ពីនេះ ពីនោះ
ត្រីកាបស មានដើមកំណើតនៅប្រទេសចិន រុស្សីភាគខាងកើត និងប្រទេសម៉ុងហ្គោលី ត្រីកាបស។ រូបភាព៖ ថាច់ ផាណ្ណារ៉ា
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានដើមកំណើត និងរស់នៅពាសពេញអាងទន្លេហីឡុងជាំង ទន្លេយ៉ាងសេ និងទន្លេភៀល (Heilongjiang, Yangtze and Pearl) ក្នុងប្រទេសចិន។ មិនតែប៉ុណ្ណោះ វាក៏មានរស់នៅក្នុងទន្លេអាមើ (Amur River) ក្នុងប្រទេសរុស្សីភាគខាងកើត និងប្រទេសម៉ុងហ្គោលីផងដែរ។
ត្រីកាបស Hypophthalmichthys molitrix មានប្រវែងដងខ្លួនអតិបរមា ១០៥ ស.ម និងទម្ងន់ ៥០គ.ក។ វាស៊ីវារិរុក្ខជាតិ (ហ្វីតូប្លង់តុង) ពោលគឺពពួករុក្ខជាតិនៅក្នុងទឹក ដែលកើតចេញពីរុក្ខជាតិរលួយ និងវារិសត្វ (ហ្ស៊ូអូប្លង់តុង) ដែលកើតចេញពីសត្វរលួយ។ ជាលក្ខណធម្មជាតិរបស់ត្រីកាបស វាធ្វើចរាចរផ្លាស់ទីទៅខ្សែទឹកខាងលើដើម្បីពង បន្ទាប់មក ពងរបស់វានោះ ក៏បានអណ្តែតចុះមកខ្សែទឹកខាងក្រោម ចូលទៅក្នុងតំបន់ទំនាបលិចទឹក។ យើងអាចសម្គាល់ត្រីកាបសបាន តាមរយៈការហែលប៉ប្រះទឹក និងសកម្មភាពដ៏រស់រវើកនៃទម្លាប់លោតចេញពីទឹក នៅពេលមានការរំខាន ឬមានអ្វីធ្វើឲ្យភ្ញាក់ផ្អើល។ ការអភិវឌ្ឍទំបន់វារិអគ្គិសនីយ៉ាងច្រើន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការបន្តពូជរបស់ត្រីប្រភេទនេះនៅប្រទេសចិន។ ប៉ុន្តែ នៅទន្លេអាមើ ក្នុងប្រទេសរុស្សីភាគខាងកើត មិនទាន់រងផលប៉ះពាល់នៅឡើយទេ។ ត្រីកាបស ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីខិតជិតនៃការគំរាមកំហែង ដែលនឹងឈានទៅដល់ការផុតពូជ។ ការនេសាទហួសកម្រិតពីអតីតកាល និងទៅអនាគត ការបំពុលបរិស្ថាន ការបាត់បង់ និងការប្រែប្រួលទីជម្រកដោយសារការសាងសង់ទំបន់វារិអគ្គិសនី ទំនងជាបញ្ហាអវិជ្ជមាន ដែលបន្តប៉ះពាល់ដល់ជីវិតមច្ឆាប្រភេទនេះ។
© រក្សាសិទ្ធិដោយ thmeythmey.com