ពីនេះ ពីនោះ
ត្រី​កា​បស មាន​ដើមកំណើត​នៅ​ប្រទេស​ចិន រុស្សី​ភាគ​ខាងកើត និង​ប្រទេស​ម៉ុង​ហ្គោ​លី​
11, Jul 2018 , 6:59 pm        
រូបភាព
   ត្រី​កា​បស​។  រូបភាព​៖ ថាច់ ផា​ណ្ណា​រ៉ា​
ត្រី​កា​បស​។ រូបភាព​៖ ថាច់ ផា​ណ្ណា​រ៉ា​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​ដើមកំណើត និង​រស់នៅ​ពាសពេញ​អាង​ទន្លេ​ហី​ឡុង​ជាំ​ង ទន្លេ​យ៉ាង​សេ និង​ទន្លេ​ភៀ​ល (Heilongjiang, Yangtze and Pearl) ក្នុងប្រទេស​ចិន​។ មិនតែប៉ុណ្ណោះ វា​ក៏មាន​រស់នៅក្នុង​ទន្លេ​អា​មើ (Amur River) ក្នុងប្រទេស​រុស្សី​ភាគ​ខាងកើត និង​ប្រទេស​ម៉ុង​ហ្គោ​លី​ផងដែរ​។



​ត្រី​កា​បស Hypophthalmichthys molitrix មាន​ប្រវែង​ដងខ្លួន​អតិបរមា ១០៥ ស​.​ម និង​ទម្ងន់ ៥០​គ​.​ក​។ វា​ស៊ី​វារិ​រុក្ខជាតិ (​ហ្វី​តូ​ប្លង់តុង​) ពោលគឺ​ពពួក​រុក្ខជាតិ​នៅក្នុង​ទឹក ដែល​កើតចេញពី​រុក្ខជាតិ​រលួយ និង​វារិ​សត្វ (​ហ្ស៊ូ​អូ​ប្លង់តុង​) ដែល​កើតចេញពី​សត្វ​រលួយ​។ ជា​លក្ខណ​ធម្មជាតិ​រប​ស់ត្រី​កា​បស វា​ធ្វើចរាចរ​ផ្លាស់​ទី​ទៅ​ខ្សែទឹក​ខាងលើ​ដើម្បី​ពង បន្ទាប់មក ពង​របស់​វា​នោះ ក៏បាន​អណ្តែត​ចុះមក​ខ្សែទឹក​ខាងក្រោម ចូលទៅក្នុង​តំបន់​ទំនាប​លិច​ទឹក​។ យើង​អាច​សម្គាល់​ត្រី​កាប​សបាន តាមរយៈ​ការ​ហែល​ប៉ប្រះ​ទឹក និង​សកម្មភាព​ដ៏​រស់​រវើក​នៃ​ទម្លាប់​លោត​ចេញពី​ទឹក នៅពេល​មានការ​រំខាន ឬ​មាន​អ្វី​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​។ ការអភិវឌ្ឍ​ទំ​បន់​វារិ​អគ្គិសនី​យ៉ាងច្រើន បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការបន្ត​ពូជ​របស់​ត្រី​ប្រភេទ​នេះ​នៅ​ប្រទេស​ចិន​។ ប៉ុន្តែ នៅ​ទន្លេ​អា​មើ ក្នុងប្រទេស​រុស្សី​ភាគ​ខាងកើត មិនទាន់​រង​ផលប៉ះពាល់​នៅឡើយ​ទេ​។ ត្រី​កា​បស ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ខិតជិត​នៃ​ការគំរាមកំហែង ដែល​នឹង​ឈានទៅដល់​ការ​ផុត​ពូជ​។ ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​ទៅ​អនាគត ការបំពុល​បរិស្ថាន ការបាត់បង់ និង​ការប្រែប្រួល​ទីជម្រក​ដោយសារ​ការសាងសង់​ទំ​បន់​វារិ​អគ្គិសនី ទំនងជា​បញ្ហា​អវិជ្ជមាន ដែល​បន្ត​ប៉ះពាល់​ដល់​ជីវិត​មច្ឆា​ប្រភេទ​នេះ​។​


© រក្សាសិទ្ធិដោយ thmeythmey.com