កីឡាជាតិ
ជាតិ
Hun Sen Cup៖ គ្រូ​វិសាខា​សរសើរ​កូនក្រុម ទោះ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​
12, Jul 2018 , 6:59 pm        
រូបភាព
លោក ហុក សុជីវ័ន (ឆ្វេងទី១) គ្រូបង្វឹកក្រុមវិសាខា, រូបភាពពីហ្វេសប៊ុក​ក្លិបបាល់ទាត់វិសាខា
លោក ហុក សុជីវ័ន (ឆ្វេងទី១) គ្រូបង្វឹកក្រុមវិសាខា, រូបភាពពីហ្វេសប៊ុក​ក្លិបបាល់ទាត់វិសាខា
ដោយ:
​ក្រុម​ចំណូល​ថ្មី​កំពុង​ឡើង​ជើង​វិសាខា រង​ការខកចិត្ត​សម្រាប់​ជំនួប​ជើង​ទី​១​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៨ ក្រោយ​ពួកគេ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ១-០ នា​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ យ៉ាងនេះ​ក្តី គ្រូបង្វឹក​វិសាខា លោក ហុក សុ​ជីវ័ន លើកសរសើរ​ថា កូនក្រុម​លោក​ធ្វើ​បានល្អ តែ​នៅ​ខ្សោយ​ក្នុង​តំបន់​ប្រយុទ្ធ​។​



​លោក ហុក សុ​ជីវ័ន គ្រូបង្វឹក​ក្រុម​វិសាខា​បាន​អះអាងថា កូនក្រុម​លោក​ធ្វើ​បានល្អ នា​ជំនួប​តទល់​ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង  ទោះបី​ក្រុម​លោក​រង​បរាជ័យ​ក៏ដោយ​។ ការលើកសរសើរ​បែបនេះ ដោយសារ​ការ​បូត​គ្រាប់​បាល់​មួយ​គ្រាប់​របស់​វិសាខា កើតឡើង​ក្រោយ​សមាជិក​មួយរូប ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​។

«​ក្រោយ​យើង​ទទួលបាន​កាត​ក្រហម ធ្វើ​ឲ្យ​មានការ​ខ្វះចន្លោះ តែ​យើង​នៅតែ​ធ្វើ​បានល្អ​។ ខ្ញុំ​គិតថា យើង​ជួប​ក្រុម​ខ្លាំង តែ​យើង​របូត​តែ​១​គ្រាប់ ដែល​កើតឡើង​ក្រោយ​យើង​បាត់បង់​សមាជិក​ម្នាក់ ដូច្នេះ​វា​ជា​ចំណុច​ល្អ​សម្រាប់​វិសាខា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហុក សុ​ជីវ័ន ហើយ លោក បន្ថែមថា បើសិន​វិសាខា​មិន​បាត់បង់​សមាជិក​ម្នាក់ អាច​ទទួលបាន​លទ្ធផល​ល្អ​ជាង​នេះ​។​

​ទោះបី​យ៉ាងនេះ​ក្តី អតីត​កីឡាករ​ជម្រើសជាតិ​រូបនេះ មើលឃើញថា ក្រុម​វិសាខា​នៅមាន​ចំណុច​ខ្វះខាត​ត្រង់​តំបន់​ប្រយុទ្ធ ដែល​ចំណុច​នេះ អាច​បណ្តាលមកពី​កីឡាករ​មិនសូវ​បាន​លេង​រួមគ្នា​នាពេល​កន្លងមក​។ គ្រូបង្វឹក​ដែល​ដឹកនាំ​ឲ្យ​វិសាខា​គ្រង​ជើងឯក​លី​គ​លំដាប់​ទី​២​ឆ្នាំ​២០១៧ រូបនេះ រំពឹងថា កូនក្រុម​នឹងធ្វើ​បានល្អ​ក្នុងជំនួប​ជើង​ទី​២​។ នៅពេល​សួរ​ពី​ក្តី​រំពឹង​ក្នុងការ​ឈានទៅ​វគ្គ​បន្ត លោក ហុក សុ​ជីវ័ន ឆ្លើយ​យ៉ាងខ្លី​ថា យើង​មិនអាច​សន្និដ្ឋាន​មុន​បានទេ​។​

​នា​ការប្រកួត​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​វិសាខា​ក្នុង​លទ្ធផល ១-០​។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ម្ចាស់ផ្ទះ សម្រេច​ដោយ​កីឡាករ ហូ​យ ផល្លី​ន នៅ​នាទី​ទី​៦៥ តាមរយៈ​ការ​ទាត់​ពី​ចម្ងាយ​ឲ្យ​ផុតដៃ​អ្នកចាំទី កែវ សុខ​សិលា​។ គ្រាប់​បាល់​នេះ កើតឡើង​ក្រោយ​សមាជិក​១​រូប​របស់​វិសាខា គឺ​កីឡាករ នៅ សុ​សិលា ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម ក្រោយ​ធ្វើ​លោ​តទៅ​ទាត់​បាល់​ធ្វើ​ឲ្យ​កីឡាករ លី សា​រ័ត្ន ដួល​នៅ​នាទី​ទី​៤៤ ចុង​តង់​ទី​១៕      


Tag:
 បាល់ទាត់​
  Hun Sen Cup 2018
  ហុក សុ​ជីវ័ន
© រក្សាសិទ្ធិដោយ thmeythmey.com