រដ្ឋមន្ត្រីការបរទេស​ស​.​រ​.​អា​៖ ការពិភាក្សា​ស្ថិតនៅលើ​ផ្លូវត្រូវ ថ្វីបើ​កូរ៉េខាងជើង​លើកឡើង​បែប​អវិជ្ជមាន​ក៏ដោយ

អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​ស​.​រ​.​អា​៖ ការពិភាក្សា​ស្ថិតនៅលើ​ផ្លូវត្រូវ ថ្វីបើ​កូរ៉េខាងជើង​លើកឡើង​បែប​អវិជ្ជមាន​ក៏ដោយ
11, Jul 2018 , 7:59 pm         328
រូបភាព
រូបភាព៖ REUTERS
រូបភាព៖ REUTERS
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ថ្លែង​នៅក្នុង​រដ្ឋធានី​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ចន្ទ​នៅពេលដែល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​បន្តដំណើ​រ​ទស្សនកិច្ច​ខាង​ការទូត​របស់លោក លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo នៅតែ​មិនទាន់​ឆ្លើយតប​ថា​តើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​ទទួលបាន​លទ្ធផល​ជាក់ស្តែង​ដែរ ឬក៏​យ៉ាងណា​នោះ​។ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​ថ្លែងថា​៖ «​យើង​នៅមាន​ដំណើរ​វែងឆ្ងាយ​ទៀត ក៏ប៉ុន្តែ ការសន្យា​ដែល​បានធ្វើ​ឡើង​ដោយ​កូរ៉េខាងជើង និយាយ​តាម​ត្រង់​ទៅ​គឺថា គីម ជុង​អ៊ុន​បានធ្វើ​ការសន្យា​ដោយផ្ទាល់​ចំពោះ​ប្រធានាធិបតី​ត្រាំ​គឺ​នៅតែ​អនុវត្ត​ដដែល​»​។



​នៅលើ​សារ​តាម​ប្រព័ន្ធ Twitter ប្រធានាធិបតី​ត្រាំ​និយាយថា លោក​មាន​ទំនុកចិត្ត​ថា គីម ជុង​អ៊ុន​នឹង​គោរព​អ្វីដែល​លោក​បាន​ហៅថា «​កិច្ចសន្យា​» ដែល​លោក​ទាំង​២​បាន​ចុះហត្ថលេខា​។ ពួក​អ្នកជំនាញ​និយាយថា ចំពោះ​ជំនួប​របស់​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Pompeo ជាមួយ​មន្ត្រី​កូរ៉េខាងជើង ការណ៍​ដែល​សហរដ្ឋអាមេរិក​ស​ម្តែ​ង​សុទិដ្ឋិនិយម​នោះ ហើយ​កូរ៉េខាងជើង​ដែល​បាន​ហៅ​ជំនួប​នោះ​ថា «​ជាការ​គួរ​ឲ្យ​សោកស្តាយ​» អាចបង្កើត​បានជា​នីតិវិធី​ចរចា​ស្តង់ដារ​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។ លោក James McKeon នៃ​មជ្ឈមណ្ឌល​ត្រួតត្រា​អាវុធ និង​ការមិន​រីកសាយ​អាវុធ​បាន​និយាយថា​៖ «​កូរ៉េខាងជើង​កំពុង​ខិតខំ​រារាំង​យ៉ាងច្បាស់​ក្រឡែត​។ ភាគី​សហរដ្ឋអាមេរិក​កំពុង​ជំរុញ​ឲ្យ​កូរ៉េខាងជើង​លុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឲ្យ​បាន​ឆាប់រហ័ស​ដែលជា​អកុសល វា​មិនមាន​ភាពប្រាកដប្រជា​ទេ​នៅពេលនេះ​។ ដូច្នេះ យើង​នឹង​ឃើញ​ការចរចា​កើតមានឡើង​»​។​

​ពួក​អ្នកវិភាគ​និយាយថា វា​ជាការ​ពិបាក​ដើម្បី​ទទួលបាន​សេចក្តីសម្រេច​ដ៏​ឆាប់រហ័ស​មួយ​សម្រាប់​ការចរចា​អំពី​អាវុធ​នុយក្លេអ៊ែរ​ហើយ​ថា លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Pompeo ប្រហែលជា​ចាំបាច់​ត្រូវ​ជំរុញ​ឡើងវិញ​នូវ​អ្វីដែល​អាចជា​ដំណើរការ​ដ៏​វែង​អន្លាយ​មួយ​។ លោក James McKeon នៃ​មជ្ឈមណ្ឌល​ត្រួតត្រា​អាវុធ និង​ការមិន​រីកសាយ​អាវុធ​បាន​និយាយថា​៖ «​នៅពេល​ឥឡូវនេះ លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Pompeo ទំនង​អាចជា​អ្នកដឹកនាំ​មុខ​នៅក្នុង​ការចរចា​នេះ​។ ក៏ប៉ុន្តែ ក្នុងឋានៈ​ជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​មាន​តួនាទី​យ៉ាងច្រើន​ដែល​លោក​នឹង​ដោះស្រាយ​នៅ​ជុំវិញ​ពិភពលោក​។ ដូច្នេះ ការ​មាន​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Pompeo អាច​មើល​ការខុសត្រូវ​លើ​បញ្ហា​នេះ ក៏ប៉ុន្តែ ផ្ទេរ​តួនាទី​នេះ​ទៅ​ឲ្យ​មន្ត្រីការទូត​ណា​ដែល​យល់​ពិតប្រាកដ​ពី​ស្ថានភាព​កូរ៉េខាងជើង​នឹង​អាចដឹកនាំ​ដោយផ្ទាល់​លើ​បញ្ហា​នេះ​គឺជា​គំនិត​ដ៏​ល្អ​បំផុត​មួយ​»​។​

​លោក McKeon និយាយ​បន្តទៀតថា បញ្ហាសំខាន់​គឺថា សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​នៅ​បន្ត​ការនិយាយ​រកគ្នា​ទៅវិញទៅមក ដោះស្រាយ​បញ្ហា​ពិបាកៗ រួមទាំង​ការ ផ្តល់​និយមន័យ​ពិតប្រាកដ​អំពី​អ្វីដែល​ភាគី​នីមួយៗ​ចង់​សំដៅលើ «​ការធ្វើ​ឲ្យ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12next