អន្តរជាតិ
ប្រធានាធិបតីម៉ិកស៊ិកថ្មី មិនយកអង្គរក្ស, មិនស្នាក់នៅវិមានប្រធានាធិបតី, កាត់ប្រាក់ខែពាក់កណ្តាល...
× ប្រធានាធិបតីជាប់ឆ្នោតម៉ិកស៊ិកលោក អាន់ដ្រេ ម៉ានុយអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) ធ្វើឲ្យគេគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងដោយលោកប្រកាសលែងប្រើអង្គរក្ស, លះបង់សិទ្ធិរស់នៅវិមានប្រធានាធិបតី និងប្រាក់ខែពាក់កណ្តាល ក៏ដូចជាបុព្វសិទ្ធិប្រើយន្តហោះប្រធានាធិបតីទៀត។
លោក ឡូប៉េស អូប្រាឌ័រ បានជាប់ឆ្នោតជាប្រធានាធិបតីនៅថ្ងៃ ១ ខែកក្កដាកន្លងទៅ ហើយលោកជាអ្នកនយោបាយឆ្វេងនិយមប្រឆាំងគោលនយោបាយប្រឆាំងរដ្ឋាភិបាលមុនៗផង។ លោកបានសន្យាអនុវត្តកំណែទម្រង់ការដឹកនាំទ្រង់ទ្រាយធំមិនធ្លាប់មានតាមរយៈការកម្ចាត់អំពើពុករលួយ និងអនុវត្តគោលនយោបាយត្បិតត្បៀតផងដែរ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រធានាធិបតីជាប់ឆ្នោត អូប្រាឌ័រ វ័យ ៦៤ ឆ្នាំ និងត្រៀមស្បថចូលកាន់តំណែងនៅថ្ងៃ ១ខែធ្នូខាងមុខនេះបានអះអាងថែមទៀតថា ក្រៅពីបោសសម្អាតអំពើពុករលួយ លោកសម្រេចចិត្តមិនប្រើប្រាស់កងអង្គរក្សដើម្បីរក្សាសន្តិសុខ, កាត់ប្រាក់ខែពាក់កណ្តាល និងមិនប្រើយន្តហោះ និងមិនរស់នៅវិមានប្រធានធិបតីថែមទៀត។ លោកអះអាងថា លោកទុកឲ្យប្រជាជនដែលគោរពស្រលាញ់លោក ចោមរោមការពារលោកជំនួសឲ្យអង្គរក្សទៅចុះ។
ការប្រកាសមិនទទួលយកអង្គរក្សដើម្បីរក្សាសុវត្ថិភាពនេះធ្វើឡើងនៅសប្តាហ៍មុនពេលដែលលោកជួបពិភាក្សាជាមួយប្រធានាធិបតីផុតអាណត្តិលោក Enrique Pena Nieto។ ពេលនោះស្ត្រីម្នាក់ដែលរត់ចេញពីក្នុងចំណោមអ្នកគាំទ្រជាច្រើននាក់កាត់ប៉ូលិសនិងទាហានដើម្បីចូលទៅចាប់ដៃប្រធានាធិបតីថ្មីនេះ ហើយលោក អូប្រាឌ័របានថើបរូបរាងជាការស្វាគមន៍ថែមទៀត។
«សូមប្រកាសឲ្យច្បាស់ថា ខ្ញុំមិនចង់បានអង្គរក្សឡើយ។ វាមានន័យថា ប្រជាជនជាអ្នកគាំទ្រនឹងថែរក្សាខ្ញុំ។ ខ្ញុំសង្ឃឹមថា ពួកគេមិនរត់ជាន់ខ្ញុំទៅចុះ»។ លោក អូប្រាឌ័រ ថ្លែងបែបនេះ។
ថ្វីបើការប្រកាសមិនយកអង្គរក្សការពារខ្លួនជារឿងគួរឲ្យកោតសរសើរក៏ដោយ ក្រុមអ្នកជំនាញ និងក្រុមអ្នកគាំទ្រលោកក៏បង្ហាញក្តីបារម្ភ និងរិះគន់ការប្រកាសបែបនេះដែរ។ អ្នកជំនាញយល់ថា វាមិនមែនជារឿងសន្តិសុខផ្ទាល់ខ្លួនរបស់ប្រធានាធិបតីមួយមុខទេ ប៉ុន្តែវាជាបញ្ហាសន្តិសុខជាតិទាំងមូល។
«វាមានសន្តិសុខផ្ទាល់ខ្លួន គ្រួសារ បញ្ហាសម្ងាត់នៃទំនាក់ទំនង រួមជាមួយការការពារបណ្តាមេដឹកនាំបរទេសដែលមកទស្សនកិច្ចនៅម៉ិកស៊ិកផង ដែលវាសុទ្ធសឹងតែជាបញ្ហាសន្តិសុខជាតិ។ អ្នកជំនាញសន្តិសុខ និងជាអតីតភ្នាក់ងារចារកម្មម៉ិកស៊ិក Alejandro Hope បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFPបែបនេះ។
លោក Olga Sanchez ដែលលោក អូប្រាឌ័រជ្រើសរើសជាអនាគតរដ្ឋមន្ត្រីមហាផ្ទៃ នោះក៏យល់ឃើញស្រដៀងគ្នាដែរថា សន្តិសុខរបស់ប្រធានាធិបតីជារឿងសំខាន់បំផុតសម្រាប់រដ្ឋម៉ិកស៊ិកព្រោះវាទាក់ទិននឹងការគ្រប់គ្រង និងស្ថិរភាពរបស់រដ្ឋទាំងមូល។
រឿងមួយទៀតគឺ ក្រៅពីកង្វះខាតការធានាសន្តិសុខ ការិយាល័យរបស់លោក អូប្រាឌ័រ ធ្វើការងារនោះវាតូចចង្អៀតទៀតស្ថិតក្នុងផ្ទះចាស់មួយប៉ុណ្ណោះ។ លោក Olga Sanchez ទទួលស្គាល់ថា វាហាក់ដូចជាមិនស័ក្តិសមសម្រាប់ការទទួលស្វាគមន៍មេដឹកនាំបរទេសឡើយ ប៉ុន្តែយ៉ាងណាមិញរដ្ឋាភិបាលថ្មីមានជំហរច្បាស់លាស់គឺធ្វើយ៉ាងណាត្បិតត្បៀតតាមដែលអាចធ្វើបាន។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោតលោក អូប្រាឌ័រ នឹងជួបជាមួយមេដឹកនាំតំណាងក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រខាងមុខដែលក្នុងនោះមានទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោក Kirstjen Nielsen រដ្ឋមន្ត្រីរតនាគារលោក Steven Mnuchin និងទីប្រឹក្សាប្រធានាធិបតី លោក Jared Kushner ផងដែរនៅការិយាល័យដ៏តូចរបស់ខ្លួន៕
Tag:
ម៉ិកស៊ិក
ឡូប៉េ អូប្រាឌ័រ
© រក្សាសិទ្ធិដោយ thmeythmey.com