អត្ថបទពាណិជ្ជកម្ម
CIMB ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលសំខាន់ខ្លាំងដល់សេដ្ឋកិច្ចជាតិ
× ភ្នំពេញ៖ ការប្រើប្រាស់ប្រាក់រៀល ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ គឺពិតជាមានសារសំខាន់ណាស់នៅក្នុងសេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសនោះ គឺការប្រើប្រាស់ប្រាក់រៀល បង្ហាញពីកិត្យានុភាព និងអធិបតេយ្យភាពរបស់ប្រទេសជាតិ។ ដូច្នេះហើយ ធនាគារ CIMB កំពុងចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈសេវានានារបស់ខ្លួន។ ពិសេសគឺ CIMB ផ្តល់ជូនអិតិថិជននូវអត្រាការប្រាក់ រហូតដល់ ៦ ភាគរយទៅដល់អតិថិជនដែលដាក់ប្រាក់បញ្ញើជាប្រាក់រៀល ខណៈដែលអត្រាការប្រាក់ជាប្រាក់ដុល្លារអាមេរិក ត្រឹមតែ ៤ ភាគរយ ប៉ុណ្ណោះ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ក្នុងឆ្នាំ២០១៧ NBC បានដាក់បញ្ចូលប្រាក់រៀលប្រមាណ ៣,៧ពាន់លានរៀលទៅក្នុងទីផ្សារ តាមរយៈការទិញប្រាក់ដុល្លារអាមេរិក ដែលមានតម្លៃសរុប ៩១៥លានដុល្លារអាមេរិក។ ចំនួននេះកើនឡើងប្រមាណ ១១,៤ ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ។
លោក ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានគូសបញ្ជាក់ថា ទំនុកចិត្តនៃការប្រើប្រាស់ប្រាក់រៀល ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិទាំងមូល ជាពិសេសសម្រាប់វិស័យហិរញ្ញវត្ថុ និងធនាគារ។ លោក បន្តថា ការប្រើប្រាស់ប្រាក់រៀល គឺពិតជាមានភាពចាំបាច់ក្នុងការលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុក និងជាពិសេសផ្តល់ផលចំណេញដល់អតិថិជនផ្ទាល់តែម្តង។
ធនាគារ CIMB ស្ថិតក្នុងចំណោមធនាគារពាណិជ្ជដទៃទៀត ដែលកំពុងផ្តល់ផលិតផល និងសេវាកម្មធនាគារជាប្រាក់រៀល ជាមួយនឹងអត្ថប្រយោជន៍ល្អជាងប្រាក់ដុល្លារ ទៅតាមតម្រូវការរបស់អតិថិជន ក្រោមការគាំទ្រ និងលើកទឹកចិត្តពីធនាគារជាតិ។ នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម CIMB បានគូសបញ្ជាក់ថា៖« ក្នុងនាមជាធនាគារពាណិជ្ជថ្នាក់តំបន់ឈានមុខគេមួយក្នុងប្រទេសកម្ពុជា ធនាគារ CIMB មានមោទកភាពក្នុងការរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងគ្រឹះស្ថានធនាគារ ដោយនាំយកផលិតផលធនាគារជាប្រាក់រៀលដ៏សម្បូរបែប ទាំងទៅលើប្រភេទកម្ចី និងប្រាក់បញ្ញើដល់អតិថិជន»។
ជាមួយនឹងមោទកភាពនេះ CIMB ប្តេជ្ញាបង្កើនការផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីសារៈសំខាន់និងរួមចំណែកនៃការប្រើប្រាស់ប្រាក់រៀល ទាំងក្នុងវិស័យធនាគារ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកទាំងមូល ឲ្យស្របតាមការលើកទឹកចិត្ត និងបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃកម្ពុជា។ នេះបើតាមការអះអាងរបស់ លោក ហុង ជៀប។
ជាការពិតណាស់ នេះគឺសម្រាប់ប្រតិបត្តិការធនាគារមួយចំនួន ដូចជាការទូទាត់ក្នុងប្រតិបត្តិការអាជីវកម្ម និងការបង់ពន្ធជាប្រាក់រៀលជាដើម។ អតិថិជនអាចកាត់បន្ថយចំណាយប្រតិបត្តិការ និងបង្កើនការចំណេញបានច្រើន នៅពេលដែលពួកគេមានគណនីធនាគារជាប្រាក់រៀលស្រាប់ ដោយកាត់បន្ថយនូវហានិភ័យពីអត្រាប្តូរប្រាក់។
ជាមួយគ្នានេះ សម្រាប់ការដាក់ផ្ញើប្រាក់បញ្ញើជាប្រាក់រៀល អតិថិជនក៏ទទួលបានអត្រាការប្រាក់ល្អជាងប្រាក់ដុល្លារអាមេរិកផងដែរ។ ឧទាហរណ៍ សម្រាប់គណនីបញ្ញើប្រាក់រៀលមានកាលកំណត់ ធនាគារ CIMB ផ្តល់ជូនអិតិថិជន នូវអត្រាការប្រាក់ រហូតដល់ ៦ ភាគរយ ខណៈដែលអត្រាការប្រាក់ ជាប្រាក់ដុល្លារអាមេរិក ត្រឹមតែ ៤ ភាគរយ ប៉ុណ្ណោះ។
តាមរយៈការជួយឧបត្ថម្ភដ៏ថ្លៃថ្លា ពីសំណាក់ធនាគារជាតិនៃកម្ពុជា ប្រាក់រៀលត្រូវបានរំពឹងថា នឹងមានការចរាចរកើនឡើងជាលំដាប់នៅក្នុងប្រទេសកម្ពុជា ដែលជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិ នៃកម្ពុជា នឹងមានលទ្ធភាពកាន់តែច្រើន ក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។ ប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ការប្រើប្រាស់ប្រាក់រៀលតែមួយមុខ ក៏នឹងលើកកម្ពស់កិត្យានុភាព និងអធិបតេយ្យភាពរបស់ប្រទេសជាតិយើង៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com