ជា​ប្រធាន​អាស៊ាន សិង្ហ​បុរី​ចេញ​ផែន​ការជួយ​ទ្រទ្រង់​រដ្ឋ​សមាជិក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​

អន្តរជាតិ
ជា​ប្រធាន​អាស៊ាន សិង្ហ​បុរី​ចេញ​ផែន​ការជួយ​ទ្រទ្រង់​រដ្ឋ​សមាជិក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​
12, Jul 2018 , 8:39 pm         626
រូបភាព
​រដ្ឋាភិបាល​សិង្ហ​បុរី​នឹង​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​បណ្តា​ប្រទេស​អាស៊ាន​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែល​បង្ក​ការគំរាមកំហែង​ខ្លាំង​ដល់​តំបន់​អាស៊ីអាគ្នេយ៍​។ ការគាំទ្រ​នេះ​ផ្តោ​សំខាន់​លើ​ការផ្តល់​ការកសាង​សមត្ថភាព​ដល់​រដ្ឋ​អាស៊ាន​ទាក់ទិន​នឹង​ការ​បន្សាំ និង​បន្ធូរបន្ថយ​ផលប៉ះពាល់​ដែល​បង្កើត​ដោយ​ការ​បាតុភូតធម្មជាតិ​សាកល​នេះដែរ​។



​នា​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ផ្តោតលើ​សកម្មភាព​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ថ្ងៃ​អង្គារ​ទី ១០​ខែកក្កដា រដ្ឋមន្ត្រីក្រសួង​បរិ​សា្ថ​ន និង​ធនធានទឹក​សិង្ហ​បុរី Masagos Zulkifli បាន​លើកឡើងថា សិង្ហ​បុរី​ត្រៀមខ្លួន​ជាស្រេច​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០១៨​នេះ​ក្នុង​ការផ្តល់​បំពាក់បំប៉ន​សមត្ថភាព​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះ​ចាប់ពី​ឆ្នាំ​នេះដែរ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia មន្ត្រីជាន់ខ្ពស់​សិង្ហ​បុរី​រូបនេះ​បន្ថែមថា គម្រោង​សកម្មភាព​សម្រាប់​ជួយ​ទ្រង់​ទ្រង់​ប្រទេស​អាស៊ាន​នេះ​ចាប់ផ្តើម​ដំណើរការ​រហូតដល់​ឆ្នាំ ២០២០​។ ប៉ុន្តែ​បើសិនជា​ចាំបាច់​តាម​ស្ថានភាព​ជាក់ស្តែង វា​នឹងត្រូវ​បន្ថែម​ពេលវេលា​អនុវត្ត​លើសពី​ឆ្នាំ ២០២០ ផងដែរ​។

​លោក Masagos Zulkifli និយាយ​ដូច្នេះ​៖«​យើង​សង្ឃឹមថា ផែនការ​សកម្មភាព​ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ​នឹងមាន​ប្រយោជន៍​សម្រាប់​ប្រទេស​អាស៊ាន​ខណៈដែល​ពួកគេ​កំពុង​ពង្រឹងសមត្ថភាព​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​»​។​

​គម្រោង​ដែល​សិង្ហ​បុរី​ត្រៀម​ផ្តល់ជូន​បណ្តា​ជា​មិត្ត​នៅ​អាស៊ាន​នោះ​មាន​រួមបញ្ចូល​ទាំង​ការបណ្តុះបណ្តាល​នានា​ដែល​ផ្តោតលើ​វិធីសាស្ត្រ​ជួយ​កាត់បន្ថយ (mitigation) និង​បន្សាំ (adaptation) ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ ក្នុងនោះ​ក៏មាន​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​ពាក់ព័ន្ធ​នឹង​បាតុភូត​ប្រែ​បួល​អាកាសធាតុ រួម​ជាមួយនឹង​ការគ្រប់គ្រង​ទឹកជំនន់ និង កាត់បន្ថយ​គ្រោះថ្នាក់​ពី​គ្រោះមហន្តរាយធម្មជាតិ​ផងដែរ​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ កិច្ចប្រជុំ​កម្រិត​ថ្នាក់​រដ្ឋមន្ត្រី​នៅ​សិង្ហ​បុរី​នេះ​ជា​កិច្ចប្រជុំ​ដំបូង​បំផុត​មួយ​របស់​អាស៊ាន​ដែល​ផ្តោតលើ​ការស្វែងរក​មធ្យោបាយ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះ​។ វា​ក៏​ធ្វើឡើង​ស្រប​ជាមួយនឹង​សន្និសីទ​បី​ផ្សេងទៀត​ថ្នាក់​តំបន់​ផ្តោតលើ​ការធានា​និរន្តរភាព​នៃ​បរិស្ថាន​ដែរ ដែល​សន្និសីទ​ទាំងនោះ​មានដូចជា សប្តាហ៍​នៃ​ទឹក​អន្តរជាតិ​, វេទិកា​បរិស្ថាន​ស្អាត និង​ទីក្រុង​ពិភពលោក​។

​តាមពិតទៅ​អាស៊ាន​ជា​តំបន់​ដែល​ងាយ​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​នេះ​។ ប្រទេស​ក្នុង​តំបន់​បន្ត​ប្រឈម​នឹង​គ្រោះមហន្តរាយធម្មជាតិ​នានា​ជា​បន្តបន្ទាប់​តាំងពី​ទឹកជំនន់ គ្រោះរាំងស្ងួត ការកើនឡើង​នៃ​រលក​កម្តៅ និង​ផលប៉ះពាល់​ច្រើន​ផ្សេងទៀត​ដែរ​។ ដូច្នេះហើយ​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​សំខាន់បំផុត​សម្រាប់​អនាគត​មនុស្ស​ជំនាន់​ក្រោយ​ក្នុង​តំបន់​ទាំងមូល​។​

​ដោយឡែក​តំណាង​រដ្ឋាភិបាល​សិង្ហ​បុរី​លោក  Masagos Zulkifli ក៏បាន​ប្រកាស​គាំទ្រ​ការបង្កើត​កញ្ចប់​ថវិកា​ឆ្លើយ​គ្រោះមហន្តរាយធម្មជាតិ​ប្រចាំ​អាស៊ីអាគ្នេយ៍ (SEADRIF) ដែល​ត្រូវបាន​ភាគី​ពាក់ព័ន្ធ​ឯកភាពគ្នា​បង្កើតឡើង​កាលពី​ខែឧសភា​។ គំនិត​ផ្តួចផ្តើម​នេះ​នឹងត្រូវ​ចាប់ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ឆ្នា​ម ២០១៩​ខាងមុខ​។​

​គម្រោង​ហិរញ្ញវត្ថុ​ធានារ៉ាប់រង​នេះ​នឹង​កម្មវត្ថុ​ផ្តល់​កញ្ចប់​ហិរញ្ញវត្ថុ​បន្ទាន់​ឆ្លើយតប​រាល់​គ្រោះមហន្តរាយធម្មជាតិ​នៅក្នុង​តំបន់ ហើយ​ជំហាន​ដំបូង​ប្រទេស​ដែល​ងាយ​រងគ្រោះ​ជាងគេ​ដូចជា​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ​នោះ​អាច​ប្រើប្រាស់​កញ្ចប់​ថវិកា​នេះ​បាន​។ នៅ​ឆ្នាំ​បន្ទាប់ ហិរញ្ញវត្ថុ​ដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយ​នេះ​អាច​នឹងត្រូវ​ផ្តល់​ឲ្យ​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​ផងដែរ​។​

​សូមបញ្ជាក់​បុរី​រដ្ឋ​សិង្ហ​បុរី​ត្រូវបាន​គេ​ស្គាក់​ថា​ជា​ប្រទេស​ដែល​នាំមុខគេ​ក្នុងការ​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ រដ្ឋ​អាស៊ីអាគ្នេយ៍​នេះ​បាន​ដាក់ចេញ​គោលនយោបាយ​បង្កើន​ពន្ធ​ខ្ពស់​លើ​រោងចក្រ​ឧស្សាហកម្ម​ដែល​បញ្ចេញ​ឧស្ម័ន​ការ​បូ​និ​ច​ខ្លាំង​ទៅ​បរិយាកាស ដាក់ចេញ​វិធានការ​ឆ្លើយតប​នឹង​កំណើន​កម្រិត​នីវ៉ូទឹក​សមុទ្រ និង​បញ្ហា​បរិស្ថាន​ផ្សេងទៀត​ដែរ​។  បច្ចុប្បន្នេះ​សិង្ហ​បុរី​កំពុង​បន្ត​ជំរុញ​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល និង​ធ្វើយ៉ាងណា​ធានា​ការ​បន្សាំ​ទៅនឹង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នេះ​ដូចគ្នា​៕
​    ​


Tag:
 ​អាស៊ាន​
  សិង្ហ​បុរី​
  Masagos Zulkifli
  ការប្រែប្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com