កីឡាជាតិ
ជាតិ
Hun Sen Cup៖ ៧​គូប្រជែង​គ្នា​នៅថ្ងៃនេះ រីឯ​ជំនួប​រវាង​យុវជន​បាទី​-​កោះកុង​លើក​ពេល​
11, Jul 2018 , 2:08 pm        
រូបភាព
ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ប្រកួតជាមួយក្រុមកោះកុងកាលពីពេលកន្លងទៅ
ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ប្រកួតជាមួយក្រុមកោះកុងកាលពីពេលកន្លងទៅ
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨ ចាប់ផ្តើម​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ ដោយនៅ​ថ្ងៃ​ពុធ ទី​១១ ខែកក្កដា​នេះ មានការ​ប្រកួត​ចំនួន​៧​គូ ដែល​៤​គូ​ធ្វើឡើង​ម៉ោង​៣:៣០​នាទី​រសៀល និង​៣​គូ​ធ្វើឡើង​ម៉ោង​៦:៣០​នាទី​។ ចំណែក​ជំនួប​រវាង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ជាមួយ​កោះកុង ត្រូវបាន​លើក​ពេល​ប្រកួត ដោយសារ​យុវជន​បាទី​ទើប​បញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍ AFF U19 Championship នៅ​ឥណ្ឌូណេស៊ី​។



​ណាហ្គា​វើ​ល​, បឹងកេត និង​ក្រសួងការពារជាតិ ត្រូវបាន​គេ​រំពឹងថា អាចមាន​ភាគរយ​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨ ដោយសារ​ក្រុម​ទាំងនេះ ជួប​ក្រុម ដែល​អាច​វាយតម្លៃថា មាន​សមត្ថភាព​ខ្សោយ​ជាង​ពួកគេ​។ ក្នុងនោះ​ណាហ្គា​វើ​ល​ជួប​កំពត​, បឹងកេត​ប៉ះ​វេ​ស្ទើ​ន និង​ក្រសួងការពារជាតិ​តទល់​ជាមួយ​អាស៊ី​អឺរ៉ុប​។ 

​ណាហ្គា​វើ​ល ដែល​លេង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល ប្រហែលជា​មិន​ធ្វេសប្រហែស​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់ ក្រោម​ស្នាដៃ​កំពត ដែលជា​ក្រុម​ឡើង​មកពី​វគ្គ​ជម្រុះ​តាម​ខេត្ត​នោះឡើយ ពេល​ពួកគេ​ជួបគ្នា​ក្នុងជំនួប​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុងក្រោយ នា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​១១ ខែកក្កដា​នេះ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ទោះបី​យ៉ាងនេះ​ក្តី ណាហ្គា​វើ​ល ដែលជា​ជើងឯក​រង​ឆ្នាំ​ចាស់ មិនអាច​មើលស្រាល​សមត្ថភាព​កីឡាករ​កំពត​នោះទេ ព្រោះ​ពួកគេ​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នា​ជំនួប​ថ្នាក់​ខេត្ត​កន្លងមក​។

​មិន​ខុសគ្នា​ពី​ណាហ្គា​វើ​ល​ឡើយ បឹងកេត ក៏​ប្រហែលជា​មិន​ធ្វេសប្រហែស​ធ្វើ​ឲ្យ​មានការ​បំប៉ោង​សំណាញ់​ទី​ខ្លួន​ដូចគ្នា ពេល​ពួកគេ​ប្រជែង​តទល់​ជាមួយ​ក្រុម​វេ​ស្ទើ​ន នា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​។ ក្រុម​ទាំងពីរ​សុទ្ធតែ​លេង​ក្នុង​ក្របខណ្ឌ​កំពូល​ដូចគ្នា តែ​បឹងកេត​អាចមាន​ភាគ​ខ្ពស់ជាង​ក្នុងការ​យកឈ្នះ​ក្នុងជំនួប​នេះ​។ ហើយ​បើ​មើល​ពី​លទ្ធផល​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បឹងកេត​ក៏​ទទួលបាន​លទ្ធផល​ល្អ​ជាង វេ​ស្ទើ​ន​ភ្នំពេញ​ដែរ​។ តែ​យ៉ាងណា យើង​មិនអាច​មើលស្រាល​នោះទេ ព្រោះ​ការប្រកួត​នេះ តម្រូវ​ឲ្យ​ក្រុម​នីមួយៗ​ប្រើប្រាស់​កីឡាករ​ខ្មែរ​សុទ្ធសាធ​។

​ជាមួយគ្នានេះ ក្រុម​ក្រសួងការពារជាតិ ត្រូវ​ពើបប្រទះ​ជាមួយ​ក្រុម​លេង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​ដូចគ្នា អាស៊ី​អឺរ៉ុប នា​ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ក្រសួងការពារជាតិ ត្រូវបាន​គេ​ចាត់ទុកថា ជា​ក្រុម​មាន​ភាគ​ខ្ពស់ជាង​ក្នុងការ​ឈានទៅ​វគ្គ​បន្ត ព្រោះ​ក្រុម​នេះ​ស​ប្បូរ​កីឡាករ ដែល​រួមរស់​ជាមួយគ្នា​យូរ​ឆ្នាំ​ច្រើន​។ ម្យ៉ាងទៀត កីឡាករ​កម្ពុជា​របស់​ក្រុ​នេះ​ភាគច្រើន​តំឡើង​ពី​ក្រុមយុវជន​។

​ដោយឡែក ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង អាច​ប្រឈម​នឹង​ការលំបាក​ក្នុងការ​ឈានទៅ​វគ្គ​បន្ត ទោះបី​ពួកគេ​សម្បូរ​កីឡាករ​ល្អៗ​ច្រើន​ក៏ដោយ​។ ព្រោះ​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​តតាំង​ជាមួយ​វិសាខា នា​ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ទោះបី​វិសាខា​ជា​ក្រុម​ចំណូល​ថ្មី តែ​ក្រុម​នេះ​មាន​កីឡាករ​ល្អៗ ដែល​អាច​ផ្តល់​ក្តីកង្វល់​ដល់​ព្រះខ័ន​រាជ​ស្វាយរៀង​ជាច្រើន​រួមមាន កែវ សុខ​ផេង​, ទិ​ត្យ ឌី​ណា​, រស់ សំអឿន​, សុខ សុវណ្ណ​, សាន គឹម​ហេង និង ទៀង ទី​នី ជាដើម​។​

​ងាក​ទៅ​មើល​ជំនួប​រវាង​ភ្នំពេញ​ក្រោ​ន​ជាមួយ​អគ្គិសនី​កម្ពុជា ម៉ោង​៣:៣០​នាទី​រសៀល នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ឯណេះ​វិញ ក្រុម​ទាំងពីរ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ពិបាក​ថា ក្រុម​ណាមួយ​អាច​ឈានទៅ​វគ្គ​បន្ត​ណាស់​។ ភ្នំពេញ​ក្រោ​ន​ជា​ក្រុម​សម្បូរ​ដោយ​យុវជន​មាន​សមត្ថភាព​ច្រើន​ដូចជា ស៊ិន កក្កដា​, សឿត បារាំង​, អ៊ិន សូ​ដា​វីដ​, ប្រាក់ ធី​វ៉ា​, និង ម៉ៅ ពិសិដ្ឋ ជាដើម​។ ចំណែក​អគ្គិសនី​កម្ពុជា​សម្បូរ​កីឡាករ​មាន​បទពិសោធ​ក្នុង​ការលេង​បាល់ទាត់​ច្រើន ជាក់ស្តែង​ក្នុងការ​ប្រកួត​លី​គ​កំពូល ក្រុម​នេះ ប្រើប្រាស់​ធនធាន​កីឡាករ​កម្ពុជា​ទាំងអស់​។ កត្តា​នេះហើយ ធ្វើ​អគ្គិសនី​កម្ពុជា​អាច​លេង​ស៊ីសង្វាក់​គ្នា​បានល្អ​ជាង​ក៏​អាច​ថា​បាន​។

​សម្រាប់​ការប្រកួត​កាលពី​ឆ្នាំ​២០១៧ ភ្នំពេញ​ក្រោ​ន​ក្រោ​ន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ ក្រោយ​ចាញ់​ណាហ្គា​វើ​ល​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ៣-១​។ រីឯ​អគ្គស​នី​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​បឹងកេត​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល ៥-៤ ក្រោយ​ប្រកួត​១២០​នាទី​ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។ មុន​ឡើង​មកដល់​វគ្គ​នេះ អគ្គិសនី​កម្ពុជា​បាន​ទម្លាក់​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ​លទ្ធផល ៥-៤ មុន​ទម្លាក់​អគ្គស្នងកា​រ​នគរបាលជាតិ​នៅ​វគ្គ​៨​ក្រុម​ក្នុង​ជ័យជម្នះ ៣-១​។

​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​ម៉ោង​៣:៣០​នាទី​រសៀល​នេះដែរ ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ ប៉ះ​ជាមួយ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ដូចគ្នា គឺ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​។ ចំណែក​អគ្គស្នងការ​ន​គ​របាល​ជាតិ ប្រជែង​តទល់​ជាមួយ​គីរីវង់​សុខ​សែន​ជ័យ​ជើងឯក​រង​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ដោយឡែក ជំនួប​រវាង​ក្រុម​កោះកុង​ជាមួយ​ក្រុមយុវជន​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​គ្រោង​ធ្វើឡើង​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​១១ ខែកក្កដា​នេះ នា​កីឡដ្ឋាន​ខេត្តកោះកុង ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​លើក​ពេល​ទៅ​ប្រកួត​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨​វិញ​។

​ពាក់ព័ន្ធ​នឹង​ការលើក​ពេលនេះ​ដែរ លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​បាន​និយាយថា ដោយសារ​ការប្រកួត​ជើង​ទី​១​រវាង​ក្រុម​ទាំងពីរ ជាន់​នឹង​កាលបរិច្ឆេទ​ប្រឡង​របស់​ក្រុមយុវជន​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​។ ម្យ៉ាងទៀត ក្រុម​កីឡាករ​យុវជន​បាទី​ទើប​បញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍ AFF U19 Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។

«​ដោយសារ​កាលបរិច្ឆេទ​ប្រកួត​ចាស់​ជាន់​ជាមួយ​កម្មវិធី​ប្រឡង​របស់​កីឡាករ​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី CNCC សម្រេច​លើក​ការប្រកួត​ជើង​ទី​១​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន រវាង​ក្រុម​កោះកុង​ជាមួយ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​»​។ នេះ​ជា​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ CNCC​។

​តាម​កាលបរិច្ឆេទ​ចាស់​ការប្រកួត​ជើង​ទី​១​រវាង​ក្រុម​ទាំងពីរ​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១១ កក្កដា និង​ជើង​ទី​២​នៅ​ថ្ងៃទី​១៨ ខែកក្កដា​។ ក្រោយ​មានការ​កែប្រែ ការប្រកួត​ជើង​ទី​១​ធ្វើឡើង​នៅ​ថ្ងៃទី​២២ កក្កដា និង​ជើង​ទី​២​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨៕  


Tag:
 Hun Sen Cup 2018
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com