អន្តរជាតិ
អឺរ៉ុប​ប្រាប់​លោក ត្រាំ កុំ​យកលុយ​ជាធំ​ជាង​សាមគ្គីភាព មុន​ប្រជុំ NATO នៅ​ព្រុ​ច​សែ​ល​
11, Jul 2018 , 2:27 pm        
រូបភាព
លោក ដូណាល់ ត្រាំ ពេលទៅដល់បែលហ្ស៊ិក (រូបភាព AFP)
លោក ដូណាល់ ត្រាំ ពេលទៅដល់បែលហ្ស៊ិក (រូបភាព AFP)
​ជំនួប​មេដឹកនាំ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១១ ខែកក្កដា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល នឹងធ្វើ​ឡើង​ក្រោម​បរិយាកាស​អាប់អួរ​ជាថ្មីទៀត​។ តាំង​ពីមុន​ទៅដល់​បែលហ្ស៊ិក និង​ទាំង​ពេលទៅដល់​បែលហ្ស៊ិក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្ដើម​វាយប្រហារ​សម្ព័ន្ធមិត្តរ​បស់​ខ្លួន​ជាពិសេស​ការចំណាយ​លុយ​របស់​ណា​តូ ដែលជា​សំណុំរឿង​ចាស់​។ អាកប្បកិរិយា​របស់លោក ត្រាំ កាលពី​ជំនួប G7 រឹតតែ​ធ្វើ​ឲ្យ​មេដឹកនាំ​ណា​តូ​នៅ​អឺរ៉ុប​បារម្ភ​ខ្លាំង​។​



​មេដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ច្រើនជាង​៤០ ដែលជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​រដ្ឋ​ដៃគូ នឹង​ជួបជុំគ្នា​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែកក្កដា នៅ​ទីក្រុង​ព្រុ​ច​សែ​ល​។ ជំនួប​លើក​នេះ ប្រាកដជា​ធ្វើឡើង​ទាំង​ទើសទាល់ ដ្បិត​មេដឹកនាំ​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ ត្រូវ​រក​ផ្លូវ​ដោះស្រាយ​ជាមួយ​នយោបាយ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ពាក់មុខយក្ស​តាំងពី​ពេល​ហោះ​ទៅកាន់​បែលហ្ស៊ិក​មក​នោះ​។​

​កាន់តែ​បារម្ភ​នោះ ស្រមោល​នៃ​ជំនួប G7 ដែល​លោក ត្រាំ មិន​ខ្ចី​ទុក​មុខ​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន អាច​លងបន្លាច​មេដឹកនាំ​អឺរ៉ុប និង​ណា​តូ​ជាថ្មីទៀត​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទ្វីបអឺរ៉ុប​ដើម្បី​ចូល​រូ​ម​ជំនួប​មេដឹកនាំ​ណា​តូ​លើក​នេះ លោក ត្រាំ បាន​ផ្ញើ​សារ​រួចស្រេច​ទៅហើយ គឺ​រដ្ឋ​សមាជិក​ណា​តូ​ត្រូវ​បង់ថ្លៃ​ចំណាយ​ឲ្យ​បាន​ច្រើន​ថែមទៀត​សម្រាប់​អង្គការ​យោធា​មួយ​នេះ ដ្បិត​អាមេរិក​បានចេញ​ថ្លៃ​ច្រើនជាងគេ​រាប់សិប​ឆ្នាំ​មកហើយ​។

១. រឿង​លុយ​ជា​ប្រធានបទ​សំខាន់​របស់លោក ត្រាំ នៅក្នុង​ជំនួប​នៅ​ព្រុ​ច​សែ​ល​

​បញ្ហា​ចំណាយ​របស់​សម្ព័ន្ធ​យោធា​ណា​តូ នៅតែ​ជា​សំណុំរឿង​សំខាន់​ក្នុង​ចិត្ត​របស់លោក ត្រាំ ដដែល​។ កំពុងស្ថិត​លើ​យន្តហោះ លោក ត្រាំ បាន​សរសេរ​តាម Twitter ក្នុងន័យ​រិះគន់​សមាជិក​ណា​តូ​ដែល​មិន​ព្រម​បង្កើន​ការចំណាយ​របស់ខ្លួន​។ ប្រធានាធិបតី​អាមេរិក​បញ្ជាក់ថា ប្រទេស​ជាច្រើន​នៅក្នុង​ណា​តូ មិន​ត្រឹមតែ​មិនអាច​ធ្វើតាម​ការសន្យា​បង្កើន​ការចំណាយ​ការពារជាតិ​ឲ្យ​បាន​២​ភាគរយ​ឡើយ ហើយ​ថែមទាំង​មិន​ព្រម​បង់លុយ​ចំណាយ​របស់ខ្លួន​ទៀត​។​

​តាមពិតទៅ ការសន្យា​បង្កើន​ថវិកា​ការពារជាតិ​ដល់​២​ភាគរយ​នៅត្រឹម​ឆ្នាំ​២០២៤ ត្រូវបាន​ឯកភាពគ្នា​តាំងពី​ឆ្នាំ​២០១៤ មកម្ល៉េះ​។ ចាប់តាំងពី​ពេលនេះ​មក សមាជិក​ណា​តូ​នៅ​អឺរ៉ុប និង​កាណាដា បាន​ពង្រីក​ការចំណាយ​លើ​វិស័យ​ការពារជាតិ​របស់ខ្លួន​រហូតដល់​ជិត​៩០​ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ​២០១៥ មក​។ ប៉ុន្តែ​សមាជិក​ធំៗ​របស់​ណា​តូ​ដូចជា​អាល្លឺម៉ង់​ជាដើម​នោះ នៅ​មិនទាន់​ធ្វើការ​ព្រមព្រៀងគ្នា​នៅឡើយ​ទេ​។​

​នៅមុន​ហោះ​ទៅ​បែលហ្ស៊ិក លោក ត្រាំ ក៏​ឆ្លៀត​និយាយ​វាយប្រហារ​អឺរ៉ុប និង​ប្រកាសថា លោក​មិន​ឲ្យ​អ្នកផ្សេង​កេងចំណេញ​ពី​អាមេរិក​ទៀតឡើយ​។ មេដឹកនាំ​អាមេរិក​ដដែល​ថែមទាំង​និយាយថា ជំនួបរ​វា​លោក​ជាមួយ​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅឯ​ទីក្រុង​ហែល​ស៊ីន​គី​ក្រោយ​ជំនួប​នៅ​ព្រុ​ច​សែ​ល នឹងធ្វើ​ឡើង​ដោយ​ងាយស្រួល​ផង មិន​ដូច​ជំនួប​ជាមួយ​មេដឹកនាំ​ណា​តូ​ឡើយ​។ ចំពោះមុខ​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន លោក ត្រាំ បន្តថា ជំនួប​ណា​តូ​នឹង​មានរឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​។​

២. អឺរ៉ុប​ប្រាប់​លោក ត្រាំ កុំ​យកលុយ​ជាធំ​ជាង​សាមគ្គីភាព

​ជំនួប​មេដឹកនាំ​ណា​តូ​នៅ​បែលហ្ស៊ិក​ដែល​គេ​រំពឹងថា នឹងធ្វើ​ឡើង​ដោយ​តានតឹង ប្រធាន​គណៈកម្មការ​អឺរ៉ុប ដូ​ណា​ល់ ទូ​ស ( Donald Tusk) នៅ​ថ្ងៃទី​១០ ខែកក្កដា បាន​ប្រាប់​ឲ្យ​លោក​ប្រធានាធិបតី ត្រាំ យោគយល់​សម្ព័ន្ធមិត្តរ​បស់​ខ្លួន​ឲ្យ​បាន​ច្រើន​។ ថ្លែង​ក្រោយ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​អឺរ៉ុប និង​ណា​តូ លោក ទូ​ស និយាយថា អាមេរិក​គួរ​គោរព​សម្ព័ន្ធ​របស់ខ្លួន ព្រោះ​ចុងក្រោយ​ទៅ អាមេរិក​មិនមាន​មិត្ត​ច្រើន​ឡើយ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ប្រធាន​គណៈកម្មការ​អឺរ៉ុប​រូបនេះ​ក៏​ឆ្លៀត​ប្រាប់​ឲ្យ​រដ្ឋ​សមាជិក​អឺរ៉ុប​បង្កើន​ការចំណាយ​លើ​វិស័យ​យោធា​ឲ្យ​ច្រើន​ដូចគ្នា ព្រោះ​អាមេរិក​គោរព​សម្ព័ន្ធមិត្ត​ណា​ដែល​ប្រុងប្រៀប​ខ្លួន​បានល្អ និង​បំពាក់​សព្វាវុធ​ត្រឹមត្រូវ​។ «​លុយ​ជា​រឿង​សំខាន់ ប៉ុន្តែ​សាមគ្គីភាព​ពិតប្រាកដ គឺ​រឹតតែ​សំខាន់​ទៅទៀត​។​» នេះ​ជាស​ម្ដី​លោក ទូ​ស ដែល​បន្ថែមថា លោក​ចង់​ឲ្យ​លោក ត្រាំ ចងចាំ​រឿងនេះ​ទុក​ក្នុង​ចិត្ត​អំឡុងពេល​ជំនួប​ណា​តូ​៕


Tag:
 អាមេរិក​
  NATO
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com