អន្តរជាតិ
លោក ត្រាំ ទាមទារ​ឲ្យ​សមាជិក​ណា​តូ​បង្កើន​ការចំណាយ​យោធា​ឲ្យ​ដល់​៤​ភាគរយ​
12, Jul 2018 , 10:46 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១១ ខែកក្កដា ធ្វើ​ឲ្យ​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ផ្សេងទៀត​ភ្ញាក់ផ្អើល​ស្ទើរ​ផ្ងារជើង បន្ទាប់ពី​លោក​ស្នើ​ឲ្យ​ពួកគេ​បង្កើន​ការចំណាយ​លើ​វិស័យ​យោធា​ឲ្យ​បាន​៤​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP) ។ សំណើ​នេះ ពិតជា​ធ្វើ​ឲ្យ​សមាជិក​ណា​តូ​ទាំងអស់​ស្រឡាំងកាំង​ខ្លាំង ស្រប​ពេលដែល​សមាជិក​ខ្លះ​នៅ​មិនទាន់​ធ្វើតាម​ពាក្យសន្យា​បង្កើន​ការចំណាយ​២ ភាគរយ​តាម​ការទាមទារ​របស់​លោក ត្រាំ ផង​នោះ​។



​រឿងរ៉ាវ​ដែល​គួរ​ឲ្យ​បារម្ភ និង​ត្រូវបាន​រំពឹងទុក​នោះ បានកើត​ឡើងជា​បន្តបន្ទាប់​នៅឯ​ជំនួប​កំពូល​មេដឹកនាំ​សម្ព័ន្ធ​យោធា​ណា​តូ​នៅលើ​ទឹកដី​បែលហ្ស៊ិក​។ នៅ​ថ្ងៃទី​១១ ខែកក្កដា ដែលជា​ថ្ងៃទី​ប្រជុំ​ទីមួយ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​កំពុង​មិន​សប្បាយ​ចិត្តនឹង​សមាជិក​ណា​តូ​ព្រោះ​មិន​ធ្វើតាម​ការឯកភាព​បង្កើន​ការចំណាយ​យោធា​ឲ្យ​បាន​២​ភាគរយ​នៃ GDP បែរជា​ស្នើ​ឲ្យ​សមាជិក​ដទៃទៀត​បង្កើន​ការចំណាយ​ឲ្យ​កាន់តែច្រើន​លើស​មុន​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders និយាយថា ក្នុង​កិច្ចប្រជុំ​ណា​តូ លោក​ប្រ​ធា​ធិបតី ដូ​ណា​ល់ ត្រាំ បានស្នើ​ឲ្យ​សមាជិក​ណា​តូ​បង្កើន​ថវិកា​លើ​វិស័យ​ការពារជាតិ​ឲ្យ​ដល់​៤​ភាគរយ មិនមែន​ត្រឹម​២​ភាគរយ​ឡើយ​។ ក្នុងន័យ​ថា ការទាមទារ​នេះ​មិនមែនជា​រឿង​ថ្មី មន្ត្រី​អាមេរិក​រូបនេះ​បន្ថែមថា លោក ត្រាំ ចង់ឃើញ​សម្ព័ន្ធមិត្ត​ជួយ​រែកពន់​អ​ម្រែ​ក​របស់​អាមេរិក​ឲ្យ​បាន និង​យ៉ាងហោចណាស់​ធ្វើតាម​កាតព្វកិច្ច​របស់​ពួកគេ​។ 

​ការសន្យា​បង្កើន​ថវិកា​ការពារជាតិ​ដល់​២​ភាគរយ​នៅត្រឹម​ឆ្នាំ​២០២៤ ត្រូវបាន​ឯកភាពគ្នា​តាំងពី​ឆ្នាំ​២០១៤ មកម្ល៉េះ​។ ចាប់តាំងពី​ពេលនេះ​មក សមាជិក​ណា​តូ​នៅ​អឺរ៉ុប និង​កាណាដា បាន​ពង្រីក​ការចំណាយ​លើ​វិស័យ​ការពារជាតិ​របស់ខ្លួន​រហូតដល់​ជិត​៩០​ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ​២០១៥ មក​។ ប៉ុន្តែ​សមាជិក​ធំៗ​របស់​ណា​តូ​ដូចជា​អាល្លឺម៉ង់​ជាដើម​នោះ នៅ​មិនទាន់​ធ្វើការ​ព្រមព្រៀងគ្នា​នៅឡើយ​ទេ​។ ដោយសារ​រឿងនេះ លោក ត្រាំ បាន​វាយប្រហារ​សម្ព័ន្ធមិត្តរ​បស់​ខ្លួន​ឥតឈប់ឈរ​។​

​សំណើ​ភ្លាមៗ​របស់​ប្រធានាធិបតី​អាមេរិក ប្រៀបដូចជា​ការ​បាចទឹក​អំបិល​លើ​របួស​ចាស់​ដូច្នោះ​ដែរ ខណៈ​ទំនាក់ទំនង​រវាង​អាមេរិក ដែល​អាច​និយាយបានថា ជា​បងធំ​របស់​ណា​តូ ជាមួយនឹង​សមាជិក​ជាង​២០​ប្រទេស​ទៀត​នោះ កំពុងតែ​មិនសូវ​ល្អ​ស្រាប់​ផង​។ ប្រធានាធិបតី​ប៊ុលហ្គារី Rumen Radev បាន​លើក​ជា​សំណួរ​ថា ការទាមទារ​របស់លោក ត្រាំ នឹង​មានន័យ​ដូចម្ដេច​សម្រាប់​ណា​តូ​ដែលជា​អង្គការ​សន្តិសុខ​ដ៏​ធំ​មួយ​មាន​អាយុ​៧០​ឆ្នាំ​ទៅហើយនោះ​?

​តទៅ​មុខ សមាជិក​ណា​តូ​ប្រហែលជា​ក្លាយជា​គោលដៅ​នៃ​ការរិះគន់​របស់លោក ត្រាំ ខ្លាំង​ថែមទៀត បើ​មិនអាច​ធ្វើតាម​សំណើ​របស់លោក​ទេនោះ​។ តាមពិតទៅ ការបង្កើន​ការចំណាយ​ឡើងដល់​៤​ភាគរយ​នៃ GDP គឺជា​ទំហំ​មួយ​ដ៏​ច្រើន​សម្រាប់​សមាជិក​ភាគច្រើន​ដែល​គ្មាន​លទ្ធភាព ឬ​មិនមាន​នយោបាយ​ដំឡើង​ថវិកា​ការពារជាតិ​នោះ​។ ប៉ុន្តែ​សម្រាប់​លោក ត្រាំ អាមេរិក​ទំនងជា​លែង​អាច​ទ្រាំទ្រ​នឹង​ការចំណាយ​សន្ធឹកសន្ធាប់​សម្រាប់​ណា​តូ​តែម្នាក់ឯង​ទៀតហើយ​៕


Tag:
 អាមេរិក​
  ណា​តូ​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com