ជាតិ
ជប៉ុន ផ្ដល់ជំនួយ​ជាង​១​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​៤ សម្រាប់​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​មេគង្គ​ក្រោម
11, Jul 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជប៉ុន នឹង​ផ្ដល់ជំនួយ​ជាង​១​លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​ចំនួន​៤ សម្រាប់​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​មេគង្គ​ក្រោម ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​អាង​ទន្លេមេគង្គ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​។​



​ទឹកប្រាក់​១,៤ លាន​ដុល្លារ​នេះ នឹង​ចំណាយ​លើ​ការអនុវត្ត​សកម្មភាព​ការងារ​នានា ក្នុង​គម្រោង​កែលម្អ ប្រព័ន្ធធារាសាស្ត្រ នៅតាម​បណ្តា​ដង​ទន្លេមេគង្គ ដែលមាន​ប្រទេស​កម្ពុជា ឡាវ ថៃ និង វៀតណាម​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ បាន​បញ្ជាក់ថា ជំនួយ​របស់​ជប៉ុន ដែល​ទ្រទ្រង់​គម្រោង​ប្រទេស​ទាំង​៤​នេះ នឹង​អនុវត្ត​រហូតដល់​ឆ្នាំ​២០២១ ។ គម្រោង​អនុវត្ត​ទាំងនោះ គឺ​ធ្វើយ៉ាងណា​ឲ្យ​មាន​និរន្តរភាព​នូវ​ប្រភពធនធាន​ទឹក ផលដំណាំ​កសិកម្ម ការ​ចរាចរ​របស់​ត្រី និង​ជីវៈចម្រុះ​ដទៃទៀត នៅក្នុង​ទន្លេមេគង្គ​។​

​អគ្គនាយក​នៃ​គណៈកម្មការ​ទន្លេមេគង្គ លោក ហ្វា​ម ទួន ផាន (Pham Tuan Phan) បាន​បញ្ជាក់ថា ការគាំទ្រ​របស់​ជប៉ុន​នេះ ស្របទៅតាម​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០១៦-២០២០ សម្រាប់​ដោះស្រាយ​បញ្ហា ប្រឈម​សំខាន់ៗ ក្នុងការ​ប្រើប្រាស់​ទឹក​នៃ​អាង​ទន្លេមេគង្គ​ក្រោម​។ ជាពិសេស​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ពី​ប្រព័ន្ធធារាសាស្ត្រ​នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម ដែលមាន​ប្រជាជន​រាប់លាន​នាក់ ពឹង​ផ្អែកលើ​ចំណូល និង​ប្រភព​អាហារ​ចម្បង​របស់​ពួកគេ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។​

​ចាប់តាំងពី​ឆ្នាំ​២០០១​មក រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ជាង​១៣​លាន​ដុល្លារ​អាមេរិក​ហើយ សម្រាប់​គាំទ្រ​គម្រោង​ជាច្រើន ដូចជា​ការគ្រប់គ្រង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត ,​ប្រព័ន្ធធារាសាស្ដ្រ ,​ការដឹកជញ្ជូន​ដោយ​សុវត្ថិភាព ,​ការផ្លាស់ប្តូរ​អាកាសធាតុ និង​ការគ្រប់គ្រង​បរិស្ថាន​៕


Tag:
 ​ជប៉ុន​
  មេគង្គ​ក្រោម​
© រក្សាសិទ្ធិដោយ thmeythmey.com