កីឡាជាតិ
ជាតិ
Hun Sen Cup៖ គ្រូវិសាខាសរសើរកូនក្រុម ទោះចាញ់ព្រះខ័នរាជស្វាយរៀង លោក ហុក សុជីវ័ន (ឆ្វេងទី១) គ្រូបង្វឹកក្រុមវិសាខា, រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់វិសាខា
× ក្រុមចំណូលថ្មីកំពុងឡើងជើងវិសាខា រងការខកចិត្តសម្រាប់ជំនួបជើងទី១នៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ ក្រោយពួកគេចាញ់ព្រះខ័នរាជស្វាយរៀង ១-០ នាការប្រកួតកាលពីល្ងាចថ្ងៃទី១១ ខែកក្កដា នៅកីឡដ្ឋានខេត្តស្វាយរៀង។ យ៉ាងនេះក្តី គ្រូបង្វឹកវិសាខា លោក ហុក សុជីវ័ន លើកសរសើរថា កូនក្រុមលោកធ្វើបានល្អ តែនៅខ្សោយក្នុងតំបន់ប្រយុទ្ធ។
លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខាបានអះអាងថា កូនក្រុមលោកធ្វើបានល្អ នាជំនួបតទល់ជាមួយក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ទោះបីក្រុមលោករងបរាជ័យក៏ដោយ។ ការលើកសរសើរបែបនេះ ដោយសារការបូតគ្រាប់បាល់មួយគ្រាប់របស់វិសាខា កើតឡើងក្រោយសមាជិកមួយរូប ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម។
«ក្រោយយើងទទួលបានកាតក្រហម ធ្វើឲ្យមានការខ្វះចន្លោះ តែយើងនៅតែធ្វើបានល្អ។ ខ្ញុំគិតថា យើងជួបក្រុមខ្លាំង តែយើងរបូតតែ១គ្រាប់ ដែលកើតឡើងក្រោយយើងបាត់បង់សមាជិកម្នាក់ ដូច្នេះវាជាចំណុចល្អសម្រាប់វិសាខា»។ នេះជាការលើកឡើងរបស់លោក ហុក សុជីវ័ន ហើយ លោក បន្ថែមថា បើសិនវិសាខាមិនបាត់បង់សមាជិកម្នាក់ អាចទទួលបានលទ្ធផលល្អជាងនេះ។
ទោះបីយ៉ាងនេះក្តី អតីតកីឡាករជម្រើសជាតិរូបនេះ មើលឃើញថា ក្រុមវិសាខានៅមានចំណុចខ្វះខាតត្រង់តំបន់ប្រយុទ្ធ ដែលចំណុចនេះ អាចបណ្តាលមកពីកីឡាករមិនសូវបានលេងរួមគ្នានាពេលកន្លងមក។ គ្រូបង្វឹកដែលដឹកនាំឲ្យវិសាខាគ្រងជើងឯកលីគលំដាប់ទី២ឆ្នាំ២០១៧ រូបនេះ រំពឹងថា កូនក្រុមនឹងធ្វើបានល្អក្នុងជំនួបជើងទី២។ នៅពេលសួរពីក្តីរំពឹងក្នុងការឈានទៅវគ្គបន្ត លោក ហុក សុជីវ័ន ឆ្លើយយ៉ាងខ្លីថា យើងមិនអាចសន្និដ្ឋានមុនបានទេ។
នាការប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមភ្ញៀវវិសាខាក្នុងលទ្ធផល ១-០។ គ្រាប់បាល់ជ័យជម្នះរបស់ម្ចាស់ផ្ទះ សម្រេចដោយកីឡាករ ហូយ ផល្លីន នៅនាទីទី៦៥ តាមរយៈការទាត់ពីចម្ងាយឲ្យផុតដៃអ្នកចាំទី កែវ សុខសិលា។ គ្រាប់បាល់នេះ កើតឡើងក្រោយសមាជិក១រូបរបស់វិសាខា គឺកីឡាករ នៅ សុសិលា ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម ក្រោយធ្វើលោតទៅទាត់បាល់ធ្វើឲ្យកីឡាករ លី សារ័ត្ន ដួលនៅនាទីទី៤៤ ចុងតង់ទី១៕
Tag:
បាល់ទាត់
Hun Sen Cup 2018
ហុក សុជីវ័ន
© រក្សាសិទ្ធិដោយ thmeythmey.com