពារជាតិ ត្រូវបានគេចាត់ទុកថា ជាក្រុមមានភាគខ្ពស់ជាងក្នុងការឈានទៅវគ្គបន្ត ព្រោះក្រុមនេះសប្បូរកីឡាករ ដែលរួមរស់ជាមួយគ្នាយូរឆ្នាំច្រើន។ ម្យ៉ាងទៀត កីឡាករកម្ពុជារបស់ក្រុនេះភាគច្រើនតំឡើងពីក្រុមយុវជន។
ដោយឡែក ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង អាចប្រឈមនឹងការលំបាកក្នុងការឈានទៅវគ្គបន្ត ទោះបីពួកគេសម្បូរកីឡាករល្អៗច្រើនក៏ដោយ។ ព្រោះព្រះខ័នរាជស្វាយរៀង ត្រូវតតាំងជាមួយវិសាខា នាម៉ោង៦:៣០នាទីល្ងាចនៅកីឡដ្ឋានខេត្តស្វាយរៀង។ ទោះបីវិសាខាជាក្រុមចំណូលថ្មី តែក្រុមនេះមានកីឡាករល្អៗ ដែលអាចផ្តល់ក្តីកង្វល់ដល់ព្រះខ័នរាជស្វាយរៀងជាច្រើនរួមមាន កែវ សុខផេង, ទិត្យ ឌីណា, រស់ សំអឿន, សុខ សុវណ្ណ, សាន គឹមហេង និង ទៀង ទីនី ជាដើម។
ងាកទៅមើលជំនួបរវាងភ្នំពេញក្រោនជាមួយអគ្គិសនីកម្ពុជា ម៉ោង៣:៣០នាទីរសៀល នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ឯណេះវិញ ក្រុមទាំងពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យទស្សនិកជនពិបាកថា ក្រុមណាមួយអាចឈានទៅវគ្គបន្តណាស់។ ភ្នំពេញក្រោនជាក្រុមសម្បូរដោយយុវជនមានសមត្ថភាពច្រើនដូចជា ស៊ិន កក្កដា, សឿត បារាំង, អ៊ិន សូដាវីដ, ប្រាក់ ធីវ៉ា, និង ម៉ៅ ពិសិដ្ឋ ជាដើម។ ចំណែកអគ្គិសនីកម្ពុជាសម្បូរកីឡាករមានបទពិសោធក្នុងការលេងបាល់ទាត់ច្រើន ជាក់ស្តែងក្នុងការប្រកួតលីគកំពូល ក្រុមនេះ ប្រើប្រាស់ធនធានកីឡាករកម្ពុជាទាំងអស់។ កត្តានេះហើយ ធ្វើអគ្គិសនីកម្ពុជាអាចលេងស៊ីសង្វាក់គ្នាបានល្អជាងក៏អាចថាបាន។
សម្រាប់ការប្រកួតកាលពីឆ្នាំ២០១៧ ភ្នំពេញក្រោនក្រោនធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោយចាញ់ណាហ្គាវើលទាំងពីរជើងក្នុងលទ្ធផល ៣-១។ រីឯអគ្គសនីកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះបឹងកេតដោយការទាត់បាល់ប៉េណាល់ទីក្នុងលទ្ធផល ៥-៤ ក្រោយប្រកួត១២០នាទីក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ មុនឡើងមកដល់វគ្គនេះ អគ្គិសនីកម្ពុជាបានទម្លាក់អង្គរថាយហ្គឺរក្នុងវគ្គ១៦ក្រុមចុងក្រោយជាមួយលទ្ធផល ៥-៤ មុនទម្លាក់អគ្គស្នងការនគរបាលជាតិនៅវគ្គ៨ក្រុមក្នុងជ័យជម្នះ ៣-១។
នៅកីឡដ្ឋានខេត្តសៀមរាបម៉ោង៣:៣០នាទីរសៀលនេះដែរ ក្រុមចំណូលថ្មីសូលទីឡូអង្គរ ប៉ះជាមួយក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា គឺក្រុមអង្គរថាយហ្គឺរ។ ចំណែកអគ្គស្នងការនគរបាលជាតិ ប្រជែងតទល់ជាមួយគីរីវង់សុខសែនជ័យជើងឯករងពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ម៉ោង៦:៣០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ។
ដោយឡែក ជំនួបរវាងក្រុមកោះកុងជាមួយក្រុមយុវជនបាទីអាយុក្រោម១៨ឆ្នាំ ដែលគ្រោងធ្វើឡើងនៅម៉ោង៣:៣០នាទីរសៀលថ្ងៃទី១១ ខែកក្កដានេះ នាកីឡដ្ឋានខេត្តកោះកុង ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាលើកពេលទៅប្រកួតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨វិញ។
ពាក់ព័ន្ធនឹងការលើកពេលនេះដែរ លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបាននិយាយថា ដោយសារការប្រកួតជើងទី១រវាងក្រុមទាំងពីរ ជាន់នឹងកាលបរិច្ឆេទប្រឡងរបស់ក្រុមយុវជនបាទីអាយុក្រោម១៨ឆ្នាំ។ ម្យ៉ាងទៀត ក្រុមកីឡាករយុវជនបាទីទើបបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ AFF U19 Championship 2018 នៅប្រទេសឥណ្ឌូណេស៊ី។
«ដោយសារកាលបរិច្ឆេទប្រកួតចាស់ជាន់ជាមួយកម្មវិធីប្រឡងរបស់កីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី CNCC សម្រេចលើកការប្រកួតជើងទី១ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន រវាងក្រុមកោះកុងជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ»។ នេះជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ CNCC។
តាមកាលបរិច្ឆេទចាស់ការប្រកួតជើងទី១រវាងក្រុមទាំងពីរគ្រោងធ្វើឡើងនៅថ្ងៃទី១១ កក្កដា និងជើងទី២នៅថ្ងៃទី១៨ ខែកក្កដា។ ក្រោយមានការកែប្រែ ការប្រកួតជើងទី១ធ្វើឡើងនៅថ្ងៃទី២២ កក្កដា និងជើងទី២នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨៕
Tag:
Hun Sen Cup 2018
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com