អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង ចាត់ទុក​មហាអំណាច​អាស៊ី​ខាងត្បូង​ឥណ្ឌា​ជា «​ចិន​ទី​ពីរ​»
12, Jul 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​ទើប​បញ្ចប់​ទស្សនកិច្ចរ​បស់​ខ្លួន​នៅ​ប្រទេស​ឥណ្ឌា​ដែល​ទស្សនកិច្ច​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាពិសេស​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ មេដឹកនាំ​កូរ៉េខាងត្បូង​នេះ​ចាត់ទុក​មហាអំណាច​អាស៊ី​ខាងត្បូង​ឥណ្ឌា​ជាទី​ផ្សារ​ធំ​ប្រៀបដូចជា​«​ចិន​ទី​ពីរ​»​ដែរ​។



​លោក មូ​ន ចេ​អ៊ី​ន ចាប់ផ្តើម​ទស្សនកិច្ច​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ទី ៩ ខែកក្កដា ហើយ​បានបញ្ចប់​ទស្សនកិច្ច​នេះ​នៅ​ថ្ងៃ​អង្គារ និង​បន្តដំណើរ​មកកាន់​សិង្ហ​បុរី​ទៀត​។ ពេល​ស្ថិតនៅ​ឥណ្ឌា លោក មូ​ន បាន​ឯកភាព​ជាមួយ​នាយករ​ដ្ឋ​មន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន​ដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ កិច្ចព្រមព្រៀងទ្វេភាគី​ចំនួន ១១ ត្រូវបាន​ភាគី​ទាំង​ចុះ​រួមគ្នា​ហើយ​ចំណង​ពាណិជ្ជកម្ម​ជា​ចំណុច​ស្នូល​ព្រោះ​មេដឹកនាំ​ប្រទេស​ទាំង​ប្តេជ្ញា​ថា ពាណិជ្ជកម្ម​ទ្វេភាគី​ត្រូវ​កើន​ដល់ ៥០​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០៣០​។​

 អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ នា​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក ម៉ូ​ឌី លោក មូ​ន ហៅ​មហា​យក្ស​ឥណ្ឌា​ដែលមាន​ប្រជាជន​ជាង ១,៣ ពាន់​លាន​នាក់​ថា​ជា​ប្រទេស​ចិន​ទី​ពីរ​សម្រាប់​កូរ៉េខាងត្បូង​។ ជា​ចិន​ទី​ពីរ លោក មូ​ន សំដៅលើ​ទីផ្សារ​ធំ​ដែល​ឥណ្ឌា​មាន​នាពេល​បច្ចុប្បន្ន ហើយ​វា​ជា​ឱកាស​ពិសេស​សម្រាប់​កូរ៉េខាងត្បូង​ដូចគ្នា​។​

​ចំណែក​លោក ម៉ូ​ឌី វិញ​ក៏បាន​ឆ្លៀតឱកាស​កោតសរសើរ​លោក មូ​ន បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្ចុងផ្តើម​បង្កើត​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​កន្លងមក​ដូចជា​ការចាប់ផ្តើម​ជំនួប​អន្តរ​កូរ៉េ​លើក​ទី​បី​ដែល​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មានការ​ចរចា​ជាមួយ​កូរ៉េខាងជើង​ជា​បន្តបន្ទាប់​នោះ​។ 

​ទាក់ទិន​នឹង​ទំនាក់ទំនង​ទ្វេភាគី​នេះដែរ លោក ម៉ូ​ឌី និង​លោក មូ​ន បាន​សន្យា​ធ្វើយ៉ាងណា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​មាន​ការពារជាតិ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ទាំងពីរ​ក៏​នឹង​ជំរុញ​ការ​ចាប់ដៃគ្នា​ដោះស្រាយ​បញ្ហា​ពិភពលោក​ជាពិសេស​ភេរវកម្ម និង​ជម្លោះដែនសមុទ្រ​ជាដើម​។

​អ្វីដែល​សំខាន់ លោក​ទាំងពីរ​បានបង្ហាញ​ឆន្ទៈ​ពេញលេញ​ក្នុងការ​សហការគ្នា​ទប់​ស្កាត់​ការរីក​សាយ​ភាព​នៃ​អាវុធ​ប្រល័យ​លោក​ដោយ​ផ្តោត​សំខាន់​លើ​ការទប់ស្កាត់​លទ្ធភាព​នៃ​ការផ្ទេរ​អាវុធ​ទាំងនោះ​ដល់​ភេរវជន និង​បណ្តា​តួអង្គ​ទាំងអស់​ដែល​មិនមែនជា​រដ្ឋ​នោះ​។

​តាមពិតទៅ ឥណ្ឌា និង​កូរ៉េខាងត្បូង​បង្កើត​ចំណង​ការទូត​ជាមួយគ្នា​នៅ​ឆ្នាំ ១៩៧៣ ហើយ​ឆ្នាំ ២០១៥ ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀង​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​កម្រិត​ពិសេស​ជាមួយគ្នា​ថែមទៀត​។ ទំនាក់ទំនង​នេះ​កាន់តែ​រីក​ធំធាត់​ឡើងជា​ពិសេស​ក្នុង​អាណត្តិ​លោក មូ​ន​នេះ​តែម្តង ស្រប​ពេលដែល​ចំណងមិត្តភាព​រវាង​កូរ៉េខាងត្បូង ជាមួយ​ចិន​ដែលជា​មិត្ត​ជិតខាង​ល្អក់កករ​។ ល្អក់កករ​នោះ​ដោយសារតែ​ការដំឡើង​ខែល​កា​ពារ​មី​ស៊ី​ល THAAD របស់​អាមេរិក​លើទឹក​ដី​កូរ៉េខាងត្បូង​ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​នោះ​។

​គេ​មើលឃើញថា កូរ៉េខាងត្បូង​ក្រោម​ការដឹកនាំ​របស់លោក មូ​ន ចេ​អ៊ី​ន បានចាត់ទុក​ការ​ចែចូវ​បណ្តា​រដ្ឋ​អាស៊ី ជាពិសេស​ឥណ្ឌា និង​រដ្ឋ​អាស៊ាន​ជា​ដៃគូ​សំខាន់ និង​អាទិភាព​សម្រាប់​ខ្លួន​។ ដើម្បី​សម្រេច​គោលដៅ​នេះ លោក មូ​ន​បានដាក់​ចេញ​«​គោលនយោបាយ​ភាគខាងត្បូង​ថ្មី​» ដែល​វា​ជា​ផ្នែក​មួយ​នយោបាយ​ការបរទេស​របស់​រដ្ឋ​បាល​លោក​ផងដែរ​។ គោលនយោបាយ​នេះ​ហាក់​កំពុងតែ​ចេញ​ផ្លែផ្កា​ច្រើន​ដែរ​ក្នុង​ពេលនេះ​៕



Tag:
 ឥណ្ឌា​
  កូរ៉េខាងត្បូង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com