ក្រោយ​អាប់អួរ​ជាមួយ​ណា​តូ លោក ត្រាំ ទៅ​អង់គ្លេស​ដែល​កំពុង​រញ៉េរញ៉ៃ​ព្រោះ​រឿង​ចេញពី​សហភាព​អឺរ៉ុប​
អន្តរជាតិ
ក្រោយ​អាប់អួរ​ជាមួយ​ណា​តូ លោក ត្រាំ ទៅ​អង់គ្លេស​ដែល​កំពុង​រញ៉េរញ៉ៃ​ព្រោះ​រឿង​ចេញពី​សហភាព​អឺរ៉ុប​
12, Jul 2018 , 9:59 pm        
រូបភាព
លោក ដូណាល់ ត្រាំ និងលោកស្រី ថេរ៉េសា ម៉េយ៍ នាជំនួបមេដឹកនាំណាតូ (រូបភាព AFP)
លោក ដូណាល់ ត្រាំ និងលោកស្រី ថេរ៉េសា ម៉េយ៍ នាជំនួបមេដឹកនាំណាតូ (រូបភាព AFP)
​បន្ទាប់ពី​បញ្ចប់​ជំនួប​ណា​តូ​ដ៏​អាប់អួរ​មក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បន្តដំណើរ​ទៅកាន់​អង់គ្លេស​ដែល​កំពុង​វិលមុខ​នឹង​បញ្ហា​ក្នុងស្រុក​ទាក់ទង​ការ​លែងលះ​ជាមួយ​អឺរ៉ុប​។​ដើម្បី​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ទីនោះ​។ បាតុកម្ម​ទ្រង់ទ្រាយ​ធំ បាន​ត្រៀម​រួចហើយ​ដើម្បី​ស្វាគមន៍​លោក ត្រាំ ដែល​ធ្វើ​ទស្សនកិច្ច​លើកដំបូង​នៅលើ​ទឹកដី​សម្ព័ន្ធមិត្ត​ធំជាងគេ​របស់​អាមេរិក​នៅ​តំបន់​អឺរ៉ុប​។ លោក​នឹងមាន​ជំនួប​ជាមួយ​ម្ចាស់​ក្ស​ត្រី​យ៍ Elizabeth II និង​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ ។​



​ចក្រភព​អង់គ្លេស គឺជា​គោលដៅ​ទី​ពីរ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​តំបន់​អឺរ៉ុប​។ លោក ត្រាំ នឹង​ទៅដល់​ទីក្រុង​ឡុង​ដ៏​នៅ​រសៀល​ថ្ងៃទី​១២ ខែកក្កដា ក្រោយពី​ចាកចេញ​ពី​កិច្ច​ជំនួប​មេដឹកនាំ​ណា​តូ​នៅ​បែលហ្ស៊ិក ជាទី​ដែល​លោក​ទាមទារ​ឲ្យ​សមាជិក​ទាំងអស់​បង្កើន​ការចំណាយ​ឲ្យ​បាន​៤​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ។ ៤​ថ្ងៃ​នៅ​ទឹកដី​អង់គ្លេស លោក ត្រាំ អាច​ត្រូវ​ឈឺក្បាល​ខ្លាំង​បន្តិច​ហើយ​។​

​ប្រជាជន​អង់គ្លេស​ជាច្រើន​មិន​ពេញចិត្ត​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​អាមេរិក​រូបនេះ​ឡើយ ព្រោះ​លោក​ធ្លាប់​ទាស់សម្ដី​ច្រើន​ជាមួយ​មេដឹកនាំ​អង់គ្លេស រហូត​មានការ​ស្នើ​ឲ្យ​លុបចោល​ទស្សនកិច្ច​នេះ​នៅ​ឆ្នាំ​២០១៧ ផង​។ យ៉ាងណាមិញ រដ្ឋាភិបាល​ក្រុង​ឡុង​ដ៏​នៅតែ​បន្ត​ផែនការ​ស្វាគមន៍​លោក ត្រាំ ប៉ុន្តែ​បាន​ទម្លាក់​កម្រិត​ទស្សនកិច្ច​នេះ​ពី​ទស្សនកិច្ច​ផ្លូវរដ្ឋ​មក​ត្រឹម​ទស្សនកិច្ច​ការងារ​វិញ​។ បាតុកម្ម​ជាច្រើន​ត្រូវគេ​រំពឹងថា នឹង​រៀបចំឡើង​ដើម្បី​ស្វាគមន៍​លោក ត្រាំ ។​

​ទស្សនកិច្ច​របស់លោក ត្រាំ លើក​នេះ ត្រូវបាន​អ្នកខ្លះ​ចាត់ទុកជា​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស់​បំផុត​របស់​ប្រធានាធិបតី​អាមេរិក​នៅ​ទឹកដី​អង់គ្លេស​។ យោងតាម​សារព័ត៌មាន BBC លោក ត្រាំ នឹង​ជួបចរចា​ជាមួយ​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ នៅ​ថ្ងៃទី​១៣ មុននឹង​ចូលគាល់​មហាក្សត្រី​យា​នី Elizabeth II ។ នៅ​ថ្ងៃ​ដដែល មេដឹកនាំ​អាមេរិក​នឹង​ហោះ​ទៅកាន់​ស្កុ​តឡែ​ន​ដែលជា​ដំណើរ​កំសាន្ត​លក្ខណៈ​ឯកជន រួច​ទើប​ហោះ​ទៅ​ហ្វាំ​ង​ឡង់​ដើម្បី​ជួប​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃ​បន្ទាប់​។​

​មុន​ការ​ទៅដល់​របស់លោក ត្រាំ លោកស្រី​នាយករដ្ឋមន្ត្រី ម៉េ​យ៍ ដែល​កំពុង​ក្រពុលមុខ​នឹង​ការចាកចេញ​របស់​មន្ត្រី​បី​រូប​ព្រោះ​មិន​ពេញចិត្ត​នយោបាយ​លោកស្រី បានបង្ហាញ​ជំហរ​វិជ្ជមាន​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​។ លោកស្រី​និយាយថា គ្មាន​សម្ព័ន្ធភាព​ណា​រឹងមាំ​ជាង​ទំនាក់ទំនង​ពិសេស​រវាង​អង់គ្លេស និង​អាមេរិក​ឡើយ ហើយក៏​គ្មាន​សម្ព័ន្ធភាព​ណា​ដើរតួ​សំខាន់​ជាង​នេះដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​ដែរ​។​

​សូម​រំឭក​បន្តិច​ថា នៅមុន​ដំណើរ​ទស្សនកិច្ច​នេះ លោក ត្រាំ បាន​និយាយ​ដៀមដាម​ផ្លែផ្កា​ឲ្យ​អង់គ្លេស​ជុំវិញ​ការលាលែង​មន្ត្រីជាន់ខ្ពស់​។ ការលាលែង​នេះ​កើតចេញពី​ការកើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​ជំហរ​របស់​លោកស្រី ម៉េ​យ៍ ក្នុង​ការចរចា​ចាកចេញ​ជាមួយ​សហភាព​អឺរ៉ុប ដែល​រង​ការ​រិះគន់ថា ទន់ភ្លន់​ពេក​។ ដោយ​ចង់​សំដៅ​ករណីនេះ ប្រធានាធិបតី​អាមេរិក​និយាយថា បញ្ហា​ជាច្រើន​កំពុង​កើតឡើង​នៅក្នុង​ចក្រភព​អង់គ្លេស​៕


Tag:
 អាមេរិក​
  អង់គ្លេស​
  អឺរ៉ុប​
  NATO
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 66783 [1] => 10 [2] => ក្រោយ​អាប់អួរ​ជាមួយ​ណា​តូ លោក ត្រាំ ទៅ​អង់គ្លេស​ដែល​កំពុង​រញ៉េរញ៉ៃ​ព្រោះ​រឿង​ចេញពី​សហភាព​អឺរ៉ុប​ [3] => content [4] => [5] => អាមេរិក​, អង់គ្លេស​, អឺរ៉ុប​, NATO, ដូ​ណា​ល់ ត្រាំ [6] => 70 [7] => 0 [8] => )