អន្តរជាតិ
លោក ប្រា​យុទ្ធ​៖ គ្មាន​រដ្ឋាភិបាល​កើត​ក្រោយ​រដ្ឋប្រហារ​ណា មាន​សមិទ្ធផល​ច្រើន​ដូច​ខ្ញុំ​ឡើយ​
11, Jul 2018 , 8:39 pm        
រូបភាព
មេដឹកនាំរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព The Nation)
មេដឹកនាំរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព The Nation)
មេដឹកនាំ​របប​យោធា​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១០ ខែកក្កដា បាន​និយាយ​អួតអាង​ពី​ការដឹកនាំ​របស់ខ្លួន ទោះជា​មានការ​រិះគន់​ខ្លាំង​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​ការលើក​ពេល​ការបោះឆ្នោត​ម្ដង​ជា​ពីរដង​ក្ដី​។ ជាមួយនឹង​ការ​កាន់អំណាច​ពេញដៃ​ក្រោយ​រដ្ឋប្រហារ​ខែឧសភា ឆ្នាំ​២០១៤ មក​នោះ លោក ប្រា​យុទ្ធ អះអាងថា រដ្ឋាភិបាល​របស់លោក​បាន​ប្រឹងប្រែង​ធ្វើការ​យ៉ាងខ្លាំង ហើយក៏​សម្រេចបាន​លទ្ធផល​ជាច្រើន​ដែរ​។



​ក្នុងចំណោម​រដ្ឋាភិបាល​ក្រោយ​រដ្ឋប្រហារ​ទាំងអស់ តើ​ពួកគេ​មានបាន​ធ្វើ​ការងារ​ដូច​រដ្ឋាភិបាល​ខ្ញុំ​ទេ​? រដ្ឋាភិបាល​ខ្ញុំ​បន្ត​អភិវឌ្ឍ ឯ​បរទេស​បាន​លើកសរសើរ​យើង​ផង​។ នេះ​ជា​សម្ដី​របស់​ប្រមុខ​រដ្ឋាភិបាលយោធា​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១០ ខែកក្កដា ដែល​បាន​បង្កប់ន័យ​អួតអាង​ពី​សមិទ្ធផល​របស់​រដ្ឋា​ភិ​បាល​លោក​ក្នុង​រយៈពេល​៤​ឆ្នាំក្រោយ​ប្រហារ​ឆ្នាំ​២០១៤ ខណៈ​សហគមន៍​អន្តរជាតិ​រិះគន់​ពេញៗ​មាត់​នាពេល​កន្លងមក​។​

​យោងតាម​សារព័ត៌មាន​ថៃ The Nation លោក ប្រា​យុទ្ធ បាន​ប្រាប់​តារា​សម្ដែង និង​ចម្រៀង​ជើងចាស់​នៅ​វិមាន​រដ្ឋាភិបាល ថា គ្មាន​ប្រទេស​កំពុង​អភិវឌ្ឍ​ណាមួយ អាច​សម្រេចបាន​លទ្ធផល​ដូច​រដ្ឋាភិបាល​លោក​ឡើយ ហើយ​លោក​ចង់​ចែករំលែក​មោទកភាព​នេះ​ជាមួយ​អ្នកចូលរួម​ទាំងអស់​។ យ៉ាងណាមិញ ប្រមុខ​របប​យោធា​រូបនេះ មិនបាន​បរិយាយ​ឲ្យ​បាន​លម្អិត​ពី​សមិទ្ធផល​របស់​ថៃ​ក្រោម​ការដឹកនាំ​របស់លោក​ឡើយ​។​

​បន្ថែម​ពីលើ​នោះ លោក ប្រា​យុទ្ធ ដែល​បាន​ពន្យារពេល​បោះឆ្នោត​ម្ដង​ជា​ពីរដង និង​សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បើកផ្លូវ​ឲ្យ​ខ្លួន​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្រោយ​ការបោះឆ្នោត​ខាងមុខ​នោះ បានប្រកាស​ដែរ​ថា លោក​គ្មាន​បំណង​ក្រាញ​អំណាច​អ្វី​ឡើយ​។ ជាមួយនឹង​ការពេញចិត្ត​ការដឹកនាំ​របស់ខ្លួន មេដឹកនាំ​របប​យោធា​រូបនេះ​សង្កត់ធ្ងន់ថា លោក​មិនដែល​ទទួលបាន​ផលប្រយោជន៍​ពី​តំណែង​នាយករដ្ឋមន្ត្រី​ទេ ហើយ​លោក​មិនមែនជា​អ្នកជំនួញ​ឡើយ ដូចនេះ​គ្មាន​ការចាំបាច់​ដើម្បី​ទាញ​ប្រយោជន៍​ដែរ​។ 

​បក​ក្រោយ​បន្តិច​ទៅកាន់​ខែឧសភា ឆ្នាំ​២០១៤ លោក ប្រា​យុទ្ធ ដែល​កាលនោះ​មាន​តំណែង​ជា​មេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ​ក៏មាន​ឥទ្ធិពល បាន​ដឹកនាំ​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ស៊ីវិល​ដែល​ដឹកនាំ​ដោយ​បក្ស​ភឿ​ថៃ​។ មូលហេតុ​នៅ​ពីក្រោយ គឺ​ដោះស្រាយ​បញ្ហា​សង្គម​ដែល​បែកបាក់​ដោយសារ​វិបត្តិ​នយោបាយ​របស់​ក្រុម​អាវ​ក្រហម និង​ក្រុម​អាវ​លឿង​។ ក្រុមប្រឹក្សា​សន្តិភាព និង​សណ្ដាប់ធ្នាប់ (NCPO) ក៏​បង្កើតឡើង​ដើម្បី​ដឹកនាំ​ប្រទេស​។​

​បន្ទាប់ពី​ក្ដាប់​អំណាច​មក​នោះ របប​សឹក​ថៃ​បាន​រឹតត្បិត​សកម្មភាព​នយោបាយ​ទាំងអស់ ហើយ​ហាម​ការជួប​ជុំគ្នា​ទៀតផង​។ របប​យោធា​ក៏​សន្យា​រៀបចំ​ការបោះឆ្នោត​ម្ដង​ហើយ​ម្ដងទៀត តែ​ក៏​ត្រូវបាន​លើក​ពេល​ជា​បន្តបន្ទាប់​ដែរ​។ ទោះ​ជាមាន​រដ្ឋធម្មនុញ្ញ​ថ្មី​ក្នុង​ឆ្នាំ​២០១៧ និង​ច្បាប់​បម្រើការ​បោះឆ្នោត​ក្ដី លោក ប្រា​យុទ្ធ នៅតែ​មិនអាច​ប្រាកដ​ពី​កាលបរិច្ឆេទ​បោះឆ្នោត​ដដែល ទោះជា​សន្យាថា មិន​ឲ្យ​ហួស​ពី​ឆ្នាំ​២០១៩ ក៏ដោយ​៕  


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com