ស៊ី ជិន​ភីង ប្រកាស​ផ្តល់ជំនួយ ១០៥លាន​ដុល្លារ​គាំទ្រ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​, ស៊ី​រី​, យេ​ម៉ែន និង​ហ្ស៊​កដា​នី​

អន្តរជាតិ
ស៊ី ជិន​ភីង ប្រកាស​ផ្តល់ជំនួយ ១០៥លាន​ដុល្លារ​គាំទ្រ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​, ស៊ី​រី​, យេ​ម៉ែន និង​ហ្ស៊​កដា​នី​
11, Jul 2018 , 9:59 pm         547
រូបភាព
​ក្នុង​វេទិកា​កិច្ចសហប្រតិបត្តិការ​ចិន អារ៉ាប់ (CASCF)​លើក​ទី​ប្រាំបី នៅ​ក្រុង​ប៉េកាំង​នា​ថ្ងៃ ១០ ខែកក្កដា ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង បានប្រកាស​ផ្តល់ជំនួយ​មាន​ទំហំ ១០៥​លាន​ដុល្លារ​ទៅកាន់​បណ្តា​ប្រទេស​រង​ការ​ញាំញី​ដោយ​ជម្លោះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​។ ប៉ា​ឡេ​ស្ទី​ន​បានទទួល​ជំនួយ​ពី​ចិន ១៥ លាន​ដុល្លារ​ដែរ​។​



​ប្រមុខរដ្ឋ​ចិន​ដ៏​មាន​ឥទ្ធិពល​ខាងលើ​បាន​ប្រាប់​ប្រតិភូ​ដែលមាន​វត្តមាន​ក្នុង​ការបើក​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​នេះ​ថា ជំនួយ​ដែល​ចិន​ផ្តល់​ឲ្យ​នោះ​មាន​គោលដៅ​ជួយ​គាំទ្រ​ប្រទេស​ដែលមាន​បញ្ហា​ដូចជា​យេ​ម៉ែន​, ស៊ី​រី​, ហ្ស៊​កដា​នី និង​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua លោក ស៊ី ជិន​ភីង បាន​សង្កត់ធ្ងន់ថា​ជំនួយ ១០៥​លាន​ដុល្លារ​នេះ​ស្ថិតក្រោម​គម្រោង​នៃ​វេទិកា​កិច្ចសហប្រតិបត្តិការ CASCF ហើយ​ថវិកា​ចំនួន ៩០​លាន​ដុល្លារ​នឹងត្រូវ​ផ្តល់ជូន​ស៊ី​រី យេ​ម៉ែន និង​ហ្ស៊​កដា​នី ខណៈ​ថវិកា ១៥​លាន​ដុល្លារ​ផ្សេងទៀត​គឺ​ផ្តល់ជូន​ប៉ា​ឡេ​ស្ទី​ន​។​

​គេ​រំពឹងថា ជំនួយ​ដែលជា​សណ្តាន​ចិត្ត​របស់​ចិន​សម្រាប់​ទ្រទ្រង់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នេះ​នឹង​រួម​ចំ​ណែ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច កែលម្អ​ជីវភាព​ប្រជាជន និង​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ដូចជា​បញ្ហា​ជនភៀសខ្លួន​ជាដើម​។ នេះ​ក៏ដោយ​សារ​ថវិកា​មួយផ្នែក​គឺ​ផ្តល់ជូន​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជំនួយ​ប៉ា​ឡេ​ស្ទី​ន​ផងដែរ​។​

​បន្ថែម​ពី​ជំនួយ លោក ស៊ី បាន​ប្រាប់​ប្រមុខ​ការទូត​បណ្តា​ប្រទេស​អារ៉ាប់​ប្រហែល ២០ ដែល​ចូលរួម​ក្នុង​វេទិកា​នេះ​ថា ចិន​ត្រៀម​រៀបចំ​សន្និសីទ​អន្តរជាតិ​មួយ​ស្តីពី​បញ្ហា​ប៉ា​ឡេ​ស្ទី​ន​ដែលមាន​គោលដៅ​គាំទ្រ​ការប្រឹងប្រែង​សម្រេច​ឲ្យ​បាន​ដំណោះស្រាយ​រដ្ឋ​ពីរ (two-state solution) អនុលោម​តាម​គំនិត​ផ្តួចផ្តើម​សន្តិភាព​អារ៉ាប់​ឆ្នាំ ២០០២​។ ក្រោម​គំនិត​ផ្តួចផ្តើម​នេះ រដ្ឋ​អារ៉ាប់​ចង់​ឲ្យ​មានការ​ស្តារ​ទំ​នន​នន​នវ​នាក់​ទំនង​ជាមួយ​អ៊ីស្រាអែល​ឡើងវិញ ជា​ថ្នូរ​នឹង​ការបង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ដែល​ស្របតាម​លក្ខខណ្ឌ​ច្បាស់លាស់​មួយចំនួន​ផងដែរ​។​

​ម្សិលមិញ​នេះដែរ លោក ស៊ី​បានផ្តល់​កម្ចី ២០ ពាន់​លាន​ដុល្លារ​ដល់​រដ្ឋ​អារ៉ាប់​ដើម្បី​ជំរុញ​ការកសាង​ឡើងវិញ​នូវ​សេដ្ឋកិច្ច និង​ជំរុញ​ការលូតលាស់​នៃ​វិស័យ​ឧស្សាហកម្ម​តំបន់​ក្រោម​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​។ ពី​កម្ចី​ហិរញ្ញវត្ថុ ២០​ពាន់​លាន​ដុល្លារ​នេះ លោក ស៊ី ក៏​ប្រកាស​ដែរ​ថា​រដ្ឋាភិបាល​ចិន​ត្រៀម​លុយ​ប្រហែល ១៥១ លាន​ដុល្លារ​ផ្សេងទៀត​សម្រាប់​ប្រទេស​ក្នុង​តំបន់​ដើម្បី​ប្រើប្រាស់​ក្នុងការ​ពង្រឹងសមត្ថភាព​ធានា​សេ្ថ​រ​ភាព​តំបន់​ផងដែរ​។​

​ចាប់ពី​ឡើងកាន់តំណែង​ឆ្នាំ ២០១២ លោក ស៊ី ជីន​ភីង ព្យាយាម​ពង្រឹង​ឥទ្ធិពល​របស់​មហាអំណាច​ចិន​នៅលើ​ពិភពលោក​ជាពិសេស​អាហ្វ្រិក និង​មជ្ឈិមបូព៌ា​ផងដែរ​។ ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ គេ​ឃើញ​រដ្ឋាភិបាល​ចិន​ជំរុញ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ ហើយ​ក្រុមហ៊ុន​ចិន​ច្រើនសន្ធឹក​បន្តកន្ទុយ​គ្នា​ទៅ​បណ្តាក់ទុន​រកស៊ី​នៅ​ទីនោះ​ដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ចិន​បានសម្រេច​បើក​មូលដ្ឋានទ័ព​របស់​ខ្លួន​ជា​លើកដំបូង​នៅ​រដ្ឋ​អា​ហ្វ្រិ​ជី​ប៊ូ​ទី ដែលជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​ដែរ​កន្លងមក​នោះ​។

​សូមបញ្ជាក់​ផងដែរ​ថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​វេទិកា​កិច្ចសហប្រតិបត្តិការ​ចិន អារ៉ាប់​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០០៤​មកម្ល៉េះ​។ វេទិកា​កម្រិត​ខ្ពស់​នេះ​មាន​គម្រោង​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជ​រវាង​ចិន​និង​រដ្ឋ​អារ៉ាប់ និង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ពី ៣៧ ពាន់​លាន​ដុល្លារ​ដល់ ១៩១​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០១៧​។ ចិន​បច្ចុប្បន្ននេះ​បានក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​លេខ​រៀង​ទី​ពីរ​របស់​ប្រទេស​អារ៉ាប់​ផងដែរ​៕

អត្ថបទទាក់ទង




Tag:
 ចិន​
  រដ្ឋ​អារ៉ាប់​
  CASCF
  ប៉ា​ឡេ​ស្ទី​ន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12next