ជាតិ
បោះឆ្នោត
អាវុធហត្ថ ប្រាប់​ឲ្យ​ពលរដ្ឋ​កុំ​ព្រួយបារម្ភ​រឿង​ចល័ត​កម្លាំង​
11, Jul 2018 , 8:19 pm        
រូបភាព
រូបពីវេបសាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស
រូបពីវេបសាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស
​ភ្នំពេញ​៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រាប់​ឲ្យ​ពលរដ្ឋ កុំ​មានការ​ព្រួយបារម្ភ​រឿង​ចល័ត​កម្លាំង នៅ​ថ្ងៃទី​១២ កក្កដា​។ ការ​ចល័ត​កងកម្លាំង​នេះ ត្រូវ​បញ្ជូនទៅ​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ទិវា​កងរាជអាវុធហត្ថ នៅ​ខេត្តស្វាយរៀង​។​



​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លោក អេង ហ៊ី បាន​និយាយថា មូលហេតុ​នៃ​ការ​ចល័ត​កម្លាំង​នេះ ព្រោះ​ទទួលបាន​ការអនុញ្ញាត​ពី​ខាង​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ សម្រាប់​ការបញ្ជូន​កម្លាំង​ទៅ​ចូលរួម​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ទិវា​កងរាជអាវុធហត្ថ ដោយមាន​ការដឹង​ឭ ពី​ខាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផងដែរ​។ លោក អេង ហ៊ី បាន​បន្ថែមថា ការ​ចល័ត​ទ័ព​នេះ គ្មាន​គោលបំណង​គំរាមកំហែង​ដល់​ពលរដ្ឋ នៅក្នុង​អំឡុងពេល​បោះឆ្នោត​នេះ​ទេ​។ លោក អេង ហ៊ី ប្រាប់​ឲ្យ​ពលរដ្ឋ កុំ​ព្រួយបារម្ភ​រឿង​ចល័ត​កម្លាំង​នេះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​រូបនេះ បាន​បកស្រាយ​ដូច្នេះ​ថា​៖«​ការ​ចល័ត​នេះ គឺ​យើង​មិនមែន​ចល័ត​ឲ្យ​គេ​ឃើញ​ទេ គឺ​ធ្វើ​ឲ្យ​ឃើញ​នៅពេល​យប់ ហើយ​ការជូនដំណឹង​នេះ គឺ​ដើម្បី​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​។ យើង​ក៏បាន​ជូនដំណឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​។ ហើយ​ការ​ប្រកាសជូន​ព័ត៌មាន​នេះ គឺ​សម្រាប់​ឲ្យ​សាធារណជន​ទាំងអស់ ដើម្បី​ឲ្យ​គាត់​យល់​ជ្រាប ។ ហើយ​ការ​ចល័ត​ទ័ព​ទាំងនេះ គឺ​គ្មាន​អាវុធ​ទេ​។ កងរាជអាវុធហត្ថ គឺជា​កម្លាំង​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ អត់​មាន​គោលបំណង​គំរាមកំហែង​ទេ​»​។​

​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ប​ញ្ចូ​ន​កងកម្លាំង​៨០០​នាក់ ទៅ​ចូលរួម​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ទិវា​កងរាជអាវុធហត្ថ និង​ការសម្ពោធ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ក្នុង​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​១៤ កក្កដា​។ ប៉ុន្តែ​ការ​ចល័ត​កម្លាំង​នេះ គឺ​ត្រូវ​រៀបចំ​ចេញពី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១២ កក្កដា​។ នេះ​ជាការ​បញ្ជាក់​របស់លោក អេង ហ៊ី ដែល​បាន​ពន្យល់ថា ការរៀបចំ​ខួប​អនុស្សាវរីយ៍​កងរាជអាវុធហត្ថ​នេះ គឺធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​រម្លឹក​ដល់​ថ្ងៃកំណើត​របស់​កងរាជអាវុធហត្ថ នៅ​ថ្ងៃទី​១៤ កក្កដា ១៩៩៣៕


Tag:
 អេង ហ៊ី
  កងរាជអាវុធហត្ថ​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com