អន្តរជាតិ
ចិន​ស្នើ​បង្កើត​យន្តការ​អន្តរជាតិ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ដែល​បង្កដោយ​ការប្រែប្រួល​អាកាសធាតុ​
12, Jul 2018 , 5:15 pm        
រូបភាព
​តំណាង​អចិន្ត្រៃយ៍​របស់​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​គិតគូរ​លើ​ការបង្កើត​យន្តការ​អន្តរជាតិ​ថ្មី​ដែលមាន​គោលដៅ​ដោះស្រាយ​គ្រោះថ្នាក់​ផ្នែក​សន្តិសុខ​ដែល​កើតឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។ មហាអំណាច​សេដ្ឋកិច្ច​នេះ​ចង់​សំដៅលើ​បញ្ហា​កង្វះ​ទឹក កង្វះ​ស្បៀង កង្វះ​ដីធ្លី​ដែលជា​ប្រភព​នៃ​ជម្លោះ​ប្រដាប់អាវុធ និង​កំណើន​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​។



​នា​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថ្ងៃ​ពុធ​ទី ១១ ខែកក្កដា លោក Ma Zhaoxu ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ​បានបង្ហាញ​ក្តីបារម្ភ​របស់ខ្លួន​ចំពោះ​ផលប៉ះពាល់​ផ្នែក​សន្តិសុខ​ដែល​កើតឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​សាកល​នោះ​។​

​តំណាង​ចិន​រូបនេះ​លើកឡើងថា ដោយសារ​ស្ថានភាព​នេះ វា​ចាំបាច់​ណាស់​ដែល​សហគម​ន៍​អន្តរជាតិ​ត្រូវ​ចាប់ដៃគ្នា​បង្កើត​យន្តការ​ថ្មី​មួយ​ដែលមាន​គោល​ឆ្លើយតប​នឹង​បញ្ហា​សន្តិសុខ​អន្តរជាតិ​កើតចេញពី​បាតុភូតធម្មជាតិ​មួយ​នេះដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។​

«​ប្រទេស​ទាំងអស់​ត្រូវ​ចាត់វិធានការ​រួម ពង្រឹង​កិច្ចសហប្រតិបត្តិការ ចាប់ផ្តើម​ដើរ​លើផ្លូវ​នៃ​ការអភិវឌ្ឍ​ដោយ​និរន្តរភាព ដោយមាន​គោលដៅ​ដោះស្រាយ​រាល់​បញ្ហា​សន្តិសុខ​ដែល​កើតចេញពី​ការប្រែប្រួល​អាកាសធាតុ​។ វា​អាចមាន​ទាំង​បញ្ហា​កង្វះខាត​ដី ទឹក អសន្តិសុខ​ស្បៀង វិបត្តិ​មនុស្សជាតិ រួមទាំង​វិបត្តិ ជនអន្តោប្រវេសន៍​ផង​»​។ លោក Ma ពន្យល់​ដូច្នេះ​។​

​របាយការណ៍​ស្រាវជ្រាវ​ជាច្រើន​បាន​ព្រមាន​ពី​ផលប៉ះពាល់​ធំ​មិន​ធ្លាប់មាន​ដែល​បង្កើតឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​អសន្តិសុខ​ស្បៀង កើនឡើង​រលក​កម្តៅ ជម្លោះ​ប្រដាប់អាវុធ និង​វិបត្តិ​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ជាដើម​។ របាយការណ៍​របស់​មូ​ល​និ​ធិ​យុត្តិធម៌​បរិស្ថាន (EJF) ដែល​ចុះផ្សាយ​កាលពីដើមឆ្នាំ ២០១៨ នេះ​បាន​បង្ហាញថា វិបត្តិ​ជនភៀសខ្លួន​នឹង​កាន់តែ​ធ្ងន់ធ្ងរ ដោយសារ​ចំនួន​ជនភៀសខ្លួន​កើនឡើង​យ៉ាងហោចណាស់ ១០​លាន​នាក់​ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​នេះ​។

​បើតាម​តំណាង​ក្រុង​ប៉េកាំង​រូបនេះ យន្តការ​ថ្មី​ដែល​ខ្លួន​កំពុង​ស្នើ​នេះ​អាច​ដើរតួនាទី​សំខាន់​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​សហគមន៍​អន្តរជាតិ​ដែល​ការប្រែប្រួល​អាកាសធាតុ​។ ភាគី​ពាក់ព័ន្ធ​នឹង​ផ្លាស់ប្តូរ ក៏ដូចជា​ពង្រឹង​ការសហការ​គ្នា​រក​ដំណោះស្រាយ និង​ផ្តល់ជំនួយ​ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍ​តាមរយៈ​ការចែករម្លែក​បច្ចេកវិទ្យា និង​ជួយ​កសាង​សមត្ថភាព​ជាដើម​។

​បោះបង់​ផ្នត់គំនិត​អាត្មានិយម ហើយ​ព្យាយាម​គោរព​ច្បាប់ និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែល​វា​នឹង​អាច​នាំមក​នូវ​ផលប្រយោជន៍ និង​លទ្ធផល​ឈ្នះៗ​ទាំងសងខាង​ផងដែរ​។ គោរព​គោលការណ៍​រួម​តែមាន​ទំនួល​ខុសត្រូវ​ផ្សេងគ្នា​នោះ​ជា​ចំណុច​ស្នូល​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​។

​អាច​ថា តំណាង​ក្រុង​ប៉េកាំង​ទំនងជា​សំដៅ​ដល់ អាមេរិក​ដែល​សម្រេច​ដើរ​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស (Paris Climate Agreement) កាលពី​ខែមិថុនា​ឆ្នាំមុន ដែល​វា​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​ភ្ញាក់ផ្អើល​និង​ថ្កោលទោស​ផងដែរ​។

​ទោះជា​ប្រទេស​បំពុលបរិយាកាស​ធំជាងគេ​មួយ​ក៏ដោយ មហាអំណាច​សេដ្ឋកិច្ច​ចិន​បានបង្ហាញ​ឆន្ទៈ​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សាកល​ដែរ​តាមរយៈ​ការប្តេជ្ញាចិត្ត​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ទៅ​បរិយាកាស និង​ជំរុញ​ការប្រើប្រាស់​ថាមពល​កើតឡើង​វិញ​។ មហាអំណាច​នេះ​ក៏​បន្ត​ទទូច​ឲ្យ​ប្រទេស​ដទៃទៀត​បន្ត​រួបរួមគ្នា​ជា​ធ្លុង​មួយ​ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​សាកល​នេះ​ដូចគ្នា​។ 

​លោក Ma Zhaoxu បាន​សង្កត់ធ្ងន់​ដែរ​ថា ចិន​បន្ត​គាំទ្រ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ និង​បន្ត​គោរព​ការប្តេជ្ញាចិត្ត​គាំទ្រ​ប្រទេស​កំពុង​អភិវឌ្ឍ​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង​ដើម្បី​ឲ្យ​ពួកគេ​អាចមាន​លទ្ធភាព​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នៃ​ការប្រែប្រួល​អាកាសធាតុ​នេះ​៕



Tag:
 ចិន​
  សន្តិសុខ​
  ប្រែប្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com