អន្តរជាតិ
​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​ថ្មី មិន​យក​អង្គរក្ស​, មិន​ស្នាក់នៅ​វិមាន​ប្រធានាធិបតី​, កាត់​ប្រាក់ខែ​ពាក់កណ្តាល​...
12, Jul 2018 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ជាប់ឆ្នោត​ម៉ិ​ក​ស៊ិ​កលោក អាន់ដ្រេ ម៉ា​នុយ​អែល ឡូ​ប៉េស អូ​ប្រា​ឌ័​រ (Andres Manuel Lopez Obrador) ធ្វើ​ឲ្យ​គេ​គ្រប់គ្នា​ភ្ញាក់ផ្អើល​ខ្លាំង​ដោយ​លោក​ប្រកាស​លែង​ប្រើ​អង្គរក្ស​, លះបង់​សិទ្ធិ​រស់នៅ​វិមាន​ប្រធានាធិបតី និង​ប្រាក់ខែ​ពាក់កណ្តាល ក៏ដូចជា​បុព្វសិទ្ធិ​ប្រើ​យន្តហោះ​ប្រធានាធិបតី​ទៀត​។



​លោក ឡូ​ប៉េស អូ​ប្រា​ឌ័​រ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ ១ ខែកក្កដា​កន្លងទៅ ហើយ​លោក​ជា​អ្នកនយោបាយ​ឆ្វេងនិយម​ប្រឆាំង​គោលនយោបាយ​ប្រឆាំង​រដ្ឋាភិបាល​មុនៗ​ផង​។ លោក​បាន​សន្យា​អនុវត្ត​កំណែទម្រង់​ការដឹកនាំ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​តាមរយៈ​ការ​កម្ចាត់​អំពើពុករលួយ និង​អនុវត្ត​គោលនយោបាយ​ត្បិតត្បៀត​ផងដែរ​។

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​ជាប់ឆ្នោត អូ​ប្រា​ឌ័​រ វ័យ ៦៤ ឆ្នាំ និង​ត្រៀម​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ ១​ខែធ្នូ​ខាងមុខនេះ​បាន​អះអាង​ថែម​ទៀតថា ក្រៅពី​បោសសម្អាត​អំពើពុករលួយ លោក​សម្រេចចិត្ត​មិន​ប្រើប្រាស់​កង​អង្គរក្ស​ដើម្បី​រក្សា​សន្តិសុខ​, កាត់​ប្រាក់ខែ​ពាក់កណ្តាល និង​មិន​ប្រើ​យន្តហោះ និង​មិន​រស់នៅ​វិមាន​ប្រធាន​ធិបតី​ថែមទៀត​។ លោក​អះអាងថា លោក​ទុក​ឲ្យ​ប្រជាជន​ដែល​គោរព​ស្រលាញ់​លោក ចោមរោម​ការពារ​លោក​ជំនួស​ឲ្យ​អង្គរក្ស​ទៅ​ចុះ​។​

​ការប្រកាស​មិន​ទទួលយក​អង្គរក្ស​ដើម្បី​រក្សា​សុវត្ថិភាព​នេះ​ធ្វើឡើង​នៅ​សប្តាហ៍​មុនពេល​ដែល​លោក​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ផុត​អាណត្តិ​លោក Enrique Pena Nieto​។ ពេលនោះ​ស្ត្រី​ម្នាក់​ដែល​រត់​ចេញពី​ក្នុងចំណោម​អ្នកគាំទ្រ​ជាច្រើន​នាក់​កាត់​ប៉ូលិស​និង​ទាហាន​ដើម្បី​ចូលទៅ​ចាប់ដៃ​ប្រធានាធិបតី​ថ្មី​នេះ ហើយ​លោក អូ​ប្រា​ឌ័​របា​ន​ថើប​រូបរាង​ជាការ​ស្វាគមន៍​ថែមទៀត​។​

«​សូម​ប្រកាស​ឲ្យ​ច្បាស់​ថា ខ្ញុំ​មិន​ចង់បាន​អង្គរក្ស​ឡើយ​។ វា​មានន័យថា ប្រជាជន​ជា​អ្នកគាំទ្រ​នឹង​ថែរក្សា​ខ្ញុំ​។ ខ្ញុំ​សង្ឃឹមថា ពួកគេ​មិន​រត់​ជាន់​ខ្ញុំ​ទៅ​ចុះ​»​។ លោក អូ​ប្រា​ឌ័​រ ថ្លែង​បែបនេះ​។
​ថ្វីបើ​ការប្រកាស​មិន​យក​អង្គរក្ស​ការពារ​ខ្លួន​ជា​រឿង​គួរ​ឲ្យ​កោតសរសើរ​ក៏ដោយ ក្រុម​អ្នកជំនាញ និង​ក្រុម​អ្នកគាំទ្រ​លោក​ក៏​បង្ហាញ​ក្តីបារម្ភ និង​រិះគន់​ការប្រកាស​បែបនេះ​ដែរ​។ អ្នកជំនាញ​យល់ថា វា​មិនមែនជា​រឿង​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​មួយ​មុខ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​សន្តិសុខ​ជាតិ​ទាំងមូល​។​

«​វា​មាន​សន្តិសុខ​ផ្ទាល់ខ្លួន គ្រួសារ បញ្ហា​សម្ងាត់​នៃ​ទំនាក់ទំនង រួមជាមួយ​ការការពារ​បណ្តា​មេដឹកនាំ​បរទេស​ដែល​មក​ទស្សនកិច្ច​នៅ​ម៉ិ​ក​ស៊ិ​ក​ផង ដែល​វា​សុទ្ធសឹងតែ​ជា​បញ្ហា​សន្តិសុខ​ជាតិ​។ អ្នកជំនាញ​សន្តិសុខ និង​ជា​អតីត​ភ្នាក់ងារ​ចារកម្ម​ម៉ិ​ក​ស៊ិ​ក Alejandro Hope បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​បែបនេះ​។ 

​លោក Olga Sanchez ដែល​លោក អូ​ប្រា​ឌ័​រ​ជ្រើសរើស​ជា​អនាគត​រដ្ឋមន្ត្រី​មហាផ្ទៃ នោះ​ក៏​យល់ឃើញ​ស្រដៀង​គ្នា​ដែរ​ថា សន្តិសុខ​របស់​ប្រធានាធិបតី​ជា​រឿង​សំខាន់បំផុត​សម្រាប់​រដ្ឋ​ម៉ិ​ក​ស៊ិ​ក​ព្រោះ​វា​ទាក់ទិន​នឹង​ការគ្រប់គ្រង និង​ស្ថិរភាព​របស់​រដ្ឋ​ទាំងមូល​។

​រឿង​មួយទៀត​គឺ ក្រៅពី​កង្វះខាត​ការធានា​សន្តិសុខ ការិយាល័យ​របស់លោក អូ​ប្រា​ឌ័​រ ធ្វើការ​ងារ​នោះ​វា​តូចចង្អៀត​ទៀត​ស្ថិត​ក្នុងផ្ទះ​ចាស់​មួយ​ប៉ុណ្ណោះ​។ លោក Olga Sanchez  ទទួលស្គាល់ថា វា​ហាក់ដូចជា​មិន​ស័ក្តិសម​សម្រាប់​ការទទួល​ស្វាគមន៍​មេដឹកនាំ​បរទេស​ឡើយ ប៉ុន្តែ​យ៉ាងណាមិញ​រដ្ឋាភិបាល​ថ្មី​មាន​ជំហរ​ច្បាស់លាស់​គឺ​ធ្វើយ៉ាងណា​ត្បិតត្បៀត​តាម​ដែល​អាច​ធ្វើបាន​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុងនាម​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​លោក អូ​ប្រា​ឌ័​រ នឹង​ជួប​ជាមួយ​មេដឹកនាំ​តំណាង​ក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​សុក្រ​ខាងមុខ​ដែល​ក្នុងនោះ​មាន​ទាំង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​លោក Kirstjen Nielsen រដ្ឋមន្ត្រី​រតនាគារ​លោក Steven Mnuchin និង​ទីប្រឹក្សា​ប្រធានាធិបតី លោក Jared Kushner ផងដែរ​នៅ​ការិយាល័យ​ដ៏​តូច​របស់ខ្លួន​៕



Tag:
 ម៉ិ​ក​ស៊ិ​ក​
  ឡូ​ប៉េ អូ​ប្រា​ឌ័​រ​
© រក្សាសិទ្ធិដោយ thmeythmey.com