អន្តរជាតិ
Hollywood គ្រោង​ចំណាយ​ដល់​ទៅ​៦០​លាន​ដុល្លារ ដើម្បី​ថត​រឿង​ក្មេងៗ​ថៃ​ជាប់​ក្នុង​រូងភ្នំ​
13, Jul 2018 , 8:39 am        
រូបភាព
​ផលិតកម្ម​ភាពយន្ត​លំដាប់​ពិភពលោក Hollywood ចង់យក​ដំណើរ​សាច់រឿង​របស់​ក្មេងប្រុស​ថៃ​ទាំង​១២​នាក់ រួមទាំង​គ្រូបង្វឹក​របស់​ពួកគេ​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ក្នុង​រូងភ្នំ​មួយ​ក្នុង​ខេត្ត ឈៀង​រ៉ៃ​យ៉ាង​អាថ៌កំបាំង​រយៈពេល​ជាច្រើន​ថ្ងៃនោះ ទៅ​ផលិត​ជា​ខ្សែភាពយន្ត​មួយ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​អាមេរិក Pure Flix​។



​បន្ទាប់ពី​ក្រុម​អ្នករុករក​បាន​ចំណាយពេល​១៨​ថ្ងៃ​ក្នុង​បេសកកម្ម​ជួយសង្គ្រោះ សមាជិក​ក្រុមកីឡា​បាល់ទាត់ Wild Boars ចំនួន​១២​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​១១ ទៅ​១៦​ឆ្នាំ រួមទាំង​គ្រូបង្វឹក​ម្នាក់​វ័យ​២៥​ឆ្នាំ បាន​ចាក​ចេញពី​ក្នុង​រូងភ្នំ Tham Luang ដោយ​សុវត្ថិភាព​ទាំងអស់គ្នា​ហើយ​កាលពី​ថ្ងៃទី​១០ ខែកក្កដា​។​

​ជាក់ស្តែង លោក Michael Scott អ្នកតំណាង និង​ជា​សហ​ស្ថាបនិក Pure Flix ដែល​រស់នៅ​ប្រទេស​ថៃ​ស្រាប់ មាន​វត្ត​មាននៅ​កន្លែងកើតហេតុ​ហើយ​បានឃើញ​សកម្មភាព​ក្នុង​ប្រតិបត្តិ​ការណ៍​រុករក​ក្មេង​ក្នុង​រូងភ្នំ​ផ្ទាល់​តែម្តង​។​

​លោក Scott បាន​រៀបរាប់​ក្នុង​ខ្សែ​វីដេអូ​មួយ​ដែល​ថត​នៅក្បែរ រូងភ្នំ​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​និង​បង្ហោះ​ក្នុង​បណ្តាញ​សង្គម Twitter ផ្តា​ល់រ​បស់ Pure Flix ថា​៖«​ខ្ញុំ​មិនអាច​មិន​រំភើបចិត្ត​បានទេ រឿងនេះ​មានន័យ​ខ្លាំងណាស់​សម្រាប់​ខ្ញុំ នៅពេល​ខ្ញុំ​បាន​តាមដាន​ព្រឹត្តិការណ៍​មួយ​នេះ​នៅ​ប្រទេស​ថៃ​។ ភរិយា​របស់ខ្ញុំ​បាន​ធំ​ដឹងក្តី​ឡើង​ជាមួយ​ទាហានជើងទឹក​ថៃ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​បេសកកម្ម ​ដ៏​គួរ​ឲ្យ​រន្ធត់​នៅក្នុង​រូងភ្នំ​នោះ​ទៀតផង​។ ព្រឹត្តិការណ៍​នេះ​ប៉ះទង្គិច និង​ដិតដាម​ក្នុង​អារម្មណ៍​ខ្ញុំ​យ៉ាងខ្លាំង​»​។​

អត្ថបទទាក់ទង


​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រោម​ហេតុផល​ខាងលើនេះ ក្នុងនាម​លោក​ជា​អ្នកតំណាង​ម្នាក់​របស់ Pure Flix ដែលមាន​ជំនាញ​ផលិត​ខ្សែភាពយន្ត​ល្បីៗ ចង់យក​ដំណើរ​សាច់រឿង​នេះ​ទៅ​ផលិត​ជា​វីដេអូ​ខ្នាត​ធំ​តែម្តង​។ Hollywood ក៏បាន​គ្រោង​កំណត់​ថវិការ​ដ៏​ច្រើន​មិនធម្មតា​ចន្លោះ​ពី​៣០ ទៅ​៦០​លាន​ដុល្លារ​ដើម្បី​ត្រៀម​ថត​រឿងនេះ​ផងដែរ​៕



Tag:
 Hollywood
  ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com