ជាតិ
ជប៉ុន ផ្ដល់ជំនួយជាង១លានដុល្លារអាមេរិកដល់ប្រទេស៤ សម្រាប់គម្រោងប្រព័ន្ធធារាសាស្ត្រមេគង្គក្រោម
× ភ្នំពេញ៖ ជប៉ុន នឹងផ្ដល់ជំនួយជាង១លានដុល្លារអាមេរិក ដល់ប្រទេសចំនួន៤ សម្រាប់គម្រោងប្រព័ន្ធធារាសាស្ត្រមេគង្គក្រោម ដើម្បីដោះស្រាយបញ្ហាប្រឈមនៃអាងទន្លេមេគង្គ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ។
ទឹកប្រាក់១,៤ លានដុល្លារនេះ នឹងចំណាយលើការអនុវត្តសកម្មភាពការងារនានា ក្នុងគម្រោងកែលម្អ ប្រព័ន្ធធារាសាស្ត្រ នៅតាមបណ្តាដងទន្លេមេគង្គ ដែលមានប្រទេសកម្ពុជា ឡាវ ថៃ និង វៀតណាម។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ បានបញ្ជាក់ថា ជំនួយរបស់ជប៉ុន ដែលទ្រទ្រង់គម្រោងប្រទេសទាំង៤នេះ នឹងអនុវត្តរហូតដល់ឆ្នាំ២០២១ ។ គម្រោងអនុវត្តទាំងនោះ គឺធ្វើយ៉ាងណាឲ្យមាននិរន្តរភាពនូវប្រភពធនធានទឹក ផលដំណាំកសិកម្ម ការចរាចររបស់ត្រី និងជីវៈចម្រុះដទៃទៀត នៅក្នុងទន្លេមេគង្គ។
អគ្គនាយកនៃគណៈកម្មការទន្លេមេគង្គ លោក ហ្វាម ទួន ផាន (Pham Tuan Phan) បានបញ្ជាក់ថា ការគាំទ្ររបស់ជប៉ុននេះ ស្របទៅតាមផែនការយុទ្ធសាស្ត្រឆ្នាំ២០១៦-២០២០ សម្រាប់ដោះស្រាយបញ្ហា ប្រឈមសំខាន់ៗ ក្នុងការប្រើប្រាស់ទឹកនៃអាងទន្លេមេគង្គក្រោម។ ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានពីប្រព័ន្ធធារាសាស្ត្រនៅក្នុងអាងទន្លេមេគង្គក្រោម ដែលមានប្រជាជនរាប់លាននាក់ ពឹងផ្អែកលើចំណូល និងប្រភពអាហារចម្បងរបស់ពួកគេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
ចាប់តាំងពីឆ្នាំ២០០១មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង១៣លានដុល្លារអាមេរិកហើយ សម្រាប់គាំទ្រគម្រោងជាច្រើន ដូចជាការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ,ប្រព័ន្ធធារាសាស្ដ្រ ,ការដឹកជញ្ជូនដោយសុវត្ថិភាព ,ការផ្លាស់ប្តូរអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន៕
Tag:
ជប៉ុន
មេគង្គក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com