ចិន ទាត់ចោល​ព័ត៌មាន​ថា ខ្លួន​លូកលាន់​ក្នុងការ​បោះឆ្នោត​កម្ពុជា​

អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ទាត់ចោល​ព័ត៌មាន​ថា ខ្លួន​លូកលាន់​ក្នុងការ​បោះឆ្នោត​កម្ពុជា​
12, Jul 2018 , 1:00 pm         4783
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន ទាត់ចោល​ការចោទប្រកាន់​ខ្លួន​ថា គ្រោង​លូកដៃ​ចូល​កកូរកកាយ​ការបោះឆ្នោត​នៅ​កម្ពុជា ។ ការបដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន Fire Eye ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ការពារ ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​អាមេរិក​មួយ បានចេញ​របាយការណ៍​ពី​គម្រោង​របស់​ក្រុម Hacker ចិន​នេះ​។​

 
​សំនួរ​អ្នកកាសែត​ជាច្រើន​បាន​ចោទសួរ ទៅ​រដ្ឋាភិបាល​ចិន ពី​រឿង​សេដ្ឋកិច្ច​ចិន និង​អាមេរិក រួមទាំង​គោលនយោបាយ​ការបរទេស​ចិន ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា ។ ប៉ុន្តែ​បញ្ហា​ទាក់ទង​នឹង​កម្ពុជា ត្រូវបាន​អ្នកកាសែត​ចោទសួរ​ភ្ជាប់​ទៅរបាយការណ៍​របស់​ក្រុមហ៊ុន Fire Eye ទាក់ទងនឹង​គម្រោង​របស់​ចិន ក្នុងការ​លូកដៃ​ចូល​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​ចេញផ្សាយ​ដោយ​កាសែត Los Angeles Time កាលពីពេល​ថ្មីៗ​នេះ​។ រដ្ឋាភិបាល​ចិន ទាត់ចោល​ការចោទប្រកាន់​នេះ​។ 
 
អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​និយាយ​ការពារ​គោលជំហរ​រដ្ឋា​ភិ​បាល​ខ្លួន​ថា ចិន​គឺជា​អ្នក​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត ដូច្នេះ​គ្មាន​មូលហេតុ​អ្វី ដែល​ចិន​ត្រូវ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះឡើយ​។​
 
​ថ្លែង​នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​១១ កក្កដា អ្នកនាំពាក្យ​រូបនេះ បាន​ពន្យល់​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនបាន​ដឹង​ពី​ស្ថានភាព​ដែល​អ្នក​កំពុង​សួរ​ខ្ញុំ​នោះទេ​។ តួនាទី​របស់​ចិន នៅក្នុង​សន្តិសុខ​អ៊ីនធឺណិត គឺមាន​ភាពច្បាស់លាស់​ត្រឹមត្រូវ​។ ក្នុងន័យនេះ​យើង​ចង់​បញ្ជាក់ថា យើង​មាន​ជំហរ​ប្រយុទ្ធប្រឆាំង​លើ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គ្រប់​ទម្រង់​ទាំងអស់​។ ដូច្នេះ​ចិន គឺជា​អ្នក​ប្រកាន់​ជំហរ​រឹងមាំ លើ​សន្ដិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​»​។​
 
​ក្រៅពី​បដិសេធ​ព័ត៌មាន​ខាងលើ លោកស្រី Hua Chunying បាន​បង្វែររឿងនេះ ទៅជាស្នើ​ឲ្យ​បណ្ដា​សហគមន៍​អន្តរជាតិ យក​បញ្ហា​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត ទៅ​ពិភាក្សា និង​សហការ​រួមគ្នា ដោះស្រាយ​លើ​បញ្ហា​នេះ ដោយ​ផ្អែកលើ​ភាពចាស់ទុំ គោរព​គ្នា​ទៅវិញទៅមក​។ «​សន្តិសុខ​អ៊ីនធឺណិត​គឺជា​រឿង​របស់​ពិភពលោក ដែល​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់​ត្រូវ​ងាក​មក​ចាប់អារម្មណ៍​ចូលរួម​ដោះស្រាយ​ទាំងអស់គ្នា​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​។​
 
​ក្រុមហ៊ុន Fire Eye ដែល​ផ្ដល់​សេវាកម្ម​ការពារ ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​អាមេរិក​មួយ បានចេញ​របាយការណ៍​ថា ក្រុម Hacker ចិន ដែលមាន​ឈ្មោះ TERM.Periscope ត្រៀម​លូកដៃ​ចូល​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា តាមរយៈ Hack ចូល​ទិន្នន័យ​របស់​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមប្រឆាំង​។ ចំពោះ​គោលដៅ​ដែល​ក្រុម TERM.Periscope គ្រោង Hack នោះ មាន​ស្ថាប័នព្រឹទ្ធសភា ក្រសួងការបរទេស និង​សហប្រតិបត្តិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថ ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មួយចំនួន​ជាដើម ខណៈ​កម្ពុជា​កំពុងដំណើរការ​យុទ្ធនាការ​បោះឆ្នោត​។ នេះ​ជាការ​ចុះផ្សាយ​របស់​កាសែត Los Angeles Time បាន​បន្ថែមថា ក្រុមហ៊ុន Fire Eye បានដាក់​ការសង្ស័យថា ចិន​ទំនងជា​ធ្លាប់ធ្វើ​បែបនេះ នៅ​ការបោះឆ្នោត​នៅ​ម៉ាឡេស៊ី​នាពេល​ថ្មីៗ​នេះ ដើម្បី​ងាយស្រួល​តាមដាន​ក្នុងការ​បោះឆ្នោត​។ 
 
​ជាមួយគ្នានេះ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ជាក់ថា រដ្ឋាភិបាល​មិនបាន​ដឹង​ព័ត៌មាន​ទាក់ទង​នឹង​គម្រោង Hack របស់​ក្រុម​ចារកម្ម​ចិន​នេះ​ទេ ។ លោក​ថា នៅពេលនេះ​ក្រសួង​ពាក់ព័ន្ធ កំពុង​ត្រួតពិនិត្យ និង​តាមដាន​លើ​ស្ថានការណ៍​នេះ​។ 
 
​ជុំវិញ​បញ្ហា​នេះ​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏បាន​បញ្ជាក់ថា មកដល់ពេលនេះ ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ទិន្នន័យ​របស់​គ​.​ជ​.​ប នៅ​ដំណើរ​ការល្អ​ជាធម្មតា មិនទាន់មាន​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ​។ «​យើង​មាន​អ្នកគ្រប់គ្រង​ប្រព័ន្ធ​ប្រចាំការ​អចិន្ត្រៃយ៍ ដែល​អាច​គ្រប់គ្រង​ស្ថានការណ៍​គ្រប់ពេលវេលា​។ ហើយ​យើង​ជឿថា បើទោះជា​អាច​Hack បាន​គឺ​បានតែ​សំបក​ក្រៅ​ទេ តែ​មិនអាច​យកបាន​ទិន្នន័យ​ខាងក្នុង​បានទេ ព្រោះ​យើង​មាន​យន្តការ​គ្រប់គ្រង​ពិតប្រាកដ ដោយ​ក្រុម​ព័ត៌មានវិទ្យា​ជំនាញ​របស់​កម្ពុជា សហការ​ជាមួយ​ភាគី​ជប៉ុន​គ្រប់ពេលវេលា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា​៕ 
 

Tag:
 ចិន​
  កម្ពុជា​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com