អន្តរជាតិ
ស៊ី ជិនភីង ប្រកាសផ្តល់ជំនួយ ១០៥លានដុល្លារគាំទ្រប្រជាជនប៉ាឡេស្ទីន, ស៊ីរី, យេម៉ែន និងហ្ស៊កដានី
× ក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិន អារ៉ាប់ (CASCF)លើកទីប្រាំបី នៅក្រុងប៉េកាំងនាថ្ងៃ ១០ ខែកក្កដា ប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានប្រកាសផ្តល់ជំនួយមានទំហំ ១០៥លានដុល្លារទៅកាន់បណ្តាប្រទេសរងការញាំញីដោយជម្លោះសង្គ្រាមនៅមជ្ឈិមបូព៌ា។ ប៉ាឡេស្ទីនបានទទួលជំនួយពីចិន ១៥ លានដុល្លារដែរ។
ប្រមុខរដ្ឋចិនដ៏មានឥទ្ធិពលខាងលើបានប្រាប់ប្រតិភូដែលមានវត្តមានក្នុងការបើកជំនួបថ្នាក់រដ្ឋមន្ត្រីនេះថា ជំនួយដែលចិនផ្តល់ឲ្យនោះមានគោលដៅជួយគាំទ្រប្រទេសដែលមានបញ្ហាដូចជាយេម៉ែន, ស៊ីរី, ហ្ស៊កដានី និងប៉ាឡេស្ទីនដើម្បីពង្រឹងសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ។
បើតាមទីភ្នាក់ងារព័ត៌មានចិន Xinhua លោក ស៊ី ជិនភីង បានសង្កត់ធ្ងន់ថាជំនួយ ១០៥លានដុល្លារនេះស្ថិតក្រោមគម្រោងនៃវេទិកាកិច្ចសហប្រតិបត្តិការ CASCF ហើយថវិកាចំនួន ៩០លានដុល្លារនឹងត្រូវផ្តល់ជូនស៊ីរី យេម៉ែន និងហ្ស៊កដានី ខណៈថវិកា ១៥លានដុល្លារផ្សេងទៀតគឺផ្តល់ជូនប៉ាឡេស្ទីន។
គេរំពឹងថា ជំនួយដែលជាសណ្តានចិត្តរបស់ចិនសម្រាប់ទ្រទ្រង់ប្រជាជនប៉ាឡេស្ទីននេះនឹងរួមចំណែយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវភាពប្រជាជន និងដោះស្រាយបញ្ហាចំពោះមុខដូចជាបញ្ហាជនភៀសខ្លួនជាដើម។ នេះក៏ដោយសារថវិកាមួយផ្នែកគឺផ្តល់ជូនទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជំនួយប៉ាឡេស្ទីនផងដែរ។
បន្ថែមពីជំនួយ លោក ស៊ី បានប្រាប់ប្រមុខការទូតបណ្តាប្រទេសអារ៉ាប់ប្រហែល ២០ ដែលចូលរួមក្នុងវេទិកានេះថា ចិនត្រៀមរៀបចំសន្និសីទអន្តរជាតិមួយស្តីពីបញ្ហាប៉ាឡេស្ទីនដែលមានគោលដៅគាំទ្រការប្រឹងប្រែងសម្រេចឲ្យបានដំណោះស្រាយរដ្ឋពីរ (two-state solution) អនុលោមតាមគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ឆ្នាំ ២០០២។ ក្រោមគំនិតផ្តួចផ្តើមនេះ រដ្ឋអារ៉ាប់ចង់ឲ្យមានការស្តារទំនននននវនាក់ទំនងជាមួយអ៊ីស្រាអែលឡើងវិញ ជាថ្នូរនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនដែលស្របតាមលក្ខខណ្ឌច្បាស់លាស់មួយចំនួនផងដែរ។
ម្សិលមិញនេះដែរ លោក ស៊ីបានផ្តល់កម្ចី ២០ ពាន់លានដុល្លារដល់រដ្ឋអារ៉ាប់ដើម្បីជំរុញការកសាងឡើងវិញនូវសេដ្ឋកិច្ច និងជំរុញការលូតលាស់នៃវិស័យឧស្សាហកម្មតំបន់ក្រោម«គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយវិថីមួយ»។ ពីកម្ចីហិរញ្ញវត្ថុ ២០ពាន់លានដុល្លារនេះ លោក ស៊ី ក៏ប្រកាសដែរថារដ្ឋាភិបាលចិនត្រៀមលុយប្រហែល ១៥១ លានដុល្លារផ្សេងទៀតសម្រាប់ប្រទេសក្នុងតំបន់ដើម្បីប្រើប្រាស់ក្នុងការពង្រឹងសមត្ថភាពធានាសេ្ថរភាពតំបន់ផងដែរ។
ចាប់ពីឡើងកាន់តំណែងឆ្នាំ ២០១២ លោក ស៊ី ជីនភីង ព្យាយាមពង្រឹងឥទ្ធិពលរបស់មហាអំណាចចិននៅលើពិភពលោកជាពិសេសអាហ្វ្រិក និងមជ្ឈិមបូព៌ាផងដែរ។ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយវិថីមួយ គេឃើញរដ្ឋាភិបាលចិនជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ហើយក្រុមហ៊ុនចិនច្រើនសន្ធឹកបន្តកន្ទុយគ្នាទៅបណ្តាក់ទុនរកស៊ីនៅទីនោះដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះចិនបានសម្រេចបើកមូលដ្ឋានទ័ពរបស់ខ្លួនជាលើកដំបូងនៅរដ្ឋអាហ្វ្រិជីប៊ូទី ដែលជាទីតាំងយុទ្ធសាស្ត្រមួយដែរកន្លងមកនោះ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវេទិកាកិច្ចសហប្រតិបត្តិការចិន អារ៉ាប់ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤មកម្ល៉េះ។ វេទិកាកម្រិតខ្ពស់នេះមានគម្រោងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជរវាងចិននិងរដ្ឋអារ៉ាប់ និងជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យកើនពី ៣៧ ពាន់លានដុល្លារដល់ ១៩១ពាន់លានដុល្លារត្រឹមឆ្នាំ ២០១៧។ ចិនបច្ចុប្បន្ននេះបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតលេខរៀងទីពីររបស់ប្រទេសអារ៉ាប់ផងដែរ៕
Tag:
ចិន
រដ្ឋអារ៉ាប់
CASCF
ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com